សោកស្តាយ​! កូន​ដំរី​ព្រៃ​១​ក្បាល ដែល​មន្ត្រី​ប្រតិដ្ឋាន​​ឃើញ​កណ្ដាល​ព្រៃ​នោះ​ស្លាប់​បាត់​ហើយ

សង្គម​និង​សេដ្ឋកិច្ច
14 Shares

​​

​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី​២០ ខែមករា នេះ បាន​ជូនដំណឹង​ដ៏​ក្រៀមក្រំ​មួយ​ទាក់ទង​នឹង​ការបាត់​បង់ជីវិត​កូន​សត្វ​ដំរីព្រៃ​ញី​១​ក្បាល ដែល​ត្រូវបាន​ប្រទះឃើញ​មាន​សភាព​ស្គមស្គាំង​នៅ​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ បានធ្វើ​ឲ្យ​វា​លែង​កម្រើក លែង​ទទួល​ចំណី ហើយក៏​បាន​បាត់បង់​ជីវិត កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ចន្ទ​។

ផ្អែក​តាម​ផេក “Ministry of Environment” បាន​សរសេរ​រៀបរាប់​ថា(ក្រសួងបរិស្ថាន មន្ទីរបរិស្ថាន​ខេត្តមណ្ឌល​គិរី និងក្រុមការងារជួយសង្រ្គោះ ទាំងអស់ សូមចូលរួមសោកស្ដាយ​នូវការបាត់បង់​កូន​សត្វ​ដំរី​ព្រៃញី ១ក្បាល នៅដែនជម្រកសត្វព្រៃភ្នំព្រេច។)​

កាលពី​ថ្ងៃទី​១៧ មករា កូនដំរី​មួយ​ក្បាល​អាយុ​ប្រហែល​១​មួយ​សប្ដាហ៍​នោះ ត្រូវបាន​សង្គ្រោះ បន្ទាប់ពី​វា​វង្វេង​ចេញពី​ហ្វូង​នៅ​ចំណុច​ព្រៃ​សា​ក្រឹ​ត ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ វា​ត្រូវបាន​ក្រុម​ឧ​ទ្យា​នុ​រក្ស​ផ្តល់​ចំណី និង​ព្យាបាល ដោយសារ​វា​មាន​ជំងឺ​ត្រង់​អវយវៈ​ពោះ និង​មាត់​។​

​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា ការខិតខំ​ប្រឹងប្រែង​មិនបាន​ទទួលផល​ឡើយ ដោយសារតែ​ដំរី នោះ​ចាប់ផ្តើម​អស់កម្លាំង លែង​កម្រើក លែង​ទទួល​ចំណី និង​ទឹក រហូត​ឈានដល់​ការបាត់​បង់ជីវិត​នា​រាត្រី​ឈានចូល​ថ្ងៃ​ចន្ទ ទី​២០ ខែមករា​។​

​អ្នកជំនាញ​សន្និ​ដ្ឋា​ន​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មេ និង​ហ្វូង​របស់​កូនដំរី​នោះ ដើរទៅ​មុន គឺ​ដោយសារតែ​ស្ថានភាព និង​ការវិវត្ត​នៃ​អាកា​រៈ​ជំងឺ​របស់​វា មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​។

​នេះ​ជា​ករណី​ទី​ពីរ បន្ទាប់ពី​កូនដំរី​មួយ​ក្បាល​ត្រូវបាន​ប្រទះឃើញ​ងាប់​ដោយសារ​លង់ទឹក​នៅក្នុង​តំបន់​អូរ​លាវ ព្រំប្រទល់​រវាង ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី ប្រទះឃើញ​អណ្តែត​ក្នុង​ទឹក កាលពី​ថ្ងៃទី​១៥ ខែមករា៕​

14 Shares