អាជ្ញាធរជាតិអ​ប្សរា សហ​ការនិង​សា​​ក​លវិទ្យាល័យហា​វ៉ៃសហ​រដ្ឋ​អា​មេរិករកឃើ​ញទីតាំងគ្រឹះប្រាសាទ និងស​ម្ភារប្រើប្រាស់ របស់មនុ​ស្ស​​ជាង​១០០០ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច
12 Shares

អ្នកជំនាញបុរាណវិទ្យានៃ​អាជ្ញាធរ​ជាតិ​អ​ប្ស​រា​ស​ហ​ការជាមួយសាកលវិទ្យាល័យហា​វ៉ៃសហរដ្ឋអាមេរិកធ្វើកំ​ណាយស្រាវជ្រាវបុរា​ណវិ​ទ្យា​នៅ​​​ទួល​ដូ​ន​ប៉ុក ដែលមានទី​តាំងស្ថិតនៅខាងលិចប្រាសាទវត្តអធ្វា ស្ថិតក្នុងភូមិទ្រាក សង្កា​ត់​សៀ​មរាប ​ខេត្ត​​សៀ​ម​រាប រកឃើញគ្រឹះប្រាសាទ សម្ភារប្រើប្រាស់ និងការតាំងទី​រប​ស់​ម​នុស្ស​ជាង​១០​០​០​ឆ្នាំ​​។​

បណ្ឌិតបុរាណវិទ្យានៃសាកលវិទ្យាល័​យហាវ៉ៃ និងជាប្រធាន​គ​ម្រោ​​​ង​ស្រាវជ្រាវ លោក ហេង ពិភាល់ បានឱ្យដឹងថា ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន៥ រណ្តៅ​ទំហំ១គុណ២ម៉ែត្រ នៅលើទួលដូន​ប៉ុកផងនិងនៅលើ​គោកម​នុស្សរ​ស់នៅ​ក្បែរ​ទួល​នេះ​ផ​​ង​។ 

លោក ទិន ទីណា អនុប្រធានមណ្ឌលអ​ន្តរជាតិស្រាវជ្រាវ ​និងតម្កល់​ឯកសា​រ​អង្គរនៃ​អា​ជ្ញា​​​ធរជាតិអប្សរា បញ្ជាក់ថា ការស្រាវជ្រាវនេះ ធ្វើឡើងដើម្បីស្វែងរកភូមិបុរាណ ទីសក្ការបូជា និង​ស​​ម្ភារប្រើប្រាស់នានា ដែលស្ថិតនៅក្រៅរាជធានីអង្គរ ជាពិសេស​នៅជុំវិញខេត្តសៀមរាប។ គំ​ហើ​​ញថ្មីៗនេះជាប្រយោជន៍សម្រាប់ការ​សិក្សាស្រាវជ្រាវ ការយល់ដឹងពីប្រវត្តិសាស្ត្រ ភូមិ​សា​ស្ត្រ​​ខ្មែរពីអតីតកាលដល់បច្ចុប្បន្ន​ព្រមទាំងរួម​ចំណែកការពារបុរាណដ្ឋានលើតំប​ន់ ដែល​កំពុ​ង​អ​ភិ​វឌ្ឍន៍។

ជាលទ្ធផល រណ្តៅកំណាយនៅទួលដូនប៉ុក បានរកឃើញ​គ្រឹះប្រាសាទធ្វើពី​ថ្មបាយ​ក្រៀ​ម​​ពីខាងក្រោម និងឥដ្ឋនៅពីខាងលើ ដែលកប់ក្នុងដីជម្រៅជាង១ម៉ែត្រ ដែលមានសស​រពេ​ជ្រព​ណ៌​ផ្កា​ឈូក ២កំណាត់ និងគំនរថ្មភក់នៅក្នុងខ្ទមអ្នកតា។ តាមការសន្និដ្ឋាន ប្រាសា​ទគោ​ក​ដូ​ន​ប៉ុ​ក បានកសាងឡើងក្នុងសតវត្សទី១០ មានអាយុប្រហាក់ប្រហែល​ទៅនឹងប្រាសាទបន្ទា​យ​ស្រី ​និ​​ង​​ប្រាសាទព្រះឥន្ទ្រកោសីយ៍ ដែលជាទីសក្ការៈរបស់មនុស្សនាសម័យនោះ។ 

លោកបណ្ឌិតបុរាណវិទ្យា ហេង ពិភាល់ បន្តថា តាមរយៈលទ្ធផលកំណាយ ប្រាសា​ទឥដ្ឋ​នេះ​ដួ​ល​រ​លំនៅរវាងសតវត្សទី១២ឬ១៣ និងលែងជាកន្លែងប្រារព្ធពិធី​សាសនាធំដុំ​ទៀតហើយ ពោ​ល​គឺនៅត្រឹមតែជាគោកអ្នកតាប៉ុណ្ណោះ។ 

ការផ្លាស់ប្តូរនេះ ប្រហែលជួនគ្នានឹងការកសាងវត្តអធ្វា នាសតវត្សទី១២ ឬទី១៣ដែរ ដោ​យ​ម​​នុស្សបានប្តូរទៅគោរពបូជានៅវត្តអធ្វាវិញ។ ក្រៅពីនោះ ទាំងក្នុ​ងរណ្តៅនៅ​ទួល​ដូ​ន​ប៉ុ​ក ​និងគោកភូមិ ក៏ឃើញមានបំណែកកុលាលភាជន៍ចិនពីសតវត្ស ទី១២ដល់ទី១៧ និង​ភា​ជ​ន៍​ខ្មែ​រ​​ផ​លិតនៅតំបន់នគររាជ ភ្នំគូលែន និងជើងឯកនៅសតវត្សទី១០និង១៣ មានភាជន៍ផុយ ភា​ជ​ន៍​រឹងមានស្រទាប់រលោង និងគ្មានស្រទាប់រលោង រួមទាំងរបស់ប្រើប្រាស់ផ្សេងៗទៀត។

នេះសបញ្ជាក់ថា ទីតាំងនេះ ជាភូមិចា​ស់​ត​ពី​ដូ​ន​តា និងមានមនុស្សរស់នៅតគ្នាជាង​១០០០ឆ្នាំមកហើយ ពោលគឺ​តាំង​ពីសតវ​ត្សទី​១០ ​ដែ​ល​មា​ន​​សំ​ណង់ប្រាសាទ​ឥដ្ឋចំ​នួន១ និងមានគោកភូមិនៅជុំវិញប្រាសាទចំនួន៦។ ចំណែក​បំណែ​ក​កុ​លាលភាជន៍​បង្ហាញឱ្យដឹងថា វត្តមានម​នុស្សរស់នៅ​ទួលដូ​នប៉ុក មានយ៉ាង​តិច​ដ​ល់​សតវត្ស​ទី​១​៨។

លោក វិទូ ភិរម្យ បុរាណវិទូនៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្តល់​ឯកសា​រ​អ​ង្គ​រ​នៃ​អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាមរយៈលទ្ធផលកំណាយនៅទួលដូនប៉ុក គឺបា​នប​ង្ហា​ញ​​ភស្តុតាងជាច្រើន ទាក់ទងនឹងការរៀបចំភូមិកររបស់មនុស្សសម័យបុរាណ នៅភាគខាងត្បូ​ង​អ​ង្គរ ដែលប្រាសាទនេះ គឺជាមជ្ឈមណ្ឌលសំខាន់នៃសហគមន៍មួយ។ ប្រាសាទមានម​នុស្ស​ថែ​រ​ក្សា​និងរស់នៅជុំវិញ មានការប្រើប្រាស់សម្ភារ​ផ្សេងៗដែល​បម្រើឱ្យជីវ​ភាពប្រចាំថ្ងៃនិងកិច្ចបូជា។ 

រីឯបំណែកកុលាលភាជន៍អាចឱ្យយើងស្វែងយល់ពីសេដ្ឋកិច្ច និងការរស់នៅ​របស់​មនុស្ស​ពីស​ម័យបុរាណ។ លើសពីនេះទៀត យើងបា​នដឹងពីច​លនា​ពាណិ​ជ្ជកម្ម និងកា​រប្រើប្រាស់​ភាជ​ន៍​នាំ​​ចូលមកពីស្រុកចិន ដូចជាក្នុងរាជវង្សម៉េងនិងឆេង (តិចតួច) ភាជន៍បៃត​ងក្នុងរា​ជវ​ង្សយួ​ន​និង​សុង រួមទាំងប្រភេទភាជន៍រឹងផលិតក្នុងស្រុកផង។

លោក ភិរម្យ បន្តថា លទ្ធផលទាំងអស់នេះនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ត្បិ​ត​នៅ​ជាលទ្ធផលបឋម ហើយក្រុមជំនាញមានគម្រោងស្រាវជ្រាវនាពេលអនាគត ដើម្បីស្វែងយល់​អំ​ពី​​ទំហំនៃខឿនប្រាសាទ។

ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុកនេះ ចាប់ផ្តើមតាំងពីថ្ងៃទី៩ ខែ​ធ្នូ​ ឆ្នាំ២០១៩ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ខាងមុខ៕

អាជ្ញាធរជាតិអ​ប្សរា សហ​ការនិង​សា​​ក​លវិទ្យាល័យហា​វ៉ៃសហ​រដ្ឋ​អា​មេរិករកឃើ​ញទីតាំងគ្រឹះប្រាសាទ និងស​ម្ភារប្រើប្រាស់ របស់មនុ​ស្ស​​ជាង​១០០០ឆ្នាំ
12 Shares