រដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្ពោធ​​គ​​ម្រោង​​មួយ គាំទ្រដល់មនុស្សថ្លង់ និងប្រ​យុទ្ធ​ប្រ​ឆាំង​អំពើ​​ជួញ​​ដូរ​​មនុ​ស្ស​ ​

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ​ ៖ ឯក​​ឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការគម្រោង Grab for Good គាំទ្រដល់មនុស្សថ្លង់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសា​សន៍ថា គម្រោងនេះមានគោលបំណង ជំរុញលើកទឹកចិត្ត និងផ្តល់ឱ​កាសដល់បងប្អូនថ្លង់ មានបញ្ហាក្នុងការស្តាប់ និងពិការភាព អាចទទួល​បាននូវឱកាស​ការងារ ក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និងការលើកកម្ពស់​បងប្អូនមានពិកា​រភាព ពី​សំ​ណាក់រាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ក៏ដូចជាភាគីពាក់ព័ន្ធ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា គម្រោងនេះគឺជាគម្រោងដ៏សំខាន់មួយ ដែលនឹង​ផ្តល់ផលល្អសម្រាប់សង្គមកម្ពុជា និងជាគម្រោងដំបូងគេបង្អស់នៅកម្ពុជា ដែល​អាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងនាមភាពជាដៃគូ​ក្នុងការបង្កើនឱកាស​សម្រាប់​ជនពិការ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។

ឯកឧត្តម បន្ថែមទៀតថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយនឹង​ការ​ចូលរួមពីដៃគូ និងក្រុមហ៊ុននានា ជាពិសេសក្រុមហ៊ុន បានបង្កើតឱកាសរកចំណូល និងការងារធ្វើជូនមនុស្សថ្លង់ និងអ្នកមានបញ្ហាក្នុងការស្តាប់នៅកម្ពុជា ដែលពួក​គាត់តែងជួបប្រទះកង្វះខាតជម្រើសនៃការធ្វើទំនាក់ទំនងមិនមែនតាមរយៈពាក្យសម្តី ដែលជាឧបសគ្គសម្រាប់ពួកគាត់ក្នុងក្នុងការស្វែងរកឱកាសការងារធ្វើ។

ឯកឧត្ដម បានបញ្ជាក់ផងដែរថា ក្រសួងមានភាពជាដៃគូដ៏រឹងមាំជាមួយក្រុមហ៊ុន Grab តាមរយៈគម្រោង SUMAI របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ជាសហដៃគូ ក្នុងការជួយឧបត្ថម្ភដល់សកម្មភាពសុវត្ថិភាពចរាចរណ៍នៅកម្ពុជា តាមរយៈការឧបត្ថម្ភមួកសុវត្ថិភាព និងឧបករណ៍ចំណាំងផ្លាត សម្រាប់យុទ្ធនា​ការសុវត្ថិភាព​ចរាចរណ៍នៅក្នុងព្រឹត្តិការណ៍នានា នៅតាមបណ្តោយផ្លូវជាតិក្នុងទីក្រុង និងការបណ្តុះបណ្តាលអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរម៉ូតូកង់បីផងដែរ។

លើសពីនេះទៀត ក្រសួងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Grabទាក់ទង​នឹងការចែករំលែកទិន្នន័យ (Data Sharing) ការរៀបចំសេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពីការដឹកជញ្ជូន ការអភិវឌ្ឍមុខងារកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ និងការបង្កើន​ចំនួន​ការប្រើ​ប្រាស់​យានយន្តមិនសូវបញ្ចេញផ្សែងពុល (Cleaner Vehicle) នៅក្នុងទីក្រុង​ភ្នំពេញ ព្រមជាមួយនឹងការពិនិត្យលទ្ធភាពក្នុងការចេញបណ្ណបើកបរជូនជនពិការ ដើម្បីធ្វើឱ្យពួកគាត់អាចទទួលបាននូវភាពស្របច្បាប់ក្នុងការបើកបរផងដែរ៕