លោក វេជ្ជបណ្ឌិត លី ​ចេង​ហ៊ុយ៖ «វិធាន៣​គួរ​៣​កុំ» ជា​អាវុ​ធ​កា​រ​ពារ​ខ្លួន​​ពីកូរ៉ូណាវីរុសថ្មី

សង្គម​និង​សេដ្ឋកិច្ច

លោក វេជ្ជបណ្ឌិត លី ចេងហ៊ុយ អ្នក​ជំនាញមួយរូបនៅ​​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា បានលើកឡើងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២០ នេះថា តាំងពីផ្អើលការរាលដាលមេរោគកូរ៉ូណាវីរុសថ្មី ដែលកើត​ឡើង​មុនដំបូងនៅអ៊ូហាន ប្រទេសចិនមក មានព័ត៌មានជាច្រើន ខ្លះពិតខ្លះមិនពិត ដែល​បានផ្សព្វផ្សាយ ដោយសាធារណជន និងស្ថាប័នមួយចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមគ្នានេះ លោក វេជ្ជបណ្ឌិត លី ចេងហ៊ុយ បានលើកឡើងបន្តថា ដោយសារការ​កំណត់ឈ្មោះជម្ងឺ ប្រភពមេរោគ របៀបឆ្លងមេរោគ រោគសញ្ញា ការវិវត្តន៍ និងការព្យា​បាលនៃជំងឺ នៅមិនទាន់បានច្បាស់លាស់នៅឡើយ ទើបមានការលំបាក​ក្នុងការជឿ​ជាក់ និងចាត់វិធានការឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ១០០%។

ហេតុនេះ លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ក៏បានចូលរួមចែករំលែកព័ត៌មាន និងចំណេះ​ដឹងមួយចំនួន ស្តឺពីមេរោគអ៊ូហាន ឬមេរោគកូរ៉ូណាថ្មី ជូនសាធារណៈជន ទុកគ្រាន់​ជាការយល់ដឹង និងជាអាវុធការពារខ្លួន។

ក្នុងនោះលោកវេជ្ជបណ្ឌិតបញ្ជាក់ដូច្នេះថា «ជាកិច្ចបន្ទាន់ ដើម្បីថែទាំសុខភាព​ពីការរាតត្បាតមេរោគអ៊ូហាន ខ្ញុំសូមជូន «វិធាន៣គួរ៣កុំ» ងាយស្រួលចងចាំ និងប្រតិបត្តិតាម ដូចតទៅ៖


+ គួរ៣ប្រការ៖
១-គួរលាងដៃជាមួយសាប៊ូ ឬអាល់កុល ឲ្យបានញឹកញាប់ ជាពិសេសមុននិងក្រោយប៉ះកាន់អ្វីមួយ។
២-គួរពាក់ម៉ាស់ នៅពេលក្អកកណ្តាស់ និងនៅពេលនៅទីប្រជុំជន ដែលមានមនុស្សច្រើនកុះករ។
៣-គួរជួបពិគ្រោះ និងព្យាបាល ជាមួយគ្រូពេទ្យជំនាញត្រឹមត្រូវ បើសង្ស័យឬមានអាការរោគមិនស្រួលខ្លួន។

+ កុំ៣ប្រការ៖
១-កុំពិសារសាច់សត្វឆៅ ឬចម្អិនមិនបានល្អ ជាពិសេសសាច់សត្វព្រៃ។
២-កុំទៅកន្លែងដែលចិញ្ចឹម ឬសម្បូរសត្វព្រៃ និងសត្វស្លាប ឬបក្សាបក្សី។
៣-កុំនៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកន្លែងដែល​មានអ្នកមានរោគ​សញ្ញាជម្ងឺផ្លូវដង្ហើមជាដើម។


រហូតមកដល់ពេលនេះ តាមការបញ្ជាក់របស់រដ្ឋមន្រ្តីសុខាភិបាលកម្ពុជា បានឲ្យដឹងថា ទើបនឹងមានករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ១ករណីតែប៉ុណ្ណោះ នៅកម្ពុជា។ មេរោគនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ដែលធ្វើ​ដំណើរ​ពីក្រុងវូហាន ខេត្តហ៊ួប៉ី ប្រទេសចិន ចូលមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនរូបនោះ មកជាមួយក្រុមគ្រួសារ៣នាក់ទៀត ប៉ុន្តែក្រុមគ្រួសារ​របស់គាត់ រហូតមកដល់ពេលនេះ ពុំទាន់រកឃើញថាបានឆ្លងជំងឺកាច​សាហាវនេះ​ឡើយ​។

ហេតុនេះ ពាក់ព័ន្ធនៅតែអំពាវឲ្យសារធាណៈជន ថែរក្សាសុខភាពផ្ទាល់ខ្លួន និងប្រុង​ប្រយ័ត្ន​ការពារខ្លួនពីកូរ៉ូណាវីរុសថ្មី ខណៈក្រសួងសុខាភិបាលកម្ពុជាកំពុងតែ​ដុតដៃ​ដុតជើង​លើរឿង​នេះ៕ អត្ថបទ៖ សិរីកា