ពិតទេ? កីឡដ្ឋាន​បាល់ទាត់​ធំ​បំផុត​របស់​ក្រុមហ៊ុន Evergrande ​ធ្លាក់ក្នុង​ដៃ​រដ្ឋាភិបាល?

អន្តរជាតិ
110 Shares

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​រួចមកហើយ​ថា ក្រុមហ៊ុន​យក្ស China Evergrande របស់​ចិន​បច្ចុប្បន្ន​កំពុង​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ ក្រោយ​ពេល​រដ្ឋាភិបាល​ចិន​ប្រកាស​រឹត​បន្តឹង​ច្បាប់ថ្មី​ទាក់ទង​នឹង​ការ​ជួញដូរ​អចលនទ្រព្យ​ក្នុង​ប្រទេស។

តាំងពី​ប្រកាស​ច្បាប់​រឹត​បន្តឹង​មក Evergrande ហាក់​កំពុង​ជួប​រឿង​ស្មុគស្មាញ​ជាច្រើន ជាពិសេស​ជាមួយ​បំណុល​ច្រើនជាង ៣០០ ពាន់​លាន​ដុល្លារ​អាមេរិក​តែ​ម្ដង រហូត​ដល់​ថ្នាក់​មាន​គម្រោង​ចង់​លក់​ក្លឹប​បាល់ទាត់ Guangzhou Football Club ទៀត​ផង។

ដោយឡែក បើ​តាម​របាយការណ៍​ចុងក្រោយ​ដែល​ទទួល​បាន​គឺ គម្រោង​សាងសង់​កីឡដ្ឋាន​ធំ​បំផុត​លើ​លោក គិត​ទៅ​លើ​ការ​ផ្ទុក​មនុស្ស​របស់​ Evergrande គឺ​បាន​ធ្លាក់​ទៅ​ក្នុងដៃ​របស់​រដ្ឋាភិបាល ហើយ​ក៏​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ចង់​លក់​គម្រោង​នោះ​ទៅ​កាន់​ភាគី​ផ្សេង​ទៀត។

គម្រោង​សាងសង់​ដែល​មាន​ឈ្មោះ​ថា​ Guangzhou Evergrande Football Stadium គឺ​បាន​ចាប់ផ្ដើម​សាងសង់​កាលពី​ខែមេសា​ឆ្នាំទៅ នឹង​មាន​គម្រោង​បញ្ចប់​នៅ​ចុងឆ្នាំ ២០២២ ដែល​វា​ត្រូវបាន​គេ​ចាត់​ទុក​ជា​កីឡដ្ឋាន​បាល់ទាត់​ធំ​បំផុត​លើ​លោក ដែល​​មាន​តម្លៃ ១២ ពាន់​លាន​យ័ន ឬ​ជិត ២ ពាន់​លាន​ដុល្លារ។

យ៉ាងណា គ្រោងការណ៍​មួយ​នេះ​ត្រូវបាន​ផ្អាក​ភ្លាមៗ បន្ទាប់ពី Evergrande ជួប​ប្រទះ​បញ្ហា​ហិរញ្ញ​វត្ថុ រហូត​ដល់​ថ្នាក់លើ​នៃ​ក្រុមហ៊ុន​ពិចារណា​លក់​គម្រោង​នេះ​ តែ​មិនទាន់​ទទួល​បាន​សំណើ​ពី​ភាគី​ណា​នៅ​ឡើយ ស្របពេល​ប្រភព​ជិតស្និទ្ធ​មួយ​បង្ហើប​ថា គម្រោង​ Evergrande មួយ​នេះ​គឺ​ផ្អាក​អស់​រយៈពេល​ជិត​ ៣ ខែ​មក​ហើយ។

យ៉ាងណា​ ពាក្យ​ចចាមអារ៉ាម​មួយ​នេ​ត្រូវបាន​ច្រានចោល​ទាំងស្រុង​ពី​សំណាក់​ភាគី​ក្រុមហ៊ុន Evergrande​ ដោយ​កាលពី​ខែកញ្ញា​កន្លង​ទៅ​ពួកគេ​បាន​អះអាង​ថា ដំណើរការ​សាងសង់​នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ដដែល ស្របពេល​អាជ្ញាធរ​ប្រចាំ​ទីក្រុង Hangzhou ក៏​មិន​បាន​ចេញ​មុខ​បកស្រាយ​អំពី​រឿង​នេះ​ដូចគ្នា៕

ប្រភព: Kelo

ពិតទេ? កីឡដ្ឋាន​បាល់ទាត់​ធំ​បំផុត​របស់​ក្រុមហ៊ុន Evergrande ​ធ្លាក់ក្នុង​ដៃ​រដ្ឋាភិបាល?
110 Shares