តួលេខ​អ្នក​ស្លាប់ និង​របួស​ព្រឹក​នេះក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប

ព័ត៌មានថ្មីៗ សង្គម​និង​សេដ្ឋកិច្ច
60 Shares

គិត​ត្រឹម​ម៉ោង៥:០០ព្រឹក ថ្ងៃទី០៤ មករា ឆ្នាំ២០២០ ក្រុម​ការងារ​ចម្រុះ​សង្រ្គោះ​បន្ទាន់​បាន​រក​ឃើញ​ជន​រងគ្រោះ​ចំនួន​២៥​នាក់ ហើយ​ដែល​ក្នុង​នោះ​មាន​ស្លាប់​៧នាក់។ មក​ទល់​ព្រឹក​ថ្ងៃ​ទី ៤ មករា​នេះ ក្រុម​ការងារ​សង្រ្គោះ​បន្ទាន់​កំពុង​បន្ត​ប្រតិបត្តិការ​គាស់​រំលើង​ផ្ទាំង​បេតុង កាត់​សសៃ​ដែក​រុក​រក​បន្ត​ទៀត។

កាល​ពី​យប់មិញ​ថ្ងៃ​ទី ៣ មករា សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា សម្តេច​បាន​អញ្ជើញ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ទាំង​យប់ ហើយ​បាន​នៅ​ជាមួយ​ក្រុម​ការងារ​ចម្រុះ​សង្គ្រោះ​បន្ទាន់​រហូត​ដល់​ម៉ោង៥:០០​ទៀប​ភ្លឺ ចូល​ដល់​ថ្ងៃ​ទី ៤ មករា ដែលពេល​នោះយើង​បាន​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​២នាក់​ប្តី​ប្រពន្ធ​រួច​ផុត​ពី​សេចក្តី​ស្លាប់ ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ត​អញ្ជើញ​មកសួរសុខទុក្ខពួកគាត់ទាំងពីរនាក់ និង​បងប្អូន​រងគ្រោះ​ជាច្រើន​ទៀត​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កែប​នេះ។

សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់​រលំនៅ​ម៉ោង​ប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករ​សំណង់​ដែល​កប់​ជាប់​នៅ​ក្នុងនេះបាក់រលំ។

អគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយ​ដែល​បាន​បាក់រលំនៅ​ពេល​ដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុម​អ្នកស្ម័គ្រ​ចិត្ត ជាច្រើនរូបផងដែរ ហើយមកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុង​មានវត្តមាន​នៅក្នុង​ខេត្តកែបនៅឡើយ៕

តួលេខ​អ្នក​ស្លាប់ និង​របួស​ព្រឹក​នេះក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប
60 Shares