ស្ដេចត្រាញ់​បច្ចេកវិទ្យា​តៃវ៉ាន់ ប្រកាស​រក​ដៃគូ​សហការ​ផលិត​បន្ទះឈីប​នៅអឺរ៉ុប

អន្តរជាតិ
68 Shares

ក្រុមហ៊ុន​យក្ស​មួយ​របស់​តៃវ៉ាន់​បាន​ប្រកាស​ស្វែងរក​ដៃគូ​សហការ​ជាមួយ​ប្រទេស​នៅ​តំបន់​អឺរ៉ុប សម្រាប់​ការ​ផលិត​បន្ទះឈីប។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​រដ្ឋាភិបាល​​ម្នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

​ស្ដេចត្រាញ់​បច្ចេកវិទ្យា​តៃវ៉ាន់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តំបន់​មូលដ្ឋាន​របស់​ក្រុមហ៊ុន​ផលិត​បន្ទះឈីប​ខ្នាត​យក្ស Taiwan Semiconductor Manufacturing Co Ltd ហៅកាត់ TSMC បាន​ក្លាយជា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បន្ទះឈីប ដែល​បច្ចុប្បន្ន​កំពុង​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ការ​ផលិត​យានយន្ត​ទូទាំង​ពិភពលោក ជាពិសេស​គឺ​រថយន្ត​អគ្គិសនី។

ស្របពេល​ដែល TSMC កំពុង​សាងសង់​រោងចក្រ​ផលិត​បន្ទះ​ឈីប​ថ្មី​នៅ​អាមេរិក​តម្លៃ ១២ ពាន់​លាន​ដុល្លារ នៅ​ឯ​រដ្ឋ Arizona ពួកគេ​ធ្លាប់​បដិសេធ​មិន​ព្រម​ពិចារណា​សាងសង់​រោងចក្រ​នៅ​តំបន់​អឺរ៉ុប​ផ្សេងឡើយ បើ​ទោះជា​សហគមន៍​អឺរ៉ុប​ខិតខំ​បណ្ដាក់ទុន​បែបណា​ក្ដី។

ដោយឡែក​បើ​តាម​សម្ដី​របស់​លោក Kung Ming-hsin ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ជាតិ​របស់​តៃវ៉ាន់​ បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​សារព័ត៌មាន​ថា លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មួយ​ចំនួន​ដូចជា ស្លូវ៉ាគី សាធារណរដ្ឋឆេក និង​លីទុយអានី​កាល​ពី​ខែ​មុន ខណៈ​ប្រទេស​ទាំង ៣ សុទ្ធ​តែ​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​វិនិយោគ​លើ​ការ​ផលិត​បន្ទះ​ឈីប​នៅ​កោះ​មួយ​នេះ។

ទន្ទឹម​នឹង​នោះ តៃវ៉ាន់​បាន​បង្ហើប​ឲ្យ​ដឹងថា នឹង​រៀបចំ​អ្នកជំនាញ​មួយ​ក្រុម​ជួប​ជជែក​ជាមួយ​តំណាង​នៃ​ប្រទេស​ទាំង ៣ សម្រាប់​ការ​សហការ​លើ​ការ​ផលិត​បន្ទះ​ឈីប ដោយ​រដ្ឋាភិបាល​តៃវ៉ាន់​ធានា​រ៉ាប់រង​ផ្ដល់​ជូន​អាហារូបករណ៍​សម្រាប់​ហ្វឹកហ្វឺន​ផ្នែក​បច្ចេកទេស​ផង​ដែរ។

រំលឹក​ដែរ​ថា កន្លង​មក​ស្លូវ៉ាគី សាធារណរដ្ឋឆេក និង​លីទុយអានី​ធ្លាប់​បាន​ជួយ​ដល់​កោះ​តៃវ៉ាន់​ជាច្រើន​លើក​ច្រើនសា ជាក់ស្ដែង​ដូចជា​បរិច្ចាគ​វ៉ាក់សាំង​កូវីដ ១៩ និង​ជួយ​សម្រាល​បន្ទុក​នយោបាយ​ក្រោម​ការ​គាបសង្កត់​ពី​ប្រទេសចិន​ជាដើម៕

ប្រភព: CNA

ស្ដេចត្រាញ់​បច្ចេកវិទ្យា​តៃវ៉ាន់ ប្រកាស​រក​ដៃគូ​សហការ​ផលិត​បន្ទះឈីប​នៅអឺរ៉ុប
68 Shares