ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់ឧកញ៉ា សួរ វិរៈ បានបើកសាខាថ្មី និងបង្ហាញខ្លួននៅកណ្តាលទីក្រុងបាងកក នៃប្រទេសថៃ ជាមួយនឹងស្លាកយីហោមានអក្សរខ្មែរធំៗ។ នេះជាមោទនភាពមួយសម្រាប់កម្ពុជា ដែលមានក្រុមហ៊ុនលើវិស័យដឹកជញ្ជូន មានវត្តមាននៅក្រៅប្រទេស។
ឧកញ៉ា សួរ វិរៈ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃសុក្រនេះថា៖ “មោទនភាពជាតិខ្មែរ! ហើយយើងនៅតែបន្តលើកទង់ជាតិ និងភាសាខ្មែរលើទឹកដីបរទេស។ គ្រប់មុខជំនួញតែងតែចង់បានចំណូលសម្រាប់ក្រុមហ៊ុន តែវីរ:ប៊ុនថាំមិនត្រឹមតែរកចំណូលដល់ក្រុមហ៊ុននោះទេ តែបាននាំមកនូវមុខមាត់ ជូនដល់ប្រជាជនកម្ពុជា និងប្រទេសជាតិទៀតផង។ យើងទទួលការមើលងាយពីបរទេស និងប្រទេសជិតខាងយូរណាស់មកហើយ តែខ្ញុំនៅតែជឿជាក់ថា ប្រជាជនកម្ពុជាពិតជាមានចំណេះដឹង និងភាពវៃឆ្លាតមិនចាញ់បរទេសនោះឡើយ ទោះបីជាប្រទេសបានឆ្លងកាត់សង្គ្រាមដ៏ជូរចត់យ៉ាងណាក៏ដោយ”។
គួរបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជាក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើឆាប់រហ័ស ឈានមុខគេមួយនៅកម្ពុជា នាពេលបច្ចុប្បន្ន។ ថ្មីៗនេះក្រុមហ៊ុន ក៏ទើបតែបើកដំណើរការអាជីវកម្មដឹកអ្នកដំណើរ និងបញ្ញើឡើងវិញ ទៅកាន់សាខានៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ផងដែរ បន្ទាប់ពីផ្អាកមួយរយៈ ដោយសារវិបត្តិកូវីដ-១៩។ ឧកញ៉ា សួរ វិរៈ ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏ជាក្រុមហ៊ុនលេខ១ ដំបូងគេនៅប្រទេសវៀតណាមផងដែរ៕