ឧកញ៉ា ទៀ វិចិត្រ ៖ ដរាបណា​ខ្ញុំ​នៅ​មាន​ជីវិត ខ្ញុំ​នឹង​នៅតែ​ធ្វើ​ទាន​និង​អភិរក្ស​សត្វ​កម្រ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ប្រធាន​ក្រុមហ៊ុន ជី​. ធី​. វី​. ស៊ី​, ស្ពីដ​ប៊ូត កម្ពុជា (G.T.V.C, Speedboat Cambodia) លោក​ឧកញ៉ា ទៀ វិចិត្រ បាន បង្ហាញ​អារម្មណ៍​ពិត​ផ្ទាល់ខ្លួន​ថា ការងារ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ការងារ​អភិរក្ស​ធនធានធម្មជាតិ​សត្វ​កម្រ ទាំង​សត្វព្រៃ និង​សត្វ​ក្នុង​សមុទ្រ​គ្រប់​ប្រភេទ ដែល​ជិត​ផុត​ពូជ រូបលោក​នឹង​នៅតែ​បន្ត​ធ្វើ​ការងារ​មនុស្សធម៌ និង​បន្ត​ការងារ​អភិរក្ស​ដែល​លោក​ធ្លាប់​បាន​អនុវត្ត​ជា​បន្តបន្ទាប់​មក​នេះ ជា​រៀងរហូត ដរាបណា​រូបលោក នៅ​មាន​ជីវិត​លើ​ភពផែនដី​យើង​នេះ​។

លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​ជា​ស្ថាបនិក​បង្កើត​ឆ្នេរ​កម្សាន្ត​ថ្មី​មានឈ្មោះ​ថា “​ឆ្នេរ​ភ្លោះ កោះ​ឋានសួគ៌ កោះរ៉ុង​” ផង​នោះ បាន​ផ្តល់​សម្ភាសន៍​ឲ្យ​អ្នកយក​ព័ត៌មាន​គេហទំព័រ CEN.COM.KH ឬ​ហៅ​កាត់​ថា CEN ប្រចាំ​ខេត្ត​ព្រះសីហនុ ដឹងថា រូបលោក​នឹង​មិន​បោះ​បង់​ការងារ​មនុស្សធម៌​ជួយ​សង្គ្រោះ​ជីវិត​ចាស់ជរា​គ្មាន​ទីពឹង ប្រជាពលរដ្ឋ​បាត់​បង់កម្លាំង​ពលកម្ម ប្រជាពលរដ្ឋ​ង​គ្រោះ​ដោយ​គ្រោះធម្មជាតិ​ផ្សេងៗ​រួម​មាន​ភ្លើង​ឆេះ​ផ្ទះ​ជាដើម និង​មន្ត្រីរាជការ ឬ​ពលរដ្ឋ​នៅ​តាម​គ្រួសារ​ក្រីក្រ ហើយ​មាន​ជំងឺ​ខ្វះ​លទ្ធភាព​ព្យាបាល​នោះទេ ដរាបណា​រូប​លោក​នៅ​មាន​ជីវិត​រស់នៅ​។

លោក​ឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ការជួយ​សង្គ្រោះ​របស់​ក្រុមការងារ​មនុស្សធម៌​​អូរ​៣ របស់លោក នឹង​នៅតែ​បន្ត​ចុះជួយ​ប្រជាពលរដ្ឋ ទៅតាម​លទ្ធភាព​ជាក់​ស្តែង ដែល​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​សង់ផ្ទះ​ជូន​ពលរដ្ឋ ឬ​គ្រួសារ​មន្ត្រីរាជការ​ក្រីក្រ ផ្តល់​ជា​ថវិកា​ឧបត្ថម្ភ និង​ផ្តល់​ជា​សម្ភារៈ ឬ​គ្រឿង​ឧបភោគ​បរិភោគ​ជាដើម ជូន​ដល់​គ្រួសារ​ជនរងគ្រោះ​។ លោក​ឧកញ៉ា បន្តថា ការងារ​មនុស្សធ៌មនេះ គឺ​រូប​លោក​មិន​ចង់បាន​អ្វី​តបស្នង​ពី​ជនរងគ្រោះ ឬ​មនុស្ស​ចាស់ជរា និង​ពលរដ្ឋ​ខ្វះ​ទីពឹង​មួយចំនួន ដែល​រូបលោក​ធ្លាប់បាន​អនុវត្ត​នា​ពេល​កន្លងមក​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ជា​ការជួយ​រំលែក​នូវ​ទុក្ខ​លំបាក​មួយ​ផ្នែក​ជូន​ពួកគាត់ នៅ​គ្រា​គ្រួសារ របស់​ជនរងគ្រោះ ឬ​ជន​ចាស់ជរា​ទាំងនោះ កំពុង​ជួប​គ្រោះអាសន្ន និង​ត្រូវការ​អ្នក​ជួយ​សង្គ្រោះ​តែប៉ុណ្ណោះ​។​

លោក​ឧកញ៉ា ទៀ វិច​ត្រ បានឲ្យ​ដឹង​ដូច្នេះ រួច​ក៏​បានឲ្យ​ដឹង​បន្ថែម​ទៀត​ថា ចំពោះ​ការងារ​ថែរក្សា​អភិរក្ស​ធនធាន​សត្វ​កម្រ ទាំង​សត្វព្រៃ និង​ធនធាន​សត្វ​កម្រ​រស់​នៅក្នុង​សមុទ្រ ជាដើម ក៏​រូប​លោក​នៅតែ​បន្ត​ធ្វើ​ការងារ​នេះ​ជា​រៀងរហូត ដរាបណា​លោក​នៅ​មាន​ជីវិត​។ លោក​ថា រាល់ថ្ងៃ​នេះ​ក្រៅពី​លោក​បាន​ជួយ​សង្គ្រោះ​សត្វព្រៃ​កម្រ​មួយចំនួន ដោយ​នាំយក​ទៅ​ព្រលែង​ឲ្យ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ ដូច​បាន​អនុវត្ត​ជា​បន្តបន្ទាប់​មក រួមមាន​៖ សត្វ​ពង្រូល សត្វ​កាំ​ប្រម៉ា អណ្តើក​ព្រៃ និង​សត្វ​ឈ្លូស​ជាដើម ទៅតាម​លទ្ធភាព ដែល​លោក​បាន​ជួបប្រទះ​ដោយ​ចៃដន្យ ឬ​ជួប​ជាក់ស្តែង​នា​ពេលកន្លងមក​។ លោក​ថា ជា​បន្តបន្ទាប់​មក​នេះ រូបលោក​ក៏​បាន​ទទួល​យក​សត្វ​អណ្តើក​សមុទ្រ ឬ​សត្វ​ល្មិច ពី​អ្នកនេសាទ​សមុទ្រ ដែល​នេសាទ​បាន​សត្វ​កម្រ​ប្រភេទ​នេះ ដើម្បី​អភិរក្ស ដោយ​បាន​នាំយក​ទៅ​ព្រលែង ឲ្យ​រស់នៅ​ក្នុង​សមុទ្រ​ធម្មជាតិ​វិញ​ផង​ដែរ​។

លោក​ឧកញ៉ា ទៀ វិចិត្រ បាន​អះអាង​ថា ការងារ​អភិរក្ស​សត្វ​ល្មិច ឬ​អណ្តើក​សមុទ្រ​នេះ បើ​គិត​មកដល់​ខែ​មីនា ឆ្នាំ​២០១៨​នេះ គឺ​មាន​ចន្លោះ​ពី​ជាង ៩០​ក្បាល ទៅ​ជាង ១០០​ក្បាល​រួច​ហើយៗ សត្វ​អណ្តើក​សមុទ្រ ដែល​ធំៗ ឬ​មាន​ទម្ងន់​ធ្ងន់​រហូត​ដល់​រាប់សិប​គីឡូក្រាម ក្នុង​មួយ​ក្បាលៗ គឺ​មាន​ជាង ៩០​ក្បាល​រួច​ហើយ ត្រូវបាន​នាំយកទៅ​ព្រលែង​នៅក្នុង​សមុទ្រ​ទឹក​ជ្រៅ នា​ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​រស់នៅ​តាម​បែប​ធម្មជាតិ​វិញ បន្ទាប់​ពី​អ្នកនេសាទ​សមុទ្រ​បាន​សហកា​រលើ​ការងារ​អភិរក្ស​សត្វ​អណ្តើក​សមុទ្រ​ប្រភេទ​នេះ ដោយ​បាន​នាំយក​មក​ប្រគល់ជូន​លោក ហើយ​លោក​បាន​ជួយឧបត្ថម្ភ​ជា​ថវិកា​មួយ​ចំនួន​ដល់​ពួកគាត់​។

លោក​ឧកញ៉ា​ទៀ វិចិត្រ ដែល​ជា​ប្រធាន​សមាគម​ទូក​ទេសចរណ៍ ប្រចាំ​ខេត្ត​ព្រះសីហនុ​ផង​នោះ បានឲ្យ​ដឹង​ដែរថា រាល់ថ្ងៃ​នេះ​រូប​លោក​មិន​ទទួល​ទាន​មុខម្ហូប​ចំអិន​ពី​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ ឬ​សត្វ​កម្រ​ទាំង​រស់​នៅក្នុង​ព្រៃ និង​ក្នុង​សមុទ្រ​នោះ​ទេ​។ ជាង​នេះ លោក​ឧកញ៉ា ក៏​បាន​ស្នើ​ដល់​មនុស្ស​គ្រប់ៗ​រូប គួរ​ងាក​មក​ចូលរួម​លើ​ការងារ​ថែរក្សា​អភិរក្ស​ធនធានធម្មជាតិ​សត្វ​កម្រ ទាំង​សត្វព្រៃ និង​ធនធាន​សត្វ​សមុទ្រ ឲ្យបាន​គង់វង្ស និង​សំបូរបែប​ឡើង​វិញ​នា​ថ្ងៃ​អនាគត​។

លោក​ក​ឧកញ៉ា​ទៀ វិចិត្រ ឲ្យដឹងទៀតថា ក្នុង​ខែ​មីនា ឆ្នាំ​២០១៨​នេះ រូបលោក​បាន​នាំ​សត្វ​ល្មិច ឬ​អណ្ដើក​សមុទ្រ​ចំនួន ៣​ក្បាល​ជា​ថ្មី​ទៀត និង​មាន​ទម្ងន់​ជាង​មួយរយ​គីឡូក្រាម ដើម្បី​យក​ទៅ​ព្រលែង​នៅក្នុង​សមុទ្រ​ទឹក​ជ្រៅ ឲ្យ​រស់នៅ​តាម​ធម្មជាតិ​វិញ​។ លោក​បញ្ជាក់ថា សត្វ​ល្មិច ឬ​អណ្តើក​សមុទ្រ​ចន្លោះ​ពី​ជាង ៩០​ក្បាល ទៅ​ជាង ១០០​ក្បាល ដែល​រូបលោក​បាន​នាំយក​ទៅ​ព្រលែង ឲ្យ​រស់នៅ​តាម​បែប​ធម្មជាតិ នៅក្នុង​សមុទ្រ​ទឹក​ជ្រៅ​វិនា​ខេត្តព្រះសីហនុ​នាពេលក​ន្ល​ង​មក គឺ​លោក​បាន​ទទួលយក​ពី​អ្នកនេសាទ នៅក្នុង​លំហ​សមុទ្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពួកគាត់​បាន​សហការ​ជាមួយ​លោក​លើ​ការងារ​អភិរក្ស​សត្វ​ប្រភេទ​នេះ ដោយ​បាន​នាំយក​មក​ប្រគល់ជូន​រូបលោក​។​លោក​ឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងថា សម្រាប់​ការចូលរួម​សហការ លើ​ការងារ​ថែរក្សា និង​អភិរក្ស​សត្វ​អណ្តើក​សមុទ្រ ឬ​សត្វ​ល្មិច របស់​ក្អ្នក​នេសាទ​សមុទ្រ​នាពេលក​ន្ល​ង​មក គឺ​រូប​លោក​ក៏​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ជូន​ដល់​អ្នកនេសាទ​ទាំងនោះ​វិញ​ដែរ​។

​បន្ថែម​លើ​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ ក៏​បាន​ថ្លែង​ការ​អរគុណ​ដល់​បងប្អូន​ប្រជា​នេសាទ​សមុទ្រ ដែល​បាន​សហការ​ល្អ ជាមួយ​លោក​លើ​ការងារ​អភិរក្ស​សត្វ​អណ្តើក​សមុទ្រ​ជា​បន្តបន្ទាប់​មក​នេះ និង​បាន​អំពាវនាវ​កុំឲ្យ​ប្រជាពលរដ្ឋ ឬ​អ្នកនេសាទ​ដទៃទៀត ស្នើ​កុំឲ្យ​សម្លាប់សត្វ​ល្មិច ឬ​អណ្តើក​សមុទ្រ​ធ្វើ​ជា​អាហារ ព្រោះ រូបលោក​នឹង​បន្ត​សហការ​ទទួលយក​សត្វ​អណ្តើក​សមុទ្រ​ពី​អ្នកនេសាទ ដែល​ចាប់បាន​អណ្តើក​សមុទ្រ​គ្រប់ពេលវេលា ដើម្បី​នាំយក​ទៅ​ព្រលែង​ក្នុង​សមុទ្រ​ធម្មជាតិ សម្រាប់​ផែនការ​ថែរក្សា និង​អភិរក្ស​សត្វ​អណ្តើក​សមុទ្រ​ដ៏​កម្រ​ប្រភេទ​នេះ ឲ្យបាន​គង់វង្ស​ផង និង​ទុកជា​បុណ្យ​កុសល​ផង​។

នៅ​ចុងបញ្ចប់ នៃ​ការ​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​គេហទំព័រ CEN.COM.KH លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី​, ស្ពីដ​ប៊ូត កម្ពុជា (GTVC, Speedboat Cambodia​រុម​ហ៊ុន​) ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប ក៏​ដូចជា​យុវជន​ខ្មែរ​មួយ​រូប ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ឬ​យុវជន​គ្រប់ៗ​រូប ត្រូវ​រួមគ្នា​សាង​អំពើ​ល្អ​ឲ្យបាន​ច្រើន ទោះបីជា​មាន​មតិ​រិះគន់​ថា ទង្វើ ឬ​សកម្មភាព​របស់​យើង មិនល្អ​បែបណា​ក្តី ក៏​មិន​ត្រូវ​បោះបង់​អំពើ​ល្អ របស់ខ្លួន ដែល​ខ្លួន​យើង​ផ្ទាល់​គិត​ថា​ល្អ​នោះទេ ពោល គឺ​ត្រូវតែ​បន្ត​ធ្វើ​កិច្ច​ការងារ ដែល​ខ្លួន​គិតថា​មាន​ប្រយោជន៍ ដល់​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​ឲ្យបាន​ទាំង​អស់​គ្នា​នា​ថ្ងៃ​ខាង​មុខ​៕

ប្រភព៖ teavichet.com

Loading...