ឧកញ៉ា ប៊ុន រតនា ហៅថា “សេម” ម្ចាស់អាជីវកម្មទិញ-លក់រថយន្តដ៏ធំ S-Auto ត្រូវបានគេស្គាល់ច្រើន តាមរយៈការបង្ហាញមុខលើបណ្តាញសង្គមហ្វេសប៊ុកក្នុងការផ្ទាយផ្ទាល់លក់រថយន្តផ្សេងៗ នៅក្នុងការ៉ាសរបស់លោក ដែលមានទីតាំងនៅលើផ្លូវឯកឧត្តម ជា សុផារ៉ា។
ការពិតក្រៅពីអាជីវកម្មទិញ-លក់រថយន្ត S-Auto បច្ចុប្បន្ននេះលោកឧកញ៉ា នៅមានអាជីវកម្មធំៗចំនួន៦ផ្សេងទៀត។ ក្នុងវេទិកា “ជំនួបម្ចាស់អាជីវកម្ម និងហ្វ្រេនឆាយ២០២២” កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ឧកញ៉ា ប៊ុន រតនា បានបង្ហាញឱ្យសាធារណៈជនដឹងថា លោកកំពុងមានអាជីវកម្មឬមុខជំនួញធំៗសរុបចំនួន ៧ ដែលមានដូចខាងក្រោម៖
១. S-AUTO Cambodia៖ ការ៉ាសទិញ-លក់រថយន្តធុនតូចប្រភេទគ្រួសារ
២. S-AUTO ជួលរថយន្ត៖ សម្រាប់ជួលរថយន្តទំនើបៗ
៣. S-AUTO Sevice៖ ការ៉ាសបម្រើសេវាកម្មជួសជុលរថយន្ត
៤. អេសឆ្ងាញ់៖ លក់បោះដុំទាខ្វៃ (បង្កើតឡើងសម័យកូវីដ-១៩)
៥. លំហែរ៖ អភិវឌ្ឍន៍គម្រោងផ្ទះលំហែទំនើប ជាយក្រុង ចម្ងាយប្រហែល៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ នឹងចាប់ផ្តើមលក់នៅខែសីហា ឬខែកញ្ញា ឆ្នាំ២០២២
៦. ហាងលក់ពេជ្រ ឈីវែលរី (ទុន៥០% ជាមួយភរិយា)៖ លក់គ្រឿងអលង្ការមាសពេជ្រ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។
៧. Amazing Family Trading Co.,Ltd (ទុន៥០% ជាមួយភរិយា)៖ នាំចូលចែកចាយគ្រឿងសំអាងសាប៊ូរ។
លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា មូលហេតុនាំឱ្យលោកបង្កើត “អេសឆ្ងាញ់” គឺដោយសារសម័យកូវីដ-១៩ ធ្វើឱ្យចំណូលពីវិស័យរថយន្តស្ទើរតែគ្មាន ដូច្នេះបានធ្វើឱ្យលោកមានគំនិតទៅបង្កើតមុខជំនួញលើវិស័យអាហារវិញ។ បទពិសោធន៍កូវីដ-១៩ បានធ្វើឱ្យលោកយល់ថា លោកគួរតែបង្កើតមុខជំនួញលើវិស័យផ្សេងៗទៀត ដើម្បីការពារហានិភ័យ ដូច្នេះហើយទើបបានបន្ថែមជំនួញវិស័យដទៃទៀតទាក់ទងនឹងអចលនទ្រព្យ (លំហែរ), គ្រឿងសំអាង និងហាងលក់ពេជ្រ ជាដើម។
ឧកញ៉ា សេម បានលើកឡើងថា៖ “ពេលកូវីដ-១៩ មកដល់ខ្លាំង នាំឱ្យបិទទីក្រុង ធ្វើឱ្យគាំងចរន្តសាច់ប្រាក់។ ខ្ញុំចាប់ផ្តើមដឹងខ្លួនថា ខ្ញុំរកស៊ីជាច្រើន មានតែឡានមួយមុខ ដូច្នេះហើយលុយអត់ចូលទាំងអស់។ ពេលនោះខ្ញុំគិតថា ខ្ញុំមិនគួរមានអាជីវកម្មតែមួយវិស័យទៀតទេ គួរតែមានវិស័យអ្វីផ្សេងទៀត។ អញ្ចឹងក៏ឃើញវិស័យចំណីអាហារ កូវីដហើយនៅតែលុយចូលទៀត ដូច្នេះក៏បង្កើត «អេសឆ្ងាញ់» មួយ។ បន្ទាប់មក ខ្ញុំចាប់ផ្តើមចេញយុទ្ធសាស្ត្រមុំចង្ក្រាន្ត គឺរកស៊ីត្រូវតែមាន៣ ឬ៤វិស័យ។ ឧទាហរណ៍ បើមានបញ្ហាកូវីដ-១៩ ប៉ះពាល់៣វិស័យ ក៏សល់៤វិស័យដែរ”។
សូមបញ្ជាក់ថា មុខជំនួញទាំង៧ខាងលើនេះ ឧកញ៉ា ប៊ុន រតនា បានដាក់បញ្ចូលក្នុងក្រុមហ៊ុនមេមួយឈ្មោះថា “Amazing Wholding”។ ឧកញ៉ា ប៊ុន រតនា គឺជាអតីតអ្នកដឹកនាំសម្តែងក្នុងផលិតកម្មថោន បន្ទាប់មកលោកបែរមកប្រកបអាជីវកម្មលើវិស័យរថយន្ត។ ភាពជោគជ័យលើអាជីវកម្មជាបន្តបន្ទាប់ បានធ្វើឱ្យលោកទទួលបានគោរមងារជា “ឧកញ៉ា”កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០៕