ណែនាំឱ្យស្គាល់កូនប្រុសស្រី៣រូប របស់មហាសេដ្ឋីម្ចាស់វិមានវឌ្ឍនៈកាពីតាល

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល និងភរិយារបស់លោក អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ​របស់​ធនាគារ​វឌ្ឍនៈ ​​មាន​កូនប្រុសស្រី​ចំនួន​០៣​នាក់ កំពុង​​កាន់​តំណែង​ធំៗ​ ​ដែលជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​វឌ្ឍនៈ ​និងមាន​តំណែងខ្ពស់ៗក្នុងបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធនានា នៃក្រុមហ៊ុនមេ វឌ្ឍនៈផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃ​នេះ​ឧកញ៉ាញូស៍ ​​សូម​បង្ហាញ​ជូន​នូវ​កូនប្រុស​ស្រី​របស់​មហាសេដ្ឋី​ម្ចាស់វិមានវឌ្ឍនៈកាពីតាល​ ចំនួន​០៣​រូប​​ដូច​ខាង​ក្រោម៖

១. លោកជំទាវ សំអាង កាន្និកា

លោកជំទាវ ជាសហស្ថាបនិក និងជានាយកមិនប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាល​ធនាគារ​វឌ្ឍនៈ​ តាំង​ពី​ឆ្នាំ​២០០២។ លោកជំទាវ កាន្និកា មាន​ប្រវត្តិសិក្សា​ទទួល​បាន​បរិញ្ញាបត្រ (កិត្តិយស) ផ្នែក​គណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យា​ល័យ​សេដ្ឋកិច្ច​នៃ​ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ក្នុងឆ្នាំ​២០០៤ និង​បាន​បញ្ចប់​កម្មវិធីសិក្សា​ថ្នាក់​គ្រប់​គ្រង​នៅ​សាលាពាណិជ្ជ Harvard សហរដ្ឋអាមេរិក នៅ​ដើម​ឆ្នាំ​២០១០។

រីឯ​បទពិសោធន៍​ការងារ​វិញ លោកជំទាវ មានបទពិសោធន៍​ការងារ​ផ្នែក​សវនកម្ម ជា​សវនករ​ឯករាជ្យ​នៅ​ក្រុមហ៊ុន KPMG និង​ Deloitte ប្រទេស​សិង្ហបុរី ក្នុង​ឆ្នាំ​២០០៤-២០០៧, ការងារ​ផ្នែក​ធនាគារ ជា​គណនេយ្យករ និង​ជា​សមាជិក​ក្រុម​គ្រប់គ្រង​ហានិភ័យ​នៅ​ធនាគារ​លំដាប់​អន្តរជាតិ JP Morgan និង​ Credit Suisse ប្រទេស​សិង្ហបុរី ក្នុង​ឆ្នាំ​២០០៧-២០០៨។ បច្ចុប្បន្ន​លោកជំទាវ ក៏​ជា​សហស្ថាបនិក ភាគទុនិក និង​ជា​អភិបាល​នៃ​ក្រុមហ៊ុន​វឌ្ឍនៈ ប្រូវើរី ឯ.ក និង​ក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ឯ.ក ផង​ដែរ។

២. អ្នកឧកញ៉ា សំអាង វឌ្ឍនៈ

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ​​បាន​ទទួល​បរិញ្ញាបត្រ​ជាន់ខ្ពស់ (Master) ផ្នែក​វិស្វកម្ម សេដ្ឋកិច្ច និង​គ្រប់គ្រង ពីសាកល​វិទ្យាល័យ Oxford ចក្រភពអង់គ្លេស និង​បាន​សិក្សា​ស្រាវជ្រាវ​ផ្នែក​អាជីវកម្ម​ធនាគារ នៅ​ធនាគារ Allied Irish ចក្រ​ភពអង់គ្លេស ក្នុង​ឆ្នាំ​២០០៥។ អ្នកឧកញ៉ា ​​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ វឌ្ឍនៈ ប្របភើធី អិលធីឌី និង​ជា​អ្នក​គ្រប់គ្រង​គម្រោង​សាងសង់​សំណង់​អគារ​វឌ្ឍនៈ កាពីតាល ដែល​បាន​ឈ្នះ​ពាន​រង្វាន់ និមិត្តសញ្ញា​នៃ​ការ​អភិវឌ្ឍ​មាន​ទីតាំង​ នៅ​កណ្តាល​រាជធានីភ្នំពេញ។

បច្ចុប្បន្ន​ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ គឺជា​សហស្ថាបនិក និង​ភាគទុនិក​របស់ ធនាគារ វឌ្ឍនៈ ហើយ​​​ទទួល​បាន​ការ​តែង​តាំង​ជា​ នាយក​មិន​ប្រតិបត្តិ នៃ​ក្រុមប្រឹក្សាភិបាល តាំង​ពី​ឆ្នាំ​២០០២, ​ជា​សហស្ថាបនិក ភាគទុនិក និង​ជា​អភិបាល​នៃ​ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯ.ក, ក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ កាពីតាល លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ឯ.ក។


៣. លោកជំទាវ សំអាង លក្ខិណា

លោកជំទាវ បានទទួលបរិញ្ញាបត្រ (កិត្តិយស) ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Nottingham ចក្រភពអង់គ្លេស ក្នុង​ឆ្នាំ​២០១០។ លោកជំទាវ សំអាង លក្ខិណា ​​ត្រូវ​បាន​តែងតាំង​ជា នាយក​មិន​ប្រតិបត្តិ នៃ​ក្រុមប្រឹក្សាភិបាល នៅ​ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ​២០១៤។ បច្ចុប្បន្ន​លោកជំទាវ ក៏​ជា​នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន​ វឌ្ឍនៈ ប្របភើធី អិល​ធីឌី និង​ក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន លីមីធីត, ជាសហស្ថាបនិក ភាគទុនិក និង​ជា​អភិបាល​នៃ​ក្រុមហ៊ុន​ វឌ្ឍនៈ ប្រូវើរី ឯ.ក និងក្រុមហ៊ុន វឌ្ឍនៈ​ ហ្គោល រីហ្សត ឯ.ក។

គួរបញ្ជាក់​ថា ក្រុមហ៊ុនមេ វឌ្ឍនៈ គឺ​មាន​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​ជា​ច្រើន​​ដូចជា ក្រុមហ៊ុន វឌ្ឍនៈ កាពីតាល លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ឯ.ក, ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯ.ក, ក្រុមហ៊ុន វឌ្ឍនៈ អលង្ការ ចំកាត់ និងក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី, ​សួន​ឧស្សាហកម្ម វឌ្ឍនៈ ១ & ២, ធនាគារ វឌ្ឍនៈ និងរោងចក្រផលិតស្រាបៀរ វឌ្ឍនៈ ផងដែរ៕