កម្ពុជា ជាម្ចាស់ផ្ទះដឹកនាំបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលនឹងត្រូវធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា តាមរយៈប្រព័ន្ធវីដេអូ ពីវិមានសនិ្តភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិការអន្តររដ្ឋាភិបាលមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបតិ្តការរវាងអាស៊ី និងអឺរ៉ុប។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ត្រូវបានចាត់ទុកជាវេទិកាក្រៅផ្លូវការតែមួយគត់សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូជំរុញឱ្យមានសន្តិភាព និងសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

កិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ មានវិសាលភាពគ្របដណ្តប់លើទិដ្ឋភាពនយោបាយ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងទិដ្ឋភាពវប្បធម៌-សង្គម ហើយយន្តការនេះក៏ជាវេទិកាដ៏ល្អប្រសើរសម្រាប់ថ្នាក់ដឹកនាំដោះស្រាយបញ្ហាប្រឈមសកលនានាផងដែរ។

ចាប់តាំងពីកិច្ចប្រជុំកំពូលលើកដំបូងនៅខែមីនា ឆ្នាំ១៩៩៦ នៅទីក្រុងបាងកក ដែលមានរដ្ឋស្ថាបនិកត្រឹមតែ២៦ វេទិកានេះ បានពង្រីកសមាជិកភាពរបស់ខ្លួនដល់ទៅ ៥៣ប្រទេស និងដៃគូ រួមមាន៖ មាន៣០ ជាប្រទេសអឺរ៉ុប និង២១ ជាប្រទេសអាស៊ី រួមជាមួយនឹងសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន។ បូកបញ្ចូលគ្នាទៅវេទិកា ASEM នេះ បានតំណាងឱ្យប្រមាណ៦៥ភាគរយនៃសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយនៃប្រជាជន, ៥៥ភាគរយ នៃពាណិជ្ជកម្ម និង ៧៥ភាគរយ នៃទេសចរណ៍ពិភពលោក។

ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ASEM បានធ្វើឱ្យមានការផ្លាស់ប្តូរជាលក្ខណៈស្ថាប័នដ៏គួរឱ្យកត់សម្គាល់ និងបានចូលរួមដោះស្រាយបញ្ហាស្មុគស្មាញនានានៅក្នុងតំបន់ និងសកល ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទេសនៃទ្វីបទាំងពីរ។
កម្ពុជាបានចូលរួមក្នុងយន្តការនេះចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី៥ នាឆ្នាំ២០០៤ នៅប្រទេសវៀតណាម។

សម្រាប់កិច្ចប្រជុំកំពូលលើកទី១៣ នៅរសៀលថ្ងៃនេះ គឺជាលើកដំបូងហើយសម្រាប់កម្ពុជា ដែលទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតអន្តរជាតិមួយនេះ។ ដើមឡើយកិច្ចប្រជុំកំពូលនេះ គ្រោងធ្វើឡើងនៅឆ្នាំ២០២០ ហើយមេដឹកនាំប្រទេសអាស៊ី-អឺរ៉ុប ក៏គ្រោងមកចូលរួមកិច្ចប្រជុំដោយផ្ទាល់នៅកម្ពុជាផងដែរ។ តែដោយសារការរាតត្បាតនៃមេរោគកូវីដ១៩ កិច្ចប្រជុំត្រូវបានពន្យារពេលមកដល់ឆ្នាំ២០២១ ហើយត្រូវបានជំនួសដោយការប្រជុំតាមប្រព័ន្ធវីដេអូវិញ។

ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM13 ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការជំរុញពហុភាគីនិយមក៏ដូចជាការចូលរួមយ៉ាងសកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួននៅក្នុងសហគមន៍ អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈម ជាសកលនាពេលបច្ចុប្បន្ន និងកំពុងលេចឡើងថ្មីៗនេះ។

ការទទួលភារកិច្ចជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ហើយក៏ជាមោទនភាពសម្រាប់ជាតិកម្ពុជាផងដែរ។ តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតអន្តរជាតិមួយនេះ ជាឱកាសកម្ពុជាបង្ហាញនូវកេត្យានុភាព កិត្តិស័ព្ទ និងសមត្ថភាពរបស់ខ្លួនថា ប្រទេសដែលធ្លាប់តែញ៉ាំញី និងខ្ទេចខ្ទាំដោយវិបត្តិភ្លើងសង្គ្រាមពីអតីតកាលមួយនេះ បាននឹងកំពុងដើរតួនាទី ចូលរួមចំណែកយ៉ាងសំខាន់ដើម្បីដោះស្រាយបញ្ហាទាំងឡាយរបស់ពិភពលោក ហើយក៏បង្ហាញឱ្យឃើញពីការឈរដោយស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាលើពិភពលោកផងដែរ៕