នៅខែកក្កដាខាងមុខនេះ ក្រសួងសាធារណការនឹងដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែកុម្ភៈម្សិលម្សិញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ បានឲ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២២នេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចការសាងសង់បាន៨១% ហើយ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងនឹងបញ្ចប់មុនផែនការ ពោលគឺប្ដូរពីខែមីនា ឆ្នាំ ២០២៣ មកត្រឹមខែកក្កដា ឆ្នាំ ២០២២ វិញ រួមនឹងការបើកឱ្យជិះសាកល្បងឥតគិតថ្លៃ ១អាទិត្យ ឬ ១ខែដំបូង។

គួររម្លឹកថា គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.។

យ៉ាងណា ចំពោះតម្លៃសេវាបើកបរលើផ្លូវនេះ ក្រសួងសាធារណាការមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយ៕