កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត តម្លៃជិត ១០លានដុល្លារ សម្រេចការសាងសង់បាន ៩៣% ហើយ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់កំពង់ផែទេសចរណ៍ អន្តរជាតិប្រចាំខេត្តកំពត នាថ្ងៃទី២៩ មីនា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងថា គម្រោងសាងសង់កំពង់ផែ ទេសចរណ៍ខេត្តកំពត សម្រេចវឌ្ឍនភាព ការងារសាងសង់បាន ៩៣,៤១% គ្រោងនឹងបញ្ចប់ ការសាងសង់ជាស្ថាពរ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់បន្ថែមថា៖ “កំពង់ផែនេះមានបណ្តោយ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវាដឹកអ្នកដំណើរបានពី៣០០ ទៅ៤០០នាក់ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វឌ្ឍនភាពការងារសាងសង់ សម្រេចបាន៩៣,៤១% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ”។

កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពត មានទីតាំងស្ថិតនៅស្រុកទឹកឈូ កំពុងសាងសង់នៅលើផ្ទៃដីទំហំ ៤ហិកតា មានជម្រៅ៤,៥ម៉ែត្រ ជាហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណជិត ១០លានដុល្លារ។ ក្នុងពេលខាងមុខដ៏ខ្លី ក្រោយបញ្ចប់ការសាងសង់ជាស្ថាបពរ កំពង់ផែទេសចរណ៍អន្តរជាតិ នឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេស ទេសចរណ៍មកពីប្រទេសថៃ និង វៀតណាមចូលមកកាន់កម្ពុជា ជាកំពង់ផែ សម្រាប់អ្នកដំណើរមិនមែន ជាកំពង់ផែទំនិញឡើយ ។

ជាពិសេស កំពង់ផែនេះ នឹងចូលរួមចំណែកជាចលករអភិវឌ្ឍន៍ វិស័យទេសចរណ៍នៅខេត្តកំពត ជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។ ជាពិសេស ជាច្រកទ្វារអន្តរជាតិផ្លូវ សមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូន ភ្ញៀវទេសចរ ទៅកាន់បណ្តាកោះនានា នៅភាគខាងត្បូង និងតភ្ជាប់ ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោកថែមទៀតផង៕