ផ្លូវជាតិលេខ៧១C តម្លៃជិត១៣០លានដុល្លារ គ្រោងបញ្ចប់សាងសង់ក្នុងខែតុលា ឆ្នាំ២០២៤

សង្គម​និង​សេដ្ឋកិច្ច

ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានប្រវែងសរុបជិត ១១៥ គីឡូម៉ែត្រ សម្រេចការសាងសង់បាន៣៧%ហើយ គម្រោងនេះនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឲ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ៧១C កាលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីលក្ខណៈបច្ចេកទេសនៃការសាងសង់ផ្លូវនេះដើម្បីគេចផុតពីបញ្ហាទឹកជំនន់ធំផងដែរ ព្រោះភូមិសាស្ត្រខ្លះជាប់នឹងទន្លេមេគង្គ ដែលត្រូវមានការសាងសង់ស្ពានបើកមុខទឹកប្រវែង៤០០ម៉ែត្រការពារទឹកហូរបុកដាច់ផ្លូវ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្ដាំផ្ញើឱ្យក្រុមសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសសាងសង់យកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង និងត្រូវស្រោចទឹកឱ្យបានជាប្រចាំ ដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនោះ។

គួរបញ្ជាក់ដែរថា ផ្លូវជាតិលេខ៧១C គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម  និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ SCG និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ាន អាន គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១២៩,៩៨លានដុល្លារអាមេរិក៕