រដ្ឋម​ន្ត្រីព័​ត៌​មាន​​៖ ​ពិព័​រ​ណ៍​​សៀវ​​ភៅ​នេះ​​ ជាឱ​កាស​​​មាស សម្រាប់​​ប្រជា​ជន​​​កម្ពុជា ឈ្វេង​យល់ និង​បង្កើន​ចំ​ណេះ​ដឹង

សង្គម​និង​សេដ្ឋកិច្ច
57 Shares

ភ្នំពេញ៖ សៀវភៅជាង១លានក្បាល ត្រូវបានតាំងលក់នៅក្នុងពិព័រណ៍សៀវភៅធំបំ​ផុត​នៅ រាជធានីភ្នំពេញ ដើម្បីរួមចំណែកបណ្ដុះវប្បធម៌ នៃការអានសៀវភៅនៅកម្ពុជា។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីបើក សម្ពោធ​ពិព័រណ៍សៀវភៅ ដែលបានប្រារព្ធធ្វើនៅក្នុងបរិវេណផ្សាររុងរឿង ខណ្ឌជ្រោយ​ចង្វារ នាព្រឹកថ្ងៃទី០៩ ខែមករា។  ពិព័រ​ណ៍សៀវភៅ Big Bad Wolf Bookនេះ បាននាំ​យកមកនូវសៀវភៅអង់គ្លេសថ្មីៗចំនួន ១លានក្បាល មកដាក់លក់ដោយបញ្ចុះ តម្លៃ​ចាប់ពី 50ភាគរយ រហូតដល់ 90ភាគរយ ចាប់ពីថ្ងៃទី០៩ ខែមករា ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការពិព័រណ៍សៀវភៅនេះថា ពិព័រ​ណ៍នេះ ​បង្ហាញការគាំទ្រពីពិព័រណ៍សៀវភៅ Big Bad Wolf Book ដែលរៀប​ចំធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា នេះជា​ឱកាស​មាស សម្រាប់ប្រជាជន ជាពិសេសយុវជនកម្ពុជា មករកទិញសៀវភៅអង់គ្លេស យកទៅ​អានស្វែងយល់និងបង្កើនចំណេះដឹងរបស់ខ្លួន ព្រោះថាមានសៀវភៅអង់គ្លេស​ថ្មីៗជាង​១លានក្បាល មកដាក់លក់បញ្ចុះតម្លៃ ចាប់ពី៥០ភាគរយ រហូតដល់ទៅ៩០​ភាគរយ ឯណ្ណោះ។

លោក Andrew Yap សហស្ថាបនិកពិព័រណ៍Big Bad Wolf Books បានថ្លែងថា “វាមិនមែនគ្រាន់តែជាពិព័រណ៍សៀវភៅនោះទេ តែជាជាស្ថាប័នមួយដែលធ្វើ យុទ្ធនា​ការដើម្បីលើកកម្ពស់អក្ខរកម្មភាសាអង់គ្លេស។ បេសកកម្មចម្បងរបស់យើង គឺដើម្បី​ផ្លាស់ប្តូរពិភពលោក ជា​មួយសៀវភៅមួយក្បាល ដោយម្តងៗធ្វើឱ្យ ប្រាកដ​ថាសៀវភៅ​របស់យើងមានតម្លៃសមរម្យ និង​អាចរកទិញបាន​សម្រាប់​មនុស្សគ្រប់រូប។ 

លោកបន្តថា មានមនុស្សច្រើនណាស់ ដែលគ្មានលទ្ធិភាពក្នុងការទទួលបានសៀវភៅ ដោយសារតែតម្លៃរបស់សៀវភៅ។ វាពិតជាគួរឱ្យសោកស្តាយណាស់ ព្រោះតាមរយៈ​ការអានសៀវភៅអាចផ្លាស់ប្ដូរជីវិតរបស់មនុស្ស និងជួយជំរុញឱ្យពួក​គេព្យាយាមស​ម្រេច​នូវក្តីស្រ​មៃរបស់ខ្លួន”។ 

សូមបញ្ជាក់ថា ពិព័រណ៍នេះមានសៀវភៅជាច្រើនប្រភេទដូចជា៖ សៀវភៅសម្រា​ប់​កុមារ  សៀវភៅប្រលោមលោក សៀវភៅរឿងពិត សៀវភៅលក់ដាច់បំផុត សៀវភៅ​ប្រលោ​ម​លោកបែបវិទ្យាសាស្រ្ត  សៀវភៅស្នេហា សៀវភៅអភិវឌ្ឍន៍ខ្លួនឯង សៀវភៅ​ក្រាហ្វិក សៀវ​ភៅអាជីវកម្ម សៀវភៅស្ថាបត្យកម្ម សៀវភៅរចនា និងសៀវ​ភៅជាច្រើនប្រភេទទៀត៕

រដ្ឋម​ន្ត្រីព័​ត៌​មាន​​៖ ​ពិព័​រ​ណ៍​​សៀវ​​ភៅ​នេះ​​ ជាឱ​កាស​​​មាស សម្រាប់​​ប្រជា​ជន​​​កម្ពុជា ឈ្វេង​យល់ និង​បង្កើន​ចំ​ណេះ​ដឹង
57 Shares