សេដ្ឋកិច្ចរបស់កម្ពុជា នឹងទទួលបានកំណើន៤.៥ភាគរយ ក្នុងឆ្នាំ២០២២ ខណៈការនាំចេញរបស់កម្ពុជាមានតម្លៃរហូត៤.៨ប៊ីលានដុល្លារអាមេរិក កើន២៦% នៅត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ។នេះបើ យោងតាមការព្យាករចុងក្រោយ របស់ធនាគារពិភពលោក កាលថ្ងៃទី០១ ខែកក្កដា។
របាយការណ៍បច្ចុប្បន្នភាព ស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើង Weathering the Oil Price Shock ដែលចេញផ្សាយដោយធនាគារពិភពលោក ក្នុងខែមិថុនានេះ បង្ហាញថា នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ ការនាំចេញមានតម្លៃទឹកប្រាក់៤.៨ប៊ីលានដុល្លារអាមេរិក គឺកើន២៦ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

របាយការណ៍បានឲ្យដឹងថា វិស័យប្រពៃណីដែលជំរុញកំណើន មានផ្នែកកាត់ដេរសម្លៀកបំពាក់, ទំនិញធ្វើដំណើរនិងស្បែកជើង នៅតែបន្តរីកទំហំ រីឯឧស្សាហកម្មផលិតថ្មីៗ ដូចជាផ្នែកផលិតបរិក្ខារអគ្គិសនី និងគ្រឿងបន្លាស់រថយន្តជាដើម កំពុងតែលេចរូបរាង ហើយការនាំចេញទៅសហរដ្ឋអាមរិកក៏កំពុងតែស្ទុះឡើងវិញដែរ។
ថ្វីដ្បិតតែសេដ្ឋកិច្ចមានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តារឡើងវិញបែរជាជួបសភាពយឺតយ៉ាវដោយសារតែការស្រុតចុះនូវតម្រូវការលើទីផ្សារសកល។ ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជាត្រូវរងទម្ងន់នៃការលំបាកធ្ងន់ ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។
ឱនភាពបញ្ជីសារពើពន្ធត្រូវបានរំពឹងទុកថា នឹងកើនដល់៦.៣ភាគរយនៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់ ត្រូវបន្តធ្វើការចំណាយទៅលើកម្មវិធីនានាដើម្បីជួយដល់ជនក្រីក្រ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា យុទ្ធសាស្ត្រ «រស់នៅជាមួយកូវីដ-១៩» បានបង្កលក្ខណៈឲ្យសេដ្ឋកិច្ចមានដំណើរការ ឈានទៅស្តារស្ថានភាពឡើងវិញ។ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ។
នៅក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងមានកំណើនជាមធ្យម ៦ភាគរយក្នុងមួយឆ្នាំ ដោយសារអំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ផង។ របាយការណ៍នេះ ផ្តល់អនុសាសន៍គោលនយោបាយមួយចំនួន ដែលអាចជួយទ្រទ្រង់សកម្មភាពស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ។

យ៉ាងណា អនុសាសន៍ដែលធនាគារពិភពលោកផ្តល់ទៅកាន់កម្ពុជា គឺភាពចាំបាច់បន្តកិច្ចខិតខំទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩, បន្តពង្រឹងភាពជឿទុកចិត្តរបស់អ្នកទទួលប្រើប្រាស់ និងវិនិយោគិន, ជំរុញការនាំចេញ ជាពិសេសទំនិញកសិផលតាមរយៈកិច្ចសម្រួលពាណិជ្ជកម្មនិងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្ម, និងការបន្តរក្សាលំនឹងថ្លៃទំនិញលក់រាយនៅលើទីផ្សារជាដើម៕