ឧកញ៉ា នួន រិទ្ធី ធ្លាប់​ធ្វើជា​កម្មករ​សំ​​ណង់ និងលក់​កាសែត មុន​ក្លាយជា​ឧ​ក​ញ៉ា

ជុំវិញ​ឧកញ៉ា
591 Shares

លោកឧកញ៉ា​ នួន​ រិទ្ធី​ ជាបុគ្គលម្នាក់​ ដែល​កើតក្នុងត្រកូលគ្រួសារក្រីក្រតែ​ខំប្រឹងប្រែង​តស៊ូ​ ធ្វើជាកម្មករសំ​ណង់​ និងលក់កាសែត​ ដើម្បីយកលុយទៅរៀនបន្តរហូតទទួលបាន​ផ្លែផ្កាក្លាយជា​ឧកញ៉ា​ដូច​សព្វថ្ងៃនេះ។ តើខ្សែជីវិតលោកឧកញ៉ា​ នួន​ រិទ្ធី​ ជួបការលំបាកអ្វីខ្លះ​ កាល​ពីកុមារភាព?

ខ្សែជីវិតរបស់មនុស្សគ្រប់រូបមើលមិនឃើញថ្ងៃស្អែកនោះឡើយ។ ថ្ងៃនេះមានជីវភាព​ក្រលំបាកវេទនា ប៉ុន្តែមិនប្រាកដថា ថ្ងៃខាងមុខនៅតែមានស្ថានភាពបែបនេះនោះទេ ថាមិនត្រូវអាចក្លាយទៅជាមន្ត្រី មហាសេដ្ឋី ឬឧកញ៉ា ក៏ថាបាន ។ តួយ៉ាងដូចជា លោកឧកញ៉ា នួន រិទ្ធី ជាដើម កាលពីជាង ២០ឆ្នាំមុន លោក គឺជាក្មេងដើរលក់កា​សែតតាមចិញ្ចើមផ្លូវ និងធ្វើជាកម្មករសំណង់ ដែលជីវិតរបស់លោកនាពេលនោះ បានជួបការ​លំបាកគ្រប់បែបយ៉ាង។ ប៉ុន្តែងាកមកមើលស្ថានភាពឥឡូវនេះវិញ លោកបាន​ក្លាយជាសេដ្ឋីអចលនទ្រព្យ និងជាបុគ្គលដ៏មានមុខ មាត់ និងកេរ្តិ៍ឈ្មោះ​នៅក្នុងសង្គមម្នាក់។

បុគ្គលឆ្នើម ឬបុគ្គលល្បីល្បាញមានឈ្មោះបោះសម្លេងនៅក្នុងសង្គមគ្រប់រូប មិនមែន​រីកចម្រើន ដោយមិនជួបឧបសគ្គ ឆ្លងកាត់ការលំបាកនៅក្នុងឆាកជីវិតនោះទេ ភាគ​ច្រើននៃពួកគេម្នាក់ៗសុទ្ធតែធ្លាប់បានឆ្លងកាត់ការលំបាក ឬការតស៊ូគ្រប់បែប​យ៉ាង​ទម្រាំសន្សំបានកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃនេះ ។ ជាក់ស្តែងលោកឧកញ៉ា នួន រិទ្ធី បាន​ចាប់កំណើតនៅទីក្រុងភ្នំពេញ ដែលមានឪពុក ជាមន្ត្រីរាជការ ចូលនិវត្តន៍ ហើយ​ម្តាយជាអ្នកលក់ដូរបន្តិចបន្តួចនៅតាមផ្សារ ដើម្បីយកប្រាក់កម្រៃមកផ្គត់​ផ្គង់ជីវភាព​គ្រួសារស្ទើរតែមិនគ្រប់សម្រាប់មួយថ្ងៃៗផង ។ លោករំលឹកថា ជីវិតរបស់លោក​មានការតស៊ូខ្លាំងណាស់ទម្រាំបានដល់ចំណុចនេះ។

កាលរៀននៅបឋមសិក្សា លោកធ្លាប់ដើររើសអេតចាយយកទៅលក់ ដើម្បីរកចំ​ណូល​ជួយផ្គត់ផ្គង់គ្រួសារ រហូតដល់ថ្នាក់អនុវិទ្យាល័យ ក៏ធ្លាប់ដើរលក់កាសែតតាមផ្សារ ហើយពេលបន្តការសិក្សាដល់ថ្នាក់វិទ្យាល័យ ក៏ធ្វើជាកម្មករសំណង់ ដើម្បីបាន​កម្រៃ​យកមកឧបត្ថម្ភក្នុងការសិក្សាខ្លះ និងជួយទំនុកបម្រុងគ្រួសារខ្លះ។

លោកឧកញ៉ា នួន រិទ្ធី មានបងប្អូនបង្កើតចំនួន ៣នាក់ ក្នុងនោះប្រុសពីរ ស្រីមួយ លោក​គឺជាកូនទី២នៅក្នុងគ្រួសារ។

លោកឧកញ៉ា នួន រិទ្ធី គឺជាសិស្សពូកែស្ទើរគ្រប់មុខវិជ្ជា និងបានបញ្ចប់បាក់ឌុបនៅឆ្នាំ ២០០១ ហើយបានបន្តថ្នាក់ឧត្តមសិក្សានៅសកលវិទ្យាល័យន័រតុន ជំនាញសំណង់​ស៊ីវិល។ ព្រោះតែជំនាញនេះហើយ ដែលជំរុញអោយយុវជន រិទ្ធី មានឱកាសចូល​ប្រឡូកក្នុងវិស័យអចលនវត្ថុនៅក្រុមដ៏ធំមួយ អំឡុងពេលដែលកំពុង​រៀនមហាវិទ្យា​ល័យឆ្នាំទី២។ ភាពជោគជ័យចេះតែមានជាបន្តបន្ទាប់ តួនាទីក៏ចេះតែឡើងជាលំដាប់។ ឱកាសចេះតែមានលោកឧកញ៉ា រិទ្ធី ក៏ឆ្លៀតបន្តការសិក្សាថ្នាក់​អនុបណ្ឌិតផ្នែកមុខជំនួញ​ជាតិ និងអន្តរជាតិ នៅសកលវិទ្យាល័យបៀលប្រាយ ដោយបានបញ្ចប់នៅឆ្នាំ ២០១៣។ រហូតដល់ឆ្នាំ ២០១៥ លោកក៏សម្រេចចិត្តបង្កើតក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ទិញលក់ និងបម្រើសេវាកម្មលើផ្នែកអចលនវត្ថុផ្សេងៗ។

ការបង្កើតក្រុមហ៊ុននេះ គោលដៅគឺដើម្បីស្វែងរកប្រាក់ចំណេញ និងបង្កើត​ការងារដល់​ពល​ រដ្ឋខ្មែរមួយចំនួន ជាពិសេសគឺជួយដល់សង្គមជាតិ។

លោកឧកញ៉ា នួន រិទ្ធី ស្វាគមន៍យ៉ាងពេញទំហឹងចំពោះយុវជន ដែលស្រលាញ់ និងចង់​ធ្វើជាភ្នាក់ងារអចលនទ្រព្យ បើទោះជាគ្មានជំនាញ លោកនឹងផ្តល់ឱកាស​ចែករំលែក​ចំណេះដឹង និងបទពិសោធន៍ផ្សេងៗ ព្រមទាំងផ្តល់ជូនប្រាក់ឧត្ថម្ភបន្ថែមទៀតផង។

អ្វីដែលជំរុញអោយឧកញ៉ា រិទ្ធី ជោគជ័យដូចសព្វថ្ងៃនេះ មានគន្លឹះមួយចំនួន​ដែលលោក​បានកំណត់យ៉ាងច្បាស់ដោយខ្លួនឯងរួមមាន៖ ទី១ ការអត់ធ្មត់ ,ទី២ ភាពស្មោះត្រង់ ទី៣ ការសេពគប់  ទី៤ ត្រូវមានវិន័យខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន ទី៥ ពាក់ព័ន្ធនឹងគោលដៅ ហើយ​អ្វីដែលសំខាន់មួយទៀត គឺការព្យាយាម និង ឆន្ទៈធ្វើការងារ ។ ដោយមើល​ឃើញ​ពីភាពជោគជ័យក្នុងការងារ និង ការធ្វើមុខជំនួញ លោកឧកញ៉ា នួន រិទ្ធី ត្រូវបាន​ស្ថាប័នដ៏ល្បីល្បាញមួយនៅទ្វីបអឺរ៉ុប ជ្រើសរើសឱ្យទទួលពាន់រង្វាន់ ដ៏ធំជាងគេមួយ នៅប្រទេសអង់គ្លេស កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ៕

ឧកញ៉ា នួន រិទ្ធី ធ្លាប់​ធ្វើជា​កម្មករ​សំ​​ណង់ និងលក់​កាសែត មុន​ក្លាយជា​ឧ​ក​ញ៉ា
591 Shares