ហង្ស សំណាង អ្នក​ផាត់មុខ​​ឲ្យ ​តារា​ល្បីៗ នឹង​ផលិតកម្ម​ធំៗ ​កំពុង​​ឡើង​កូដ

កម្សាន្ត
1.6K Shares

បន្ទាប់​ពី​ហក់​ចូល​លើ​វិថី ផាត់​មុខ​ធ្វើ​សក់​ជាង​២ឆ្នាំ​មក​នេះ គួប​ផ្សំ​​សមត្ថភាព​នឹង​​ជា​មនុស្ស​ម្នាក់​មាន​ទំនាក់ទំនង​ល្អ​ផង​​នោះ បាន​ធ្វើ​ឲ្យ​យុវជន​ម្នាក់ មាន​ទីផ្សារ​កាន់​តែ​ច្រើន​ឡើងៗ​បច្ចុប្បន្ន​លោក​កំពុង​តែ​កុងត្រា​ផាត់​មុខ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​មួយ ហើយ​ធ្លាប់​ចូល​រួម​ផាត់​មុខ​កម្មវិធី​សិល្បៈ​ធំ​ជា​ច្រើន ព្រម​ទាំង​ផាត់​មុខ​ឲ្យ​តារា​ល្បី​ជា​ច្រើន ស្ទើរ​រក​ពេល​សម្រាក​គ្មាន ។

មាន​ស្រុក​កំណើត ក្នុង​ស្រុក ពួក ខេត្ត សៀមរាប លោក ហង្ស សំណាង គឺ​មនុស្ស​ម្នាក់​ដែល​មាន និស្ស័យ​​ធ្វើ​ជា ជាង​ផាត់​មុខ​ធ្វើ​សក់​តាំង​ពី​ដឹក​ក្ដី។ យុវជន​រូប​នេះ​បាន​ព្យាយាម​រៀន​ជំនាញ​នេះ ខណៈ​​ខ្លួន​ជា​មនុស្ស​ប្រុស ដែល​មហាជន​មួយ​ចំនួន​សើច​ពេបជ្រាយ​ដាក់។ ដោយសារតែ​ការ​ស្រលាញ់ មាន​ការ​តាំង​ចិត្ត ព្យាយាម មិន​បោះ​បង់​ចោល​នៅ​គោលដៅ លើ​ជំនាញ​ដែល​​ខ្លួន​ស្រលាញ់ បាន​ជំរុញ​ឲ្យ សំណាង ធ្វើ​បាន​ដោយ​ជោគជ័យ។

លោក ហង្ស សំណាង បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ប្រលូក​ហក់​ចូល​វិស័យ​ផាត់​មុខ​ធ្វើ​សក់​ជាង​២​ឆ្នាំ​ក៏​ពិត​មែន ប៉ុន្តែ​​ចាប់​ផ្ដើម​មាន​ទីផ្សារ​ខ្លាំង នៅ​១ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​នៅ​ក្នុង​នោះ​លោក​ធ្លាប់​ផាត់​មុខ​ឲ្យ​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន ទាំង​ក្នុង​ផលិតកម្ម ទាំង​កម្មវិធី​សិល្បៈ​ធំៗ។

លោក​រៀបរាប់​ឲ្យ​ដឹង​ថា ផលិតកម្ម​មួយ​ចំនួន​ដែល​ថត​MV ឬ ថត​ភាពយន្ត តែងតែ​ហៅ​លោក​ផាត់​មុខ​ឲ្យ ទទឹម​គ្នា​នោះ​ដែរ កម្មវិធី​​​សិល្ប៖​ថ្នាក់​ជាតិ នឹង​អន្តរជាតិ ដូច​ជា ​បវរកញ្ញា​ចក្រវាល​​ ​មាន​៣០ ប្រទេស​ចូល​រួម​ធ្វើ​នៅ​ប្រទេស​កម្ពុជា​កាល​១ឆ្នាំ​មុន​ក៏​លោក​បាន​​ផាត់​មុខ​ឲ្យ​ដែរ។កាល​ពី​ពេល​ថ្មី​នេះ កម្មវិធី​បវរកញ្ញា​ភពផែន​ដី ដែល​ធ្វើ​នៅ​កម្ពុជា​ក៏​លោក​បាន​ចូល​រួម​ផាត់​មុខ​ឲ្យ​ដូច​គ្នា។ បច្ចុប្បន្ន​លោក​បាន​កុងត្រា ផាត់​មុខ​ឲ្យ​ស្ថានីយ​ប៉ុស្តិ៍​លេខ៥ នឹង ផាត់​មុខ​ឲ្យ​កូន​ក្រមុំ​តាម​រោងការ​ធំៗ​​ស្ទើរ​ដក​ខ្លួន​មិន​រួច។

ស្នាដៃ​ថ្មី​១​ទៀត​ដែល​លោក​បាន​ធ្វើ​ដែរ​ត្រៀម​បញ្ចេញ​នោះ គឺ​ផាត់​មុខ​ឲ្យ​តួ​ក្នុង​រឿង”កុំ​ងាក​ក្រោយ” របស់​ផលិតកម្ម​កាឡាស៊ី ត្រៀម​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​នេះ​ផង​ដែរ។ ចំណង​ទៅ​ថ្ងៃ​អនាគត លោក ហង្ស សំណាង ចង់​បើក​ជា ហាង​សម្អាងការ​ផ្ទាល់​ខ្លួន។ ចង់​ដឹង​ស្នាដៃ លោក ហង្ស សំណាង មាន​ទឹកដី​ខ្លាំង​ប៉ុណ្ណា សូម​ទស្សន​រូប​ភាព​ខាង​ក្រោម​ទាំង​អស់​គ្នា៕

1.6K Shares