អ្នកឧកញ៉ា គិត ម៉េង៖ កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប មានសារៈសំខាន់ជាងពេលណាៗទាំងអស់

ជុំវិញ​ឧកញ៉ា
160 Shares

ថ្លែងក្នុងវេទិកាបើកសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ (AEEBF1) នៅព្រឹកថ្ងៃពុធ ទី២៤ ម្សិលមិញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ី-អឺរ៉ុប (ASEM) គឺមានសារៈសំខាន់ខ្លាំងជាងពេលណាៗទាំងអស់ ខណៈដែលតំបន់ទាំងពីរមានទំនាក់ទំនងទៅវិញទៅមកតាំងពីឆ្នាំ ១៩៩៦។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បានពង្រីកសមាជិកភាព និងវិសាលភាពនៃកិច្ចប្រជុំគ្រប់កម្រិត ដើម្បីសម្រេចបាននៅតុល្យភាពផ្នែកនយោបាយ សេដ្ឋកិច្ច និងសណ្តាប់ធ្នាប់ពិភពលោក។

អ្នកឧកញ៉ា គិត ម៉េង ថ្លែងថា ប្រធានបទដែលបានពិភាក្សាគឺទាក់ទងទៅនឹងបញ្ហាប្រឈម និងឱកាសក្នុងការប្រើប្រាស់អានុភារូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពាណិជ្ជកម្ម ការវិនិយោគ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូចជាគន្លឹះនៃនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលអនាគត។ វាគឺជាគោលដៅរួមរបស់យើងឆ្ពោះទៅរកការសម្រេចបាននូវការរីកចម្រើន និងវិបុលភាពរួមគ្នាក្នុងតំបន់ និងពិភពលោក។

អ្នកឧកញ៉ាបានគូសបញ្ជាក់ថា ប្រទេសជាសមាជិកអាស៊ាន មានតួនាទីយ៉ាងសំខាន់ក្នុងអភិបាលកិច្ចសកលដែលមាន ៦៥% នៃសេដ្ឋកិច្ចសកល ៥៥% នៃពាណិជ្ជកម្មសកល ហើយនឹង ៧៥% នៃទេសចរណ៍សកលផងដែរ។ សហគមន៍អន្តរជាតិ គឺយកចិត្តទុកដាក់ជិតស្និទ្ធទៅនឹងកិច្ចសហប្រតិបត្តិការនេះ រួមទាំងបរិយាប័ន្ន និងសកម្មភាពផ្សេងទៀត ដើម្បីអាចប្រែក្លាយទៅជាទីផ្សារដ៏រស់រវើកក្នុងការជំរុញដល់សេដ្ឋកិច្ចសកល ក៏ដូចជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាពនៅក្រោយយុគសម័យកូវីដ-១៩។

ឆ្នាំនេះគឺជាខួបលើកទី២៥ នៃការបង្កើតកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប(ASEM)។ សមិទ្ធផលគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងអំឡុងពេលនេះ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាកាន់តែជិតស្និទ្ធ និងផ្សារភ្ជាប់គ្នាទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការរវាងប្រទេសនានាគឺកាន់តែមានភាពជិតស្និទ្ធនិងប្រទាក់ក្រឡាគ្នាកាន់តែខ្លាំងឡើង។

បើតាមប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រទេសកម្ពុជា សូមស្វាគមន៍វត្តមានរបស់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់មកកាន់វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ក៏ដូចជាសូមបង្ហាញពីការអភិវឌ្ឍ និងភាពទាក់ទាញក្នុងការធ្វើជាដៃគូសេដ្ឋកិច្ច និងគោលដៅវិនិយោគលើឆាកអន្តរជាតិនេះផងដែរ៕

អ្នកឧកញ៉ា គិត ម៉េង៖ កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប មានសារៈសំខាន់ជាងពេលណាៗទាំងអស់
160 Shares