សំណង​ក្រោម​ទីផ្សារ ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ពលរដ្ឋ​ជាង ១០០ គ្រួសារ រង​ផល​ប៉ះពាល់​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី

ព័ត៌មានថ្មីៗ សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋម្ចាស់ដីជាង១០០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-​ព្រះសីហនុ បានបន្តប្រមូលផ្តុំគ្នាតវ៉ា និងសម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះសំណង​របស់​រាជរដ្ឋាភិបាល ដែលផ្តល់ឲ្យពួកគាត់តាមរយៈអន្តរក្រសួង។ការប្រមូលផ្ដុំការតវ៉ា​ខាង​លើ​នេះ​គឺធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០១៩នេះស្ថិតនៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រជាពលរដ្ឋបានបញ្ជាក់ថា ​​ការមិនពេញចិត្តនឹងសំណងនេះ ដោយសារដីដែលពួកគាត់ធ្លាប់​ទិញ​កាល​ពីប្រមាណ២ឆ្នាំមុន ពីក្រុមហ៊ុនលក់ដីឡូតិ៍ឯកជនមួយមានតម្លៃ១២០ដុល្លារអាមេរិក ក្នុងមួយ​ម៉ែត្រ​ការ៉េ ខណៈមកដល់ពេលនេះដីនៅតំបន់នោះមានតម្លៃរហូតដល់ទៅ ១៧០ដល់ ១៩០ដុល្លារ​អាមេរិក ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបែរជាទទួលបានសំណងត្រឹមតែ ៩៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េទៅវិញ។

ប្រជាពលរដ្ឋ បន្តថា ​កាលពីពេលថ្មីៗនេះ អន្តរក្រសួងដែលតំណាងរាជរដ្ឋាភិបាល រួមមាន ​៖ ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគរ​រូប​នីយកម្ម និងសំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់គម្រោងផ្លូវនេះ បានទៅប្រាប់​ប្រជាពលរដ្ឋ​រង​គ្រោះ​ថា នឹងសងសំណងដល់ពួកគាត់ក្នុងតម្លៃ ៩៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ហើយបើ​មិន​ព្រម​យកទេ ច្បាស់ជានៅបន្តអូសបន្លាយ មិនដឹងដោះស្រាយចប់ពេលណាឡើយ។

​លោក​ សុខុម តារា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថា​​​​​​​ បើប្រៀបធៀបនឹងទីផ្សារដីធ្លីបច្ចុប្បន្ន​កំពុងមាន​តម្លៃថ្លៃ ដូច្នេះការសងសំណងបែបនេះ ធ្វើឲ្យពួកគាត់មិនអាចយកទៅទិញដី នៅតំបន់​ផ្សេង​បាននោះទេ។ លោកបន្តថា​ ប្រ​ជាពលរដ្ឋសុទ្ធតែខ្ចីលុយធនាគារ យកមកទិញដីតំបន់នេះ ហើយបើសិនជារាជរដ្ឋាភិបាល សងសំណងមិនសមរម្យបែបនេះ គ្រាន់តែយកទៅសងធនាគារវិញមិនគ្រប់ផង។

លោក ​សុខុម តារា បានបញ្ជាក់យ៉ាងដូច្នេះថា ​៖ «ខ្ញុំ និងប្រជាពលរដ្ឋផ្សេងទៀត អត់បានទទួល​ប្រយោជន៍​សូម្បីតែបន្តិចលើដីនេះ។ អញ្ចឹងមានតែស្នើសុំឲ្យបងប្អូន ជួយនាំសារនេះទៅអន្តរក្រសួង ដែល​គាត់បានកំណត់តម្លៃហ្នឹងថា ខាងខ្ញុំទទួលយកមិនបានទេ។ សូមឲ្យមានការចុះពិនិត្យ និង​សិក្សា​ជាក់​ស្តែងថា ធ្វើយ៉ាងម៉េចឲ្យខ្ញុំ និងបងប្អូនផ្សេងទៀតអាចទទួលបាន អាចទៅទិញដីនៅតំបន់ណាផ្សេង ឲ្យបានសមរម្យតាមតម្លៃទីផ្សារ»។

ក្នុងដៃដែលមានបដា «សំណងមិនសមរម្យ», ពលរដ្ឋរូបនេះ បានថ្លែងសង្កត់ធ្ងន់ៗថា «៩៥ដុល្លារ មិនអាចទទួលយកបានទេ មិនអាចទទួលបានជាដាច់ខាត ព្រោះបងប្អូនដឹងហើយ យើង​អត់​មាន​លុយ​ច្រើនទេក្នុងការទិញដីនេះ គឺ​​​សុទ្ធតែមានប្លង់ធនាគារ (ប្លង់ដីដាក់ខ្ចីលុយ)។ អញ្ចឹង​ខ្ញុំ​សុំ​ឲ្យ​ក្រសួង​ជួយវាយតម្លៃឡើងវិញ»។

​ប្រជាពលរដ្ឋមួយរូបទៀតឈ្មោះ ​តាំង ឡេងឆាយ បានថ្លែងឲ្យដឹងថា អ្នកចុះមកដោះ​ស្រាយបញ្ហា​នេះ​ បានប្រាប់ពួកគាត់ថា តម្លៃដែលកំណត់ ៩៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េនេះ អត់​មាន​ការ​ប្រែប្រួល​ទេ ទោះបីចាំដល់ពេលណាក៏ដោយ។ ក្រុមការងារអន្តរក្រសួង ថែមទាំង​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​រងគ្រោះ ផ្តិតមេដៃទទួលសំណង ដោយអះអាងថា បើពួកគាត់យកឥឡូវបានលុយភ្លាម ប៉ុន្តែ​បើ​អត់​ទេត្រូវទុករាប់ឆ្នាំតទៅទៀត។

​លោកបញ្ជាក់ថា «អ្នកដោះស្រាយបញ្ហាហ្នឹង គេសង្កត់ធ្ងន់ថា រដ្ឋមិនប្រែប្រួលតម្លៃហ្នឹងទេ ហើយ​ទុក​រយៈពេលប៉ុន្មានក៏ដោយ ក៏នៅតែប៉ុណ្ណឹងដែរ អត់មានឡើងចុះ មួយកាក់មួយសេនទេ ហើយ​បើផ្តិត​មេ​ដៃឥឡូវ បានលុយភ្លាមបើអត់ទេ ប៉ុន្មានឆ្នាំក្រោយនៅតែដដែលហ្នឹង អត់មានប្រែប្រួលទេ។ ប្រជាពល​រដ្ឋទាំងអស់គ្នា ខំខ្ចីលុយធនាគារដើម្បីទិញដីហ្នឹង ហើយសង្ឈឹមថាសង់ផ្ទះនៅលើហ្នឹង»។

​លោក តាំង ឡេងឆាយ បានអះអាងទៀតថា ដីពួកគាត់សុទ្ធតែមានប្លង់រឹង ពោលមិនមែនជាដីដែល​ទៅ​បំពានទីតាំងណាមួយ ដើម្បីកាន់កាប់នោះទេ ហើយលោកសង្ឃឹមថា រាជរដ្ឋាភិបាល​នឹង​មាន​សំណង​សមរម្យសម្រាប់ពួកគាត់ ដែលប៉ះពាល់គម្រោងផ្លូវល្បឿនលឿននេះ ព្រោះ​ការងារ​របស់​រដ្ឋ​ធ្វើ​ឡើង​ដើម្បីបម្រើរាស្ត្រ។

​លោក ឡេង ធឿន ដែលជាប្រជាពលរដ្ឋរងគ្រោះម្នាក់ បានសាងសង់ផ្ទះទៅហើយនោះ បាន​បង្ហាញ​កង្វល់​ជាខ្លាំង នៅពេលដែលលឺថា ផ្ទះរបស់ខ្លួននឹងត្រូវវាយកម្ទេចចោល ដើម្បីធ្វើផ្លូវល្បឿនលឿន ស្រប​ពេលសំណងវិញ បែរជាមិនសមរម្យបែបនេះ។ អ្នករត់រថយន្តឈ្នួលរូបនេះ បានបង្ហើបថា ខ្លួន​បាន​ដាក់ប្លង់ដីនៅឯស្រុកកំណើត យកទៅខ្ចីលុយធនាគារ ក្នុងគោលបំណងទិញដី និងសង់​ផ្ទះ​រស់​នៅជិតៗរាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការរកទទួលទាន សម្រាប់ជីវភាពប្រចាំថ្ងៃ។

​លោក ឡេង ធឿន បានទទូច​ដល់​រាជរដ្ឋាភិបាលថា «ខ្ញុំសូមសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍រឿងសំណងនេះ ហើយពេលសងសូមសងទាំងផ្ទះ និងដីដំណាលគ្នា ដើម្បី​អាច​ទូរទាត់នឹងធនាគារបាន។ បើសិនគាត់សងតែដីនៅផ្ទះ ក៏បង់ផ្តាច់អត់ទាន់បានដែរ»។

​ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ម៉ី តាំងហ៊ុន ដែលរងគ្រោះទាំងបញ្ហាដីធ្លី និងផ្ទះមួយខ្នងដែរនោះ បាន​រៀបរាប់​ថា ខ្លួនខិតខំធ្វើការរាល់ថ្ងៃ ដើម្បីយកលុយមកសងធនាគារ ដែលបានទិញដីនៅតំបន់នេះ។ ស្ត្រីដែលមានមុខរបរជាកម្មកររោងចក្រ និងមានស្វាមីជាអ្នករត់ម៉ូតូកង់បីរូបនេះ បានប្រាប់ថា ដំណឹង​ដែលដីខ្លួនត្រូវសងដោយសំណងមិនសមរម្យ គឺជាបញ្ហាមួយទៅហើយ ចំណែកឯសំណងផ្ទះវិញ គឺ​ជា​បញ្ហាសំខាន់មួយទៀត ធ្វើឲ្យខ្លួនគេងមិនលក់ឡើយ។

និយាយបណ្តើរចង្អុលទៅផ្ទះរបស់ខ្លួនបណ្តើរ ម៉ី តាំងហ៊ុន បានបញ្ជាក់ថា «កាលពីខ្ញុំទិញដីឡូតិ៍នេះ ជាង​១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តាំងពីអត់ទាន់ចាក់ដី តាំងពីនៅជាដីស្រែម្លេះ។ ហើយខ្ញុំធ្វើផ្ទះ​នេះ​ ខ្ចីលុយធនាគារទាំងស្រុងតែម្តង ហើយគាត់ឲ្យ ៩៥ដុល្លារក្នុងមួយម៉ែត្រការ៉េ គឺខាតតែម្តង ពោល​គ្រាន់​តែបង់ធនាគារគឺអស់តែម្តង»។

​សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ កំពុងដំណើរការសាងសង់សម្រេចបាន ៧ភាគរយហើយ។ ផ្លូវនេះឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០​គីឡូ​ម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែល​ចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់​ក្រុមហ៊ុន​សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕