សម្តេច ហ៊ុន សែន គាំទ្រឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អះអាងថា សម្តេចគាំទ្រឲ្យកូនប្រុសច្បងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ធ្វើជានាយករដ្ឋមន្រ្តី។ សម្តេចបានអះអាងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០២ ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃអនាគតក្រោយសម្តេច គឺលោក ហ៊ុន ម៉ាណែត ម្នាក់ជាបេក្ខមួយក្នុងចំណោមបេក្ខភាពជានាយករដ្ឋមន្រ្តី ដោយគាំទ្រពីសម្តេចផ្ទាល់តែម្តង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានប្រជាជនចាត់ថា ជាអ្នកមានការសិក្សាអប់រំខ្ពង់ខ្ពស់មកពីបរទេស និងសមត្ថភាពដឹកនាំដ៏មានទេពកោសល្យម្នាក់។ ថ្មីនេះលោកសម្របសម្រួលដឹកនាំកងទ័ព និងបានចូលរួមយ៉ាងសស្រាក់ស្រស្រាមមិនខ្លាចនឿយហត់ដើម្បប្រយុទ្ធទប់ទល់ក្នុងសមរភូមិជាមួយសត្រូវឥតស្រមោល ជំងឺរាតត្បាតជាសកលកូវីដ១៩ ដែលកំពុងរីករាលដាលចូលក្នុងសហគមន៍។

នៅពីក្រោយភាពអង់អាចក្លាហាន និងមានឈាមជ័រជាកូនដឹកនាំស្ថាបនិក និងជាអ្នកស្វែងរកមាគ៌ាសន្តិភាពជូនប្រជាជន ដើម្បីរស់នៅក្នុងសេចក្តីថ្លៃថ្នូរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទម្រាំអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ លោកត្រូវខំជំនះគ្រប់ឧបសគ្គ។ តើអ្នកលោកមានប្រវត្តិការសិក្សានៅទីណា មុនក្លាយជាមេដឹកនាំដ៍ឆ្នើមមួយរូបរបស់ប្រទេសជាតិ?

នៅឆ្នាំ ១៩៨០-១៩៩០ លោកបានសិក្សានៅបឋមសិក្សា និងមធ្យមសិក្សាកុមារី ដែលបច្ចុប្បន្នដូរមកជាសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ។ ឆ្នាំ ១៩៩០-១៩៩៣ បានបន្តការសិក្សានៅវិទ្យាល័យភ្នំដូនពេញ ដែលបច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ ជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យា។

ក្នុងឆ្នាំ ១៩៩៥-១៩៩៩ បានទៅសិក្សានៅសាលាបណ្ឌិតយោធានៅទីក្រុង West Point របស់អាមេរិកដោយទទួលបានសញ្ញាបត្រ នៅថ្ងៃទី ២៩-ឧសភា-១៩៩៩។ ហើយកាលនោះ មានតែលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាជនជាតិកម្ពុជាដំបូងគេ បានចូលរៀននៅសាលា West Point។ នៅឆ្នាំ១៩៩៥ ពេលលោកបណ្ឌិត ចេញទៅរៀននៅសហរដ្ឋអាមេរិក ខណៈលោកបានចូលបម្រើការងារកងទ័ពរួចទៅហើយ នៅក្នុងកងយោធពលខេមរៈភូមិន្ទ។

ឆ្នាំ ២០០២ លោកបានទទួលបានសញ្ញាបត្រ ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ New York របស់សហរដ្ឋអាមេរិក និងនៅឆ្នាំ ២០០៨ ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

ក្រោយពីបញ្ចប់ការសិក្សានៅបរទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចំណេះដឹងដែលចេះពីការសិក្សាយកមកអនុវត្តនៅកម្ពុជា។ លោកធ្លាប់បានលើកឡើងថា ” ទ្រឹស្តី និងជំនាញ ជាមូលដ្ឋាននៃការគ្រប់គ្រង និងដឹកនាំយោធាមួយចំនួន ប៉ុន្តែការងារជាក់ស្តែងគឺសំខាន់ដោយវាបានបង្រៀនយើងក្នុងការអនុវត្តការងារ ” ។

សូមជម្រាបជូនថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបំពេញកិច្ចការងារជាច្រើនដើម្បីលើកស្ទួយសង្គម ការពារជាតិ មាតុភូមិកម្ពុជានៅលើឆាកអន្តរជាតិ។ ពេលបច្ចុប្បន្នលោកបាននឹងកំពុងដឹកនាំក្រុមគ្រូទ្រព្យស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩ ជាមួយឧត្តមភរិយា គឺលោកជំទាវ ពេជ្រ ច័ន្ទមុនី ដោយទទួលបានការគាំទ្រកោតរសើរពីមហាជនមិនដាច់ពីមាត់ ក្នុងបេសកកម្មដ៏ធំ នឹងធ្ងន់ធ្ងរមួយនេះ៕