ស្រណោះ! ថៅកែ​វ័យ​ក្មេង​មួយ​រូប ចេញ​មក​​ច្រៀង​ផ្ញើ​ជូន​ទៅ​មិត្ត​ម្នាក់​ដែល​ស្លាប់​ដោយ​សារ​ប្រពន្ធ​ផិត

កម្សាន្ត
4K Shares

ថៅកែ​ដីឡូតិ៍​វ័យ​ក្មេង​មួយ​រូប ដែល​​គេ​ស្គាល់​ឈ្មោះ​ថា “សីហា” បាន​ចេញ​មុខ​មក​ច្រៀង​យ៉ាង​កម្រ​ក្នុង​បទ​ចម្រៀង​របស់​លោក ឡេង ប៊ុនណាត មួយ​បទ​មាន​ចំណង​ជើង​ថា “មេឃ​ក្រឡាប់​លើ” ដែល​អត្ថន័យ ចាក់​ដោត​ខ្លាំង សម្រាប់​អ្នក​ដែល​មាន​រឿង​ផិត​ក្បត់​ក្នុង​ក្រុម​គ្រួសារ។

លោក​ថៅកែ វ័យ​ក្មេង ចេញ​មក​ច្រៀង​បទ​​ខាង​លើ ខណៈ​ម្ចាស់​បទ លោក ឡេង ប៊ុន​ណាត បាន​បាត់​មុខ​ឈឹង​ពី​សិល្បៈ​មិន​ដឹង​ថា​បច្ចុប្បន្ន​លោក​នៅ​ឯណា​ឡើយ។ និយាយ​ពី​ការ​ចេញ​​ច្រៀង​របស់​លោក សីហា ជា​ថៅកែ​ដីឡូតិ៍​វ័យ​ក្មេង ត្រូវ​បាន​គេ​ដឹង​ថា លោក​មាន​​ហេតុផល​ចាំ​បាច់​មួយ​ចំនួន។ ទី​១ ដោយ​សារ​លោក​ជា​អ្នក​ចូល​ចិត្ត​ស្ដាប់​រាល់​បទ​របស់​តារា​ចម្រៀង​ជើង​ចាស់​ខាង​លើ ឬ​អាច​និយាយ​បាន​ថា ឡេង ប៊ុនណាត ជា idol របស់​លោក។

ទី​២ បទ​ចម្រៀង “មេឃ​ក្រឡាប់​លើ” ជា​បទ​ដ៏​ពីរោះ និង​កម្រ​មាន​អ្នក​ធ្លាប់​បាន​ស្ដាប់​ណាស់។ ហេតុផល​ទី​៣ ដែល​ពិសេស​បំផុត គឺ​លោក ច្រៀង​ឧទ្ទិស​ទៅ​មិត្ត​ម្នាក់ ដែល​បាន​​ជួប​រឿង​រ៉ាវ ប្រពន្ធ​ក្បត់​ផិត រហូត​ដល់​អស់​ជីវិត​ខ្លួន​ឯង គួរ​ឲ្យ​ស្រណោះ​បំផុត​ថែម​ទៀត។

លោក សីហា ប្រាប់​ថា មិត្ត​ដ៏​អភ័ព្វ​របស់​លោក​នោះ ដើម​ឡើយ គឺជា​គ្រូ​បង្រៀន​ដ៏​ស្លូត​បូត​មួយ​រូប មាន​ភរិយា និង​កូន​២នាក់។ បន្ទាប់​ពី​រួម​រស់​ជាមួយ​គ្នា​បាន​ជា​កូន ពូន​ជា​​ចៅ ភរិយា​របស់​លោក បែរ​ជា​បែក​ឆ្វេង​ទៅ​លួច​មាន​សហាយ ហើយ​នាំ​មក​នេបនិត្យ​ស្នេហ៍​ដល់​ផ្ទះ​ថែម​ទៀត។

មិត្ត​របស់​លោក បាន​ដឹង ព្រោះ​បាន​តាម​ទាន់​ម្ដង​ជា​ពីរ​ដង ប៉ុន្តែ​ដោយ​សារ​ជាតិ​ជា​មនុស្ស​ស្លូត​បូត និង​មាន​ការ​អប់រំ មិត្ត​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ហិង្សា​លើ​ពួក​គេ​ឡើយ ប៉ុន្តែ​បាន​ស្ដី​ប្រដៅ​ភរិយា ឲ្យ​ឈប់​ធ្វើ​ទង្វើ​បែប​នេះ​ទៀត វា​នាំ​ឲ្យ​អាម៉ាស់​ដល់​ខ្លួន​ឯង និង​គ្រួសារ ប៉ុន្តែ​អ្វី​ៗ​មិន​អាច​កែ​ប្រែ​បាន ពោល​គឺ​ភរិយា​រូប​នោះ នៅ​តែ​បន្ត​ទង្វើ​ក្បត់​ផិត​នេះ​ដដែល​ជា​ដដែល។

មិន​ត្រឹម​ប៉ុណ្ណឹង ភរិយា​រូប​នោះ នៅ​បាន​រួម​គំនិត​គ្នា​ជាមួយ​​សហាយ សម្លាប់​មិត្តភ័ក្ដិ​លោក ឲ្យ​ស្លាប់​ចោល​កូន​ទាំង​ពីរ​ដែល​លោក​ស្រឡាញ់​ស្មើ​ជីវិត​ថែម​ទៀត ដើម្បី​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ​របស់​លោក។ លោក​ថៅកែ សីហា ប្រាប់​ថា ក្រោយមិត្តភ័ក្ដិ​​កើត​រឿង ទើប​លោក​ដឹង​រឿង​ដ៏​គួរ​ឲ្យ​សង្វេគ​នេះ ខណៈ​កាល​នៅ​រស់​មិត្ត​រូប​នេះ បាន​​ស្នើ​ឲ្យ​លោក​ច្រៀង​បទ​ចម្រៀង​ខាង​លើ​ឲ្យ​ស្ដាប់​ជា​រឿយ​ៗ តែ​លោក​មិន​ចាប់​ថ្នាក់ ថា​ជា​សាច់​រឿង​ពិត​របស់​គេ។

ដូច្នេះ​ហើយ ទើប​លោក​ចេញ​មក​ច្រៀង​បទ​ចម្រៀង “មេឃ​​ក្រឡាប់​លើ” ឧទ្ទិស​ទៅ​ដល់​ដួង​វិញ្ញាក្ខន្ធ​មិត្ត​លោក និង​សូម​បួង​សួង​ឲ្យ​បាន​ទៅ​ដល់​ឋាន​សុគតិភព ហើយ​ជាតិក្រោយ​កុំ​អោយ​អភ័ព្វ​ដូច​ជាតិ​នេះ​ទៀត។

រំលឹក​ថា​កាល​ពី​ថ្ងៃ​​ទី ២៧ សីហា ២០១៩ វេលា​ម៉ោង​ពាក់​កណ្ដាល​អាធ្រាត្រមាន​ករណី​បាញ់​សម្លាប់​គ្រូ​បង្រៀន​ម្នាក់​នៅ​នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។ ក្រោយ​ហេតុការណ៍ ប៉ូលីស​បាន​ស្រាវជ្រាវ​រហូត​ដល់​ឃាត់​បាន​ខ្លួន​ជន​សង្ស័យ ដែល​ជា​ភរិយា​របស់​ជន​រងគ្រោះ​តែ​ម្ដង​ឈ្មោះ ឃឿន ស៊ី​ហ៊​ន ហៅ​ស៊ី​ ហ៊​ន ភេទ​ស្រី​អាយុ​២៦​ឆ្នាំ គ្មាន​មុខរបរ​ស្នាក់នៅ​ជាមួយ​ប្តី​(​សព​ឈ្មោះ រឿន រតនា​) ​នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ក្បែរ​កន្លែងកើតហេតុ​ខាងលើ។

ក្រោយ​ពី​ការ​សួរ​ដេញ​ដោល​របស់​​សមត្ថកិច្ច​ជា​ច្រើន​ដង ជន​សង្ស័យ​បាន​​ព្រម​ឆ្លើយ​សារភាព​ថា ខ្លួន​ជា​អ្នក​នៅ​ពី​ក្រោយ​ករណី​ឃាតកម្ម​ចំពោះ​ប្ដី​របស់​ខ្លួន។ ចំពោះ​មូលហេតុ​នៃ​ការ​សម្លាប់​នោះ នារី​ជា​មេ​គំនិត ប្រាប់​ថា ដោយ​សារ​តែ​នាង និង​ជន​រងគ្រោះ​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា ពិសេស​គឺ​ជន​រងគ្រោះ​បាន​ធ្លាប់​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​ឈ្មោះ មករា ជា​អតីត​សង្សារ​នាង​ផង។

ដូច្នេះ​ហើយ ទើប​នៅ​យប់​ថ្ងៃ​កើត​ហេតុ​នោះ នាង ក៏​បាន​រៀប​ចំ​ផែនការ​ជាមួយ​សង្សារ សម្លាប់​ស្វាមី​ដោយ​បាន​ទូរសព្ទ​ហៅ​ស្វាមី ពេល​ថ្ងៃ​នោះ លោក​​បានជាប់​រវល់​ទៅ​បុណ្យ​នៅ​ស្រុក​កំណើតខេត្ត​កណ្ដាល ឲ្យ​ប្រញាប់​ត្រឡប់​មក​ផ្ទះ ហើយ​នាង​បាន​ឲ្យ​សង្សារ​នាង​ទៅ​ចាំ​ស្ទាក់​ផ្លូវ ហើយ​បាន​បាញ់​សម្លាប់​ស្វាមី​អភ័ព្វ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​តែ​ម្ដង៕

4K Shares