លោក Tadashi Yanai ដែលជាស្ថាបនិកក្រុមហ៊ុនលក់សម្លៀកបំពាក់ Uniqlo និងជាអ្នកមានបំផុតប្រចាំប្រទេសជប៉ុន បាននឹងកំពុងសំងំពិបាកចិត្ត ដោយសារទ្រព្យសម្បត្តិរបស់លោកបានធ្លាក់ចុះស្ទើរតែពាក់កណ្ដាលពោលគឺ ៤៤% បើធៀបនឹងឆ្នាំទៅ។ នេះបើតាមការចុះផ្សាយពី Forbes។
យោងតាមសារព័ត៌មានអាមេរិកាំងបានឲ្យដឹងថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់បុរសជនជាតិជប៉ុនគឺមានប្រមាណ ២៣,៦ ពាន់លានដុល្លារ ខណៈឆ្នាំទៅគឺមានដល់ប្រហែល ៥០ ពាន់លានដុល្លារ។
ការធ្លាក់ចុះនៃទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ មិនមែនកើតមានតែចំពោះលោកឡើយ ពោលស្ទើរគ្រប់បុគ្គលអ្នកមានៗនៅជប៉ុនទាំងអស់សុទ្ធតែជួបប្រទះបញ្ហានេះដូចៗគ្នា ដោយសារការឡើងថ្លៃទំនិញ ប្រេង ស្របពេលសង្វាក់ផ្គត់ផ្គង់មានបញ្ហារអាក់រអួល។
យ៉ាងណា បញ្ហាធំដែលធ្វើឲ្យមហាសេដ្ឋីមានបំផុតនៅជប៉ុនខាតបង់ធ្ងន់ធ្ងរ គឺដោយសារការនាំចេញទំនិញទៅកាន់ប្រទេសចិនមានភាពយឺតយ៉ាវ និងចំណូលបានមកពីប្រទេសមហាអំណាចមួយនេះមានការថយចុះ ដោយសាររដ្ឋាភិបាលចិនប្រកាន់ខ្ជាប់វិធានការទប់ស្កាត់កូវីដ ១៩ តឹងតែងខ្លាំងពេក។ នេះបើតាមការចុះផ្សាយពី Reuters។
ទន្ទឹមនឹងនោះ លោក Yanai ក៏ធ្លាប់បានប្រាប់នៅក្នុងកិច្ចសម្ភាសន៍ជាមួយ The Financial Times កាលពីខែមេសាដែរថា៖ “ពួកយើងកំពុងមានបញ្ហាទាំងផ្នែកចំណូល និងការរស់នៅរបស់បុគ្កលិកដោយសារវិធានការទប់ស្កាត់ Covid Zero របស់ចិន។ សាខានៅទីក្រុងសៀងហៃត្រូវបានបង្ខំចិត្តបិទ ហើយការដឹកជញ្ជូនពីកំពង់ផែរឹតតែពិបាកថែមទៀត”។
សូមជម្រាបដែរថា ប្រទេសចិនគឺជាទីផ្សារធំបំផុតសម្រាប់ក្រុមហ៊ុន Uniqlo ដោយសារនៅទីនោះមានសាខារហូតដល់ ៨៦៥ សាខា ខណៈ ៩០ សាខាមានទីតាំងនៅទីក្រុងសៀងហៃ ហើយវិធានការបិទខ្ទប់របស់ចិនពិតជាបានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរស្ថាបនិកនៃក្រុមហ៊ុនមួយនេះ៕