កម្ពុជា-អាស៊ែបៃហ្សង់ ប្តេជ្ញាពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក

សង្គម​និង​សេដ្ឋកិច្ច

ទោះបីជាប្រទេសកម្ពុជា និងអាស៊ែបៃហ្សង់ មានទីតាំងភូមិសាស្រ្តនៅឆ្ងាយពីគ្នាក្តី តែថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នា ខណៈដែលប្រទេសទាំងពីរបានតភ្ជាប់គ្នាតាមរយៈពាណិជ្ជកម្ម ប្រជាជន និងប្រជាជន និងតាមរយៈអង្គការតំបន់ និងអន្តរជាតិជាច្រើន។ នេះបើតាមការលើកឡើងរបស់លោក មាស គឹមហេង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងជំនួបជាមួយលោក Ilham Aliyev ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅថ្ងៃទី២៣ ខែវិឆ្ឆិកា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក មាស គឹមហេង បានសម្តែងនូវការអបអរសារទរចំពោះជោគជ័យនៃនយោបាយ និងសេដ្ឋកិច្ច-សង្គមរបស់ប្រទេសអាស៊ែបៃហ្សង់ និងបានសម្តែងនូវជំនឿទុកចិត្តថា ការអនុវត្តគោលនយោបាយអាស៊ែបៃហ្សង់ឆ្នាំ២០៣០ ស្តីពីអាទិភាពជាតិនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នឹងនាំមកនូវសន្តិភាព ការរីកចម្រើន និងវិបុលភាពបន្ថែមទៀតសម្រាប់រយៈពេលវែងរបស់អាស៊ែបៃហ្សង់។

ជាមួយគ្នានេះ លោកក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ និងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់កាន់តែរីកចម្រើនថែមទៀត។

គួររម្លឹកថា សាធារណរដ្ឋអាស៊ែបៃសង់ គឺជាប្រទេសមួយស្ថិតនៅចំកណ្តាលរវាងតំបន់អឺរ៉ុបខាងកើតនិងតំបនអាស៊ីខាងលិច។ ប្រទេសនេះមានព្រំប្រទល់ជាប់និងសមុទ្រកាសព្យែននៅទិសខាងកើត ប្រទេសរុស្ស៊ីនៅទិសខាងជើង ចចជីនៅទិសពាយព្យ ប្រទេសអាមេនីនិងតួកគីនៅទិសខាងលិច និងប្រទេសអ៊ីរ៉ង់នៅទិសខាងត្បូង៕