អ្នកឧកញ៉ា គិត ម៉េង ជួបពិភាក្សាជាមួយមេគយ ដើម្បីរកដំណោះស្រាយនូវរាល់បញ្ហានានា សម្រាប់វិស័យឯកជន

ជុំវិញ​ឧកញ៉ា

ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជន គឺ ជាវេទិកាសន្ទនាក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់ស្វែងរកដំណោះស្រាយនូវរាល់បញ្ហា នានាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងយោគយល់គ្នាទៅវិញទៅមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា គិត ម៉េង ថ្លែងដូច្នេះនៅក្នុងចំកិច្ចប្រជុំលើកទី៨ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ជាមួយនឹងលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃអង្គារ​ ទី៣០ វិច្ឆិកានេះ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យនិងដោះស្រាយនូវសំណូមពរ និងបញ្ហានានា ដែលបានលើកឡើងរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ សំដៅធានាបាននូវការអនុវត្តគោលនយោបាយសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់អនុលោមភាពការអនុវត្តច្បាប់។

ទាក់ងទងនឹងប្រធានបទនេះដែរ លោក គុណ ញឹម បានលើកឡើងពីសារៈសំខាន់ និងសមិទ្ធផលដ៏ល្អប្រសើរជាបន្តបន្ទាប់នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន សម្រាប់ផ្នែកឯកជនអាចស្វែងរកដំណោះស្រាយចំពោះបញ្ហានិងសំណូមពរនានាពាក់ព័ន្ធនីតិវិធីគយ សំដៅលើកកម្ពស់បន្ថែមទៀតនូវ កិច្ចសម្រួលពាណិជ្ជកម្ម និងអនុលោមភាពច្បាប់ ពិសេសក្នុងបរិបទនៃការងើបឡើងវិញនូវ សកម្មភាពពាណិជ្ជកម្មអន្តរជាតិក្រោយវិបត្តិកូវីដ-១៩។

ជាលទ្ធផលនៃកិច្ចពិភាក្សា ផ្នែកឯកជនបានទទួលយកនូវដំណោះស្រាយដែលលើកឡើងដោយអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដោយភាគីទាំងពីរបានប្តេជ្ញាថានឹងអនុវត្តតាមវិធានការដំណោះស្រាយប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួន។ បន្ថែមលើនេះ ក៏បានលើកទឹកចិត្តឱ្យ ក្រុមការងារជំនាញនីមួយៗបន្តពិនិត្យលើកឡើងនិងពិភាក្សាដោះស្រាយ បញ្ហាដែលនឹងកើតឡើងជាយថាហេតុនាពេលខាងមុខ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពផងដែរ៕