ម្ចាស់ភោជនីយដ្ឋាន Chez sophéa & Matthieu អាជីវករគំរូដំបូងគេ ដែល​បានស្ម័គ្រចិត្តរុះរើ​សំណង់ ​ដើម្បី​រួម​​ចំណែកលើកកម្ពស់សោភ័ណភាពនិងគុណតម្លៃមុខប្រាសាទអង្គរវត្ត

សង្គម​និង​សេដ្ឋកិច្ច
70 Shares

ភោជនីយដ្ឋាន Chez sophéa & Matthieu ចំនួន៣ខ្នងនៅមុខប្រាសាទអង្គរវត្ត ដែល​បាន​ដំណើរ​ការ​តាំង​ពីឆ្នាំ១៩៩៣មក ដែលមានលោកស្រី អៀវ សុភ័ក្រកញ្ញា ជាម្ចាស់​បាន​ស្ម័គ្រចិត្តរុះ​រើ​សំណង់​របស់​ខ្លួន​ទាំងស្រុង ហើយប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ ដើម្បីកែប្រែសោភ័ណភាព​និង​រៀប​ចំសណ្តាប់ធ្នាប់មុខប្រាសាទអង្គរវត្ត។

ដំណើរការរុះរើនេះ ចាប់ផ្តើមនៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ដឹកនាំដោយឯកឧត្តម យិត ចាន់​ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដោយមានការស្ម័គ្រចិត្ត និងចូលរួម​យ៉ាង​សកម្មពី​ម្ចាស់​ភោជនីយដ្ឋាន​។

លោកស្រី អៀវ សុភ័ក្រកញ្ញា បានលើកឡើងថា «អង្គរប្រៀបដូចជាផ្ទះខ្ញុំ អង្គរបានជួយខ្ញុំច្រើន ហើយ​ក៏ដល់ពេលដែលខ្ញុំត្រូវជួយអង្គរវិញដែរ។ ខ្ញុំស្ម័គ្រចិត្តដោយរីករាយ នឹងចូលរួមជាមួយ​អាជ្ញាធរ​ជាតិអប្សរា ដោយមិនមានភាពថ្នាំងថ្នាក់ឬការបង្ខិតបង្ខំ និងការស៊ូកប៉ាន់ណា​មួយឡើយក្នុងការ​រើ​សំណង់​នេះ។ ខ្ញុំដឹងថា អាជ្ញាធរជាតិអប្សរា នឹងកែលម្អទីនេះឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានស្អាត មាន​អនាម័យល្អ ឱ្យមានកន្លែងលក់ដូរស្តង់ដារតែមួយ ដើម្បីលើកមុខមាត់អង្គរ និងប្រទេស​ជាតិ​ព្រម​ទាំងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង»។

ម្ចាស់ភោជនីយដ្ឋានរូបនេះ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានជួយ​សម្រួល​ដល់ការរុះរើនេះប្រកបដោយការយោគយល់គ្នាទៅវិញទៅមក។ លោកស្រី ក៏សង្ឃឹមថា អាជីវករ​ទាំងអស់នឹងស្ម័គ្រចិត្តចូលរួមកែលម្អសោភ័ណភាពនិងសណ្តាប់ធ្នាប់មុខប្រាសាទអង្គរវត្ត ដើម្បី​ឱ្យ​អាជ្ញាធរជាតិអប្សរាងាយស្រួលអនុវត្តការងារបានទាន់ពេលវេលា ដើម្បីជាប្រយោជន៍​រួម​ទាំង​ពេល​បច្ចុប្បន្ន ​និង​ទៅអនាគតឱ្យកាន់តែល្អប្រសើរឡើង។

តាំងនាមថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម យិត ចាន់ដារដ្ឋ សូមកោតសរសើរ​ដ៏​ស្មោះ​ដល់​លោក​ស្រី សុភ័ក្រកញ្ញា ដែលព្រមសហការជាមួយក្រុមការងារដោយសុឆន្ទៈ និងជាគំរូដ៏ល្អគួរ​ឱ្យ​គោរព​ចំពោះ​សណ្តានចិត្ត ក្នុងការប្រគល់ទីតាំងឱ្យអាជ្ញាធរជាតិអប្សរារៀបចំ​ទីតាំងនេះឱ្យក្លាយ​ជាទី​លាន​បដិ​សណ្ឋារកិច្ចទេសចរណ៍កម្រិតអន្តរជាតិមួយ ដើម្បីសេចក្តីថ្នូរនិងភាពថ្កុំថ្កើង​ក្នុង​រមណីយដ្ឋាន​អង្គរ។

អាជ្ញាធរជាតិអប្សរា នឹងអនុវត្តការដោះស្រាយបញ្ហាប្រឈម​និងការរុះរើសំណង់ជាបណ្តើរៗ​ទៅតាម​ដំណាក់​កាល ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងបរិវេណមុខប្រាសាទអង្គរវត្តឱ្យមាន​មជ្ឈមណ្ឌល​បដិសណ្ឋា​រកិច្ច​ត្រឹមត្រូវ និងទេសភាពបរិស្ថានល្អ ដើម្បីលើកមុខមាត់ប្រទេសជាតិ និងរមណីយដ្ឋាន​អង្គរឱ្យស័ក្តិសមជាបេតិកភណ្ឌពិភពលោក និងដួងព្រលឹងរបស់ជនជាតិខ្មែរគ្រប់រូប។

ឯកឧត្តមបន្តថា នៅចុងឆ្នាំ២០២០ មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចទេសចរណ៍នឹងសាងសង់រួចរាល់ ដោយ​រួមមានទាំងសាលពិព័រណ៌ មណ្ឌលបម្រើសេវាកម្មលំដាប់អន្តរជាតិ កន្លែងលក់ដូរក្នុងស្រុក​ដែល​មានស្តង់ដាររួម និងចំណតយានយន្តល្អស្អាត។

រីឯនៅមុខអង្គរវត្តនឹងរៀបចំឱ្យមានភាពបៃតងដោយការដាំស្មៅនិងកូនឈើដើម្បីឱ្យបរិស្ថានស្អាត និងមានសារមន្ទីរលម្ហមួយដែលតាំងដោយរូបចម្លាក់ផ្សេងៗ ដើម្បីឱ្យភ្ញៀវអាចដើរ​ទស្សនាបាន​ទាំង​ក្នុង​និង​ក្រៅប្រាសាទ ជំនួសដោយភាពកខ្វក់ និងភាពអនាធិបតេយ្យដែលមាន៕

ម្ចាស់ភោជនីយដ្ឋាន Chez sophéa & Matthieu អាជីវករគំរូដំបូងគេ ដែល​បានស្ម័គ្រចិត្តរុះរើ​សំណង់ ​ដើម្បី​រួម​​ចំណែកលើកកម្ពស់សោភ័ណភាពនិងគុណតម្លៃមុខប្រាសាទអង្គរវត្ត
70 Shares