ថៃ គ្រោងទិញ​គ្រាប់កា​ហ្វេ​កម្ពុជា នាំចូល​ទៅផ្គត់​ផ្គង់​ក្នុងប្រទេ​សថៃ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនស៊ីភី (CP) របស់ថៃ ចាប់អារម្មណ៍លើការផលិតគ្រាប់កាហ្វេនៅកម្ពុជា ដើម្បីនាំចូលទៅប្រទេសថៃ ខណៈបច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេ កំពុងមាន​កម្រិតខ្ពស់នៅ ថៃ ដែលទំហំនៃការផលិត មិនទាន់អាចផ្គត់ផ្គង់គ្រប់ក្នុងប្រទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ត្រូវបានតំណាងភាគីរបស់ក្រុមហ៊ុនថៃ (CP) បញ្ជាក់នៅក្នុង ជំនួបប្រជុំធុរជនថៃរបស់ក្រុមហ៊ុនស៊ីភី (CP) ដើម្បីពិភាក្សាការងារ នៅទីស្ដីការក្រសួង ពាណិជ្ជកម្មកាលពីចុងសប្ដាហ៍មុននេះ  ជាមួយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម។

នៅក្នុងកិច្ចប្រជុំនោះ តំណាងរបស់ក្រុមហ៊ុនស៊ីភី បានជម្រាបជូនពីគោលបំណង ក្នុងការពិនិត្យលើការផលិតគ្រាប់កាហ្វេនៅកម្ពុជា ដើម្បីនាំចូលទៅប្រទេសថៃ ដែល បច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេ គឺមានកម្រិតខ្ពស់ ដែលទំហំនៃការផលិតនៅប្រទេសថៃ មិនអាចផ្គត់ផ្គង់គ្រប់ចំនួននោះទេ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា ការដាំដុះដំណាំកាហ្វេ គឺមានច្រើននៅខេត្ត មណ្ឌលគិរី និងរតនគិរី ហើយលើកទឹកចិត្តឱ្យក្រុមហ៊ុនស៊ីភី ចុះពិនិត្យដោយផ្ទាល់ និងសហ ការជាមួយសហគមន៍ផលិតគ្រាប់កាហ្វេនៅទីនោះ ដើម្បីពិនិត្យលើលទ្ធភាពជាក់ស្ដែង។

ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនស៊ីភី បង្កើន ប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជាឱ្យបានច្រើនលើសពីការវិនិយោគបច្ចុប្បន្នបន្ថែមទៀត ជាពិសេសការកែច្នៃអង្ករ ដំឡូងមី ពោត និងផលិតផលដទៃទៀត ដែលសុទ្ធសឹងតែជា ផលិតផលមានសក្ដានុពលសម្រាប់នាំចេញ។

គួរបញ្ជាក់ថា បើគិតត្រឹមតែឆមាសទី១ ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ មានប្រមាណជាង៤ពាន់លានដុល្លារអាម៉េរិក ដែលចំនួននេះ បានធ្វើ​ឱ្យកម្ពុជា ឈរនៅលំដាប់ទី៤ ក្នុងចំណោមបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មតា​មព្រំដែនរបស់ថៃ ដោយក្នុងនោះ  ផលិតផល​ដែលកម្ពុជា នាំចេញ​ទៅថៃ​ភាគច្រើនជា ពោត ដំឡូងមី ជាដើម ខណៈដែល​ប្រទេសថៃ នាំចូលមកកម្ពុជាវិញ រួមមាន ឧបករណ៍​អេឡិចត្រូនិក ប្រេងឥន្ធនៈ គ្រឿងសម្អាង សម្ភារសំណង់​ជាដើម៕ AKP