កម្ពុជា-ចិន រំពឹងថា ការចរចាលើការនាំចេញ​ផ្លែតាង៉ែន និងត្រីប្រា ​នឹង​​បញ្ចប់ក្នុងខែកក្កដាខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ចិន រំពឹងថា ការចរចាលើការនាំចេញកសិផលរបស់កម្ពុជាចំនួន២មុខ គឺផ្លែតាង៉ែន និង ត្រីប្រា នឹងបញ្ចប់​​ក្នុងពាក់​កណ្តាល​ខែកក្កដាឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់​និងនេ​សាទ ក្នុងកិច្ចសម្ភាសន៍រវាងឯកឧត្ដម ជាមួយវិទ្យុមិត្តភាពកម្ពុជាចិន កាលពី ថ្ងៃទី២២ មិថុនា ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទនៃប្រទេសកម្ពុជា​បានឲ្យដឹងថា រយៈពេល ៥ ឬ ៦ឆ្នាំចុងក្រោយនេះ ភាគីទាំងពីរបានធ្វើការដោះរបាំងភូតគាមអនាម័យ ចំនួន៦មុខ ហើយ រួមមាន ដំឡូងមី ពោត កញ្ចុង​អង្ករ ស្វាយ និងចេក ដែលបាននាំចេញទៅចិន រួចរាល់ហើយ ដោយពេលនេះកំពុងចរចាគ្នា លើការនាំចេញ២មុខទៀត គឺផ្លែតាង៉ែន និង ត្រីប្រា ដែលសង្ឃឹមថា នឹងបញ្ចប់នៅពាក់កណ្តាលខែកក្កដា ២០២២នេះ។

ក្រៅពីនេះ លោកថា ភាគីទាំងពីរក៏បានពង្រឹងកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងវិស័យព្រៃឈើ រួមមានដូចជា ការ​អភិ​រក្ស​សត្វព្រៃ ការកសាងសមត្ថភាព ផ្លាស់ប្តូរទស្សនកិច្ច ក្នុងនោះ មានការចុះអនុស្សរណៈយោគយល់គ្នា១០ គម្រោង ក្នុង​វិស័យ​ព្រៃឈើនេះ ។ វិស័យជលផល ក៏ប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា រួមមាន ដូចជា  វិធាន​ការទប់ស្កាត់បទល្មើសនេសាទ ក្នុងលំហសមុទ្រ ជាដើម។ ក្រៅពីនេះ ក៏មានកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង ដោយក្រសួងកសិកម្មបានទទួល ៦ គម្រោង ដែលបាននិងកំពុងអនុវត្ត ជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឲ្យដឹងដែរថា ក្រៅពីគម្រោងខាងលើ មានគម្រោង​ដែល​សំខាន់មួយទៀតដែរ គឺភាគីចិនបាននិងកំពុង ជំរុញផែនការអនុវត្តផែនការទំនើបកម្មកសិកម្ម នៅកម្ពុជា បានចុះវាយតម្លៃ​នៅតាមបណ្តាខេត្ត អំពីស្ថានភាពនៅកម្ពុជា។តាមរយៈគម្រោងនេះ  រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានបង្ហាញការ​ជឿជាក់ដែរ​ថា បេសកកម្មរបស់មិត្តចិន អាចនឹងបន្តការសិក្សាបន្ថែមទៀត តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា នាពេលកន្លង​មក៕