បូមទឹកបំពេញស្រះមុខប្រាសាទអង្គរ​វត្ត ដើម្បីបង្កើនភាព ទាក់ទាញដល់​ភ្ញៀវ​ទេសចរណ៍

សង្គម​និង​សេដ្ឋកិច្ច
15 Shares

ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះទឹកមុខប្រាសាទអង្គរវត្ត​មានតិច ​និងឆាប់រីងទឹក ។ ដើម្បីបង្កើនសោភ័ណភាព និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋាន​គ្រប់គ្រង​ទឹកនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបូមបញ្ចូលទឹក​ក្នុងស្រះខាងត្បូង​នៃប្រាសាទ​អង្គរវត្ត ។

លោក ភឿន សុឃីម បញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក បានចាប់ផ្តើមបូម​បញ្ចូល​ទឹកក្នុងស្រះខាងត្បូងអង្គរចាប់ពីថ្ងៃទី២៧ ខែធ្នូកន្លងមក ។ ការងារនេះនឹងប្រើពេលប្រមាណ១០ថ្ងៃ ដោយយកទឹកពីកសិន្ធុអង្គរវត្ត ។ ជារៀងរាល់ឆ្នាំ ការងារបូមទឹកនេះចាប់ផ្តើមពីខែ កុម្ភៈតទៅ តែ​ដោយ​សារឆ្នាំនេះរដូវវស្សាមានរយ:ពេលខ្លី ហើយអាកាសធាតុក្ដៅជាងរាល់ឆ្នាំ បានធ្វើឱ្យទឹកក្នុង​ស្រះ​នេះឆាប់ស្រកដល់កម្រិតដែលត្រូវដាក់បំពេញបន្ថែម ។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បានឱ្យដឹងថា គោលបំណងនៃការធ្វើនេះ គឺដើម្បីលើកតម្លៃសោភ័ណភាពវប្បធម៌ក្នុងបរិវេណប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ស្អាត ក៏ដូច​ជាសម្រាប់ឱ្យភ្ញៀវទេសចរណ៍បានថតរូបភាពកំពូលប្រាសាទឆ្លុះទឹក ដែលកន្លងមក​ភ្ញៀវទាំង​នោះ​មិន​ដែលរំលងការផ្តិតរូបភាពនៅទីនេះឡើយ។

គួរបញ្ជាក់ថា ការងារបូមទឹកនេះគឺធ្វើតែនៅស្រះខាងត្បូងតែប៉ុណ្ណោះ ដោយឡែកស្រះ​ខាង​ជើង​វិញ​ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលនិងស្ដារឡើងវិញ ៕

អត្ថបទ និងរូបភាព៖ បូ សាវី កែសម្រួលដោយ លីវ សុខុន

បូមទឹកបំពេញស្រះមុខប្រាសាទអង្គរ​វត្ត ដើម្បីបង្កើនភាព ទាក់ទាញដល់​ភ្ញៀវ​ទេសចរណ៍
15 Shares