ចាប់​​ចិន​៧នាក់ ករណីចាប់បង្ខាំងមនុស្ស និងកាន់កាប់រក្សា អាវុធ​ខុសច្បាប់​នៅ​ខេត្តព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច
6 Shares

បន្ទាប់ពីចាប់ខ្លួនជនជាតិចិន៧នាក់ ហើយត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចាប់​បង្ខាំង​មនុស្ស និងកាន់កាប់រក្សា អាវុធដោយខុសច្បាប់ នៅខេត្តព្រះសីហនុហើយនោះ, កម្លាំងនគរ​បាល​ជំនាញ បានបន្ដស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈាន​ដល់ការចាប់​ខ្លួនជន​សង្ស័យ៧នាក់ បន្ថែមទៀត ក្នុងនោះជនជាតិចិន៣នាក់ និងខ្មែរ៤នាក់ ពាក់ព័ន្ធករណីនេះ។

រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រតិបត្តិការដ៏ក្ដៅគគុកជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើង​ក្រោមការបញ្ជា​ផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ , លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការសម្រប​សម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែធ្នូ ដោយកម្លាំងជំនាញតាមចាប់ជនសង្ស័យ​នៅ​រាជធានី​ភ្នំពេញ​ផង និងនៅក្រុងព្រះសីហនុផង បានជាបន្តបន្ទាប់សរុបចំនួន៧នាក់ បន្ថែមទៀត (ជនជាតិ​ខ្មែរ​៤នាក់,​ជនជាតិចិន៣នាក់ ស្រីម្នាក់) ព្រមទាំងចាប់យកវត្ថុតាង កាំភ្លើង៥ដើម (កាំភ្លើង​វែង១​ដើម និងកាំភ្លើងខ្លី៤ដើម) និងគ្រាប់រំសេវមួយចំនួនទៀត។

វត្ថុតាងចាប់យកបានរួមមាន៖ កាំភ្លើងវែង AK47 ១ដើម, កាំភ្លើងខ្លី៤ដើម (ម៉ាកGLOCK17 ១ដើម ពណ៌​ខ្មៅ, ម៉ាក GLOCK19 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 KILLER ១ដើម ពណ៌ខ្មៅ និងម៉ាកK59 ១ដើម ពណ៌ខ្មៅ, បង់កាំភ្លើងប្រភេទ១៥គ្រាប់ ចំនួន៤បង់, បង់កាំភ្លើងប្រភេទ៣០គ្រាប់ ចំនួន២បង់ (ថ្មីមិនទាន់ហែកប្រើ), គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់, គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់), រឺស័របង់កាំភ្លើងចំនួន២ (ថ្មីមិនទាន់ហែកប្រើ), តួកាំភ្លើងម៉ាក GLOCK ចំនួន១ និង​គ្រឿង​បន្លាស់កាំភ្លើងមួយចំនួន (សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជាអូតូរ៉ាស់ហ្វាល់) និង​ម៉ាស៉ីនស្វាន១គ្រឿង និងគ្រឿងបន្លាស់១ប្រអប់។

គួរជម្រាបថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បាន​ធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ ជនជាតិចិនចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធ ករណី​ចាប់​ឃុំឃាងបង្ខាំងមនុស្សខុសច្បាប់, ផ្តល់ទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ និងនាំចូលអាវុធ ដោយ​គ្មាន​ការអនុញ្ញាតិ នៅចំណុចផ្ទះសំណាក់ស៊ែងឆីង ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ព្រម​ទាំង​ដកហូតបានកាំភ្លើងខ្លីចំនួន២ដើម, កាំភ្លើងវែង១ដើម (M16) គ្រាប់កាំភ្លើង និងគ្រឿង​ញៀន​មួយ​ចំនួន​ធំ។ ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូង​ខេត្ត​ព្រះសីហនុ៕

ប្រភពផេក៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ

ចាប់​​ចិន​៧នាក់ ករណីចាប់បង្ខាំងមនុស្ស និងកាន់កាប់រក្សា អាវុធ​ខុសច្បាប់​នៅ​ខេត្តព្រះសីហនុ
6 Shares