លោក ប៊ុន ផាក៖ «​ខ្ញុំជឿថា ខ្ញុំអាចធ្វើបាន ទោះប្រើពេលយូរយ៉ាងណាក៏ដោយ»

សង្គម​និង​សេដ្ឋកិច្ច

លោក ប៊ុន ផាក កើតនៅរាជធានីភ្នំពេញ ដែលមានបងប្អូនចំនួនពីរនាក់។ លោកធ្លាប់បានសិក្សាមុខជំនាញវិស្វកម្មយន្តហោះពីប្រទេសចិន អស់រយៈពេល ៥ឆ្នាំ  លោកជា​ស្ថាបនិក និង​ជា CEO ក្រុម​ហ៊ុន CAMAZOON ដែល​ជា​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ទំនិញ​គ្រប់​មុខ​ពី​រោង​ចក្រ​នៅ​ប្រទេស​ចិន មក​ផ្គត់​ផ្គងឲ្យ​អ្នក​លក់​រាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក ប៊ុន ផាក បានលើកឡើងថា ខ្ញុំជឿថា ខ្ញុំអាចធ្វើបាន ទោះប្រើពេលយូរយ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៊ុន ផាក មានអាជីវកម្មជាច្រើននៅក្នុងដៃដូចជា Camazoon, Phzar.com, Weread.asia។ លោកជាសហគ្រិនវ័យក្មេងមួយរូប ដែលទទួលបានពានរង្វាន់សហគ្រិនវ័យក្មេងផ្នែកបច្ចេកវិទ្យា ឆ្នាំ២០១៩ លើការដឹកនាំធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce​)​ នៅក្នុងគេហទំព័រ​ «ផ្សារ» ជា​វេទិកា​ទិញ​ទំនិញ​តាម​អនឡាញ​ ដោយ​អ្នក​ប្រើ​ប្រាស់​អាច​បញ្ជា​ទិញ​ទំនិញ​បាន​ជាង ៤០០ មុខ​ផ្សេង​គ្នា ដែល​មាន​ដូច​ជា​ សំលៀក​បំពាក់​បុរស​នារី គ្រឿង​អគ្គិសនី​ គ្រឿង​សង្ហារិម​ ជា​ដើម​។ លោកធ្លាប់បានលើក​ឡើង​ថា​ អ្វី​ដែល​ជា​ភាព​ជោគ​ជ័យ​នា​ពេល​នេះ​ គឺ​គ្រាន់​តែ​ចំណែក​តូច​មួយ ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ​នា​ថ្ងៃ​ក្រោយ​ តែប៉ុណ្ណោះ។

លោក ប៊ុន ផាក ត្រូវបានសហគ្រិនជោគជ័យ អ្នកដឹកនាំធុរកិច្ចនៅប្រទេសកម្ពុជាជាច្រើនចាត់ទុកថា សហគ្រិនដ៏មានសក្តានុពលម្នាក់ ដែលបានចូលរួមចែករំលែក​ ចំណេះដឹង​ល្អៗដល់យុវជនជំនាន់ក្រោយ ពីការកសាងសមត្ថភាព ចាប់ផ្តើមជំនួញ និងបណ្តុះផ្នត់គំនិតវិជ្ជមានជាដើម។ ជានិច្ចកាល លោកតែងតែរំលឹកដាស់តឿនដល់យុវវ័យ បើចង់ចាប់ផ្តើមអាជីវកម្មមួយបានជោគជ័យ លុះត្រាយុវវ័យដែលជាម្ចាស់អាជីវកម្មដឹងពីគន្លឹះ និងតាក់តិចក្នុងការដំណើរការវាឱ្យបានប្រសើរ។

May be an image of one or more people and indoor

លោកបានផ្តល់អនុសាសន៍ថា អ្វីគ្រប់យ៉ាងកើតចេញពីក្តីសុបិន ក្តីសុបិនរបស់អ្នកធំប៉ុណ្ណា វាអាស្រ័យទៅលើការគិតរបស់អ្នក។ ហើយអ្វីដែលជាឧបសគ្គ ដែលមិនអាចឲ្យអ្នកទាំងអស់គ្នាឈានដល់ ដំណាក់កាលមួយដែលអ្នកទាំងអស់គ្នាអាចឈានទៅរករឿងរាវ ដែលអ្នកទាំងអស់គ្នាចង់ធ្វើ គោលដៅដែលអ្នកទាំងអស់គ្នាចង់សម្រេច​ គឺសូម្បីតែក្តីសុបិន្ត ក៏អត់ហ៊ានសុបិន្តដែរ។ សុបិនធំ ត្រូវតែហ៊ានសុបិនធំ ហើយវាអត់អស់លុយនោះទេ ប៉ុន្តែបើសូម្បីតែសុបិន ក៏អត់អោយឱកាសឲ្យខ្លួនឯងសុបិនផង តើសួរថាអ្នកទាំងអស់គ្នាអាចសម្រេចវាបានធំប៉ុណ្ណា?

លោកសង្កត់ធ្ងន់ថា ពាក្យ “ខ្ជិល” មួយម៉ាត់នឹងធ្វើឱ្យអ្នករលាយអស់នូវក្តីស្រមៃ មិនថាអ្នកឆ្លាតប៉ុនណា មានភាពបុិនប្រសប់ពីកំណើតប៉ុនណានោះទេ។នៅក្នុងជីវិតគ្មានអ្នកណាមកត្រួសត្រាយផ្លូវឱ្យយើងដើរទេ វាជាលទ្ធផលនៃការដុសខាត់ខ្លួនឯង ដើម្បីអនាគតមួយដែលយើងមានសិទ្ធិសម្រេចអ្វីគ្រប់យ៉ាង៕