មកដឹងតួលេខ​បុគ្គល​ដែល​មាន​គោរម្យងា “ឧកញ៉ា” នៅ​ក្នុង​ប្រទេស​កម្ពុជា​

ជុំវិញ​ឧកញ៉ា
8.3K Shares

តាម​រយៈ​សកម្មភាព​ចូល​រួម​សកម្មភាព​ចូល​រួម​អភិវឌ្ឍន៍ និង​កសាង​ជាតិ បុគ្គល​ជាង ៧០០នាក់ ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរម្យងា​ជា “ឧកញ៉ា” រហូត​ដល់​មាន​ចំនួន ៧០៤នាក់ តាម​តួលេខ​ពី​ឆ្នាំ​១៩៩៤ ដល់​ដើម​ឆ្នាំ​២០១៤។

មក​ដល់​ឆ្នាំ ២០១៩ ដែល​កន្លង​ទៅ​ថ្មី​ៗ គេ​ជឿ​ថា ចំនួន​នេះ អាច​ប្រែប្រួល​កំណើន ក្នុង​នោះ​ត្រឹម​តែ​ចុង​ឆ្នាំ ២០១៩ ប៉ុណ្ណោះ មាន​បុគ្គល​៣នាក់​ត្រូវ​បាន​តែង​តាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​ព្រះ​មហាក្សត្រ បន្ទាប់​ពី​ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បាន​តែង​តាំង​ពី​ដើម​ឆ្នាំ។ យ៉ាង​ណា តួលេខ​ចាស់​ក៏​មាន​ការ​ប្រែប្រួល​ដែរ ក៏​ព្រោះ​តែ បុគ្គល​ខ្លះ​បាន​សម្រេច​បោះបង់​គោរម្យងា “ឧកញ៉ា” នេះ​។

សម្ដេច​តេជោ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ២៨ សីហា ២០១៩ បាន​ដាក់​ការ​ហាម​ប្រាម មិន​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​មាន​ដូចជា​ទាហាន ​នគរបាល ​និង​កងរាជ​អាវុធហត្ថ​មាន​ងារ​ជា «​ឧកញ៉ា​» តទៅ​ទៀត​។ ហេតុ​នេះ ធ្វើ​ឲ្យ​ឧកញ៉ា​ខ្លះ​ក្នុង​របាយការណ៍​គិត​ត្រឹម​ឆ្នំា ២០១៤ បាន​សម្រេច​ចិត្ត​លះបង់​ងារ​ជា “ឧកញ៉ា” ក្នុង​នោះ បើ​តាម​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ថ្ងៃ​ទី ២ កញ្ញា ២០១៩ មន្ត្រី​ជាន់​ខ្ពស់​ក្របខ័ណ្ឌ​អគ្គ​បញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ចំនួន ៤៥ បាន​សម្រេច​បោះបង់​ងារ​នេះ។

យ៉ាង​ណា មក​ទល់​បច្ចុប្បន្ន មិន​ទាន់​មាន​របាយការណ៍​ថ្មី​ពី​ចំនួន​ឧកញ៉ា​ដែល​ត្រូវ​បាន​ដោយ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ ត្រូវ​បាន​ទម្លាយ​ចេញ​នោះ​ទេ។

និយាយ​ពី​លក្ខខណ្ឌ​ដែល​បុគ្គល​សាមញ្ញ​ម្នាក់ អាច​ទទួល​គោរម្យងា “ឧកញ៉ា” បាន បើ​យោង​​តាម​អនុ​ក្រឹត្យ​លេខ​​១៥ អន​ក្រ​ ចុះ​ថ្ងៃ​ទី​៥ មេសា ឆ្នាំ​១៩៩៤ ដែល​ចុះ​ហត្ថ​លេខា​​​ដោយ​នាយក​រដ្ឋ​មន្ត្រី​ទី​១ និង​ទី​២ ​ត្រង់​មាត្រា​​២ ចែង​ថា “សប្បុរស​ជន​​ ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា​ ឬ​សម្ភារ​​ មាន​តម្លៃ​លើស​ពី​១០​មុឺន​ដុល្លារ​អាមេរិក (US$100.000) ឡើង​ទៅ​​ នឹង​ត្រូវ​បាន​ជូន​មេដាយ​ស្ថាប​នា​ជាតិ​ថ្នាក់​លេខ​១ និង​ត្រូវ​បាន​រាជ​រដ្ឋា​​ភិបាល​​ស្នើ​សុំ​​ព្រះ​រាជ​យោបល់​​ដ៏​ខ្ពង់​ខ្ពស់​​​​នៃ​​ព្រះ​​​ករុណា​ជា​អម្ចាស់​​ជីវិត​តម្កល់​លើ​ត្បូង​ ដើម្បី​ទ្រង់​ព្រះ​រាជ​ទាន​គោរម្យ​​ងារ​ជា «ឧកញ៉ា»៕

មកដឹងតួលេខ​បុគ្គល​ដែល​មាន​គោរម្យងា “ឧកញ៉ា” នៅ​ក្នុង​ប្រទេស​កម្ពុជា​
8.3K Shares