ក្រុមហ៊ុន​កូរ៉េ​ចាប់អារម្មណ៍ ​ដាំ​ដំឡូង​បារាំង​​នៅ​ខេត្ត​មណ្ឌល​គិរី​

សង្គម​និង​សេដ្ឋកិច្ច

ក្រុម​ហ៊ុន​កូរ៉េ​មាន​បំណង​ដាំ​ដំបូង​បារាំង​ និង​​ដំណាំ​កសិកម្ម​​ផ្សេង​ទៀត​ ក្នុង​ទឹក​ដី​ ខេត្ត​មណ្ឌល​គីរី។ ​​តាម​រយៈ​បណ្តាញសង្គម​ហ្វេស​បុក​ផ្លូវ​ការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រម៉ាញ់ និង​នេសាទ​ លោក វ៉េង សាខុន​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​​បាន​​ជួប​ជា​មួយ​នឹង​លោក​ Mr. Park Kiwook នាយកគ្រប់គ្រង ការិយាល័យ​អភិវឌ្ឍកសិកម្ម​នៅ​បរទេស​នៃ​ក្រសួងកសិកម្មកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងស្តីពី “Establishment of Demonstrative Vegetable Production Complex in Cambodia” ដែលគ្រោង​នឹងបង្កើត​នៅ​ខេត្ត​មណ្ឌលគីរីនាឆ្នាំ២០២០​​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ជំនួប​​កាល​ពី​​ថ្ងៃ​ទី​២០ ខែ​មករា​ ​លោក​ Mr. Park Kiwook ​បាន​​លើក​ឡើង​ថា​ KRC មានចំណាប់​អារម្មណ៍​លើ​ផលិត​កម្មដំឡូង ​បារាំង និង​ប្រភេស​បន្លែសំខាន់ៗដែលកសិករកំពុងផលិតនាពេលបច្ចុប្បន្ន។ ដោយយល់​ឃើញថា​ខេត្តមណ្ឌលគីរី​មាន​សក្តានុពល​ល្អសម្រាប់​ផលិតកម្មដំឡូងបារាំង និងបន្លែ ដោយយោងលើស្ថាន​ភាពភូមិសាស្រ្ត និងអា​កា​ស​ធាតុ​ល្អ សម្រាប់ផលតិកម្មដំឡូងបារាំង កម្ពុជាមានសក្តានុពល ប៉ុន្តែគ្រាន់ថាផលិត​កម្មនេះនៅមិនទាន់បាន​អនុវត្ត​ឱ្យ​​បាន​ពេញលេញ និងត្រឹមត្រូវលើខ្សែច្រវាក់ផលិតកម្ម និង​ទីផ្សារដែលជាដើម​ហេតុចំបងធ្វើឲ្យផលិតកម្មនេះ​មិងអាចធ្វើការផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ហើយដែលតម្រូវឱ្យ​កម្ពុជា​ធ្វើការនាំចូល ហេតុនេះ​នា​ពេល​អនា​គត​គម្រោងនេះគ្រោង​នឹងបង្កើនផលិតភាពផលិតកម្មដំឡូងបារាំង និងបន្លែផ្សេង​ៗ​ទៀតដើម្បីផ្គត់​ផ្គង់​ឱ្យ​ទីផ្សារក្នុងស្រុក និងឈានទៅធ្វើការកាត់បន្ថយបរិមាណនាំចូល និង​ជាពិសេសចូលរួមបង្កើតការងារជូន​ប្រជាពលរដ្ឋ​ ដែលភាគច្រើនជាជនជាតិដើមភាគតិច និងបង្កើន​ប្រាក់ចំណូល។

លោក​ វ៉េង សាខុន​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​​បានសម្តែងនូវសុទិដ្ឋិនិយមគាំទ្រលើគម្រោងនេះ ដោយ​ហេតុ​ថា​កន្លង​មកផលិតកម្មដំឡូងបារាំងនៅកម្ពុជាជាទូទៅកសិករមិនសូវនិយមដាំដុះ ទើបតែប៉ុន្មានឆ្នាំចុងក្រោយ​ដែលមានគម្រោងដែលឧបត្ថម្ភដោយអង្គការ KOPIA KOREA សហការជាមួយសាកលវិទ្យា ល័យភូមិន្ទ​កសិកម្ម​ធ្វើការសិក្សាស្រាវជ្រាវដាំសាកល្បងនៅខេត្តមណ្ឌលគីរី ហើយលទ្ធផលនៃការសិក្សានេះបានបង្ហាញ​ឱ្យឃើញថាដំណាំមានការលូតលាស់ល្អ និងផ្តល់ទិន្នផលគួរជាទីពេញ ចិត្ត។ ហេតុនេះ ឯកឧត្តមបាន​សម្តែង​នូវ​ការគាំទ្រ និងលើកទឹកចិត្ត ហើយសន្យាថានឹងផ្តល់កិច្ច សហការឱ្យបានពេញលេញ និងជាពិសេស​លោក​បាន​ណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​ត្រូវបន្តផ្តល់កិច្ចសហការ​ឱ្យ​បានល្អជាមួយ KRC ដើម្បីឱ្យគម្រោងនេះដំណើរការទៅដោយរលូន និងទទួលបាន​ជោគជ័យតាមការ​រំពឹង​ទុក គឺខេត្ត មណ្ឌលគីរីអាចផលិតដំឡូងបារាំងបាននាពេលអនាគតដ៏ខ្លី៕

​​​