នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉ូសវូដភ្នំពេញ ឯកឧត្តម គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ដំណើរការជាផ្លូវការនូវកម្មវិធី CamDigiKey ជំនាន់ ២.០ និងពិធីចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជន (e-KYC)” រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា តំណាងដោយលោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស។

កម្មវិធីទូរស័ព្ទដៃ CamDigiKey ជាយន្តការមួយរបស់ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជន (e-KYC) ដែលមានឈ្មោះពេញថាថ្នាល Cambodia Digital Key ឬហៅកាត់ថា CamDigiKey។ ជាមួយគណនី CamDigiKey តែមួយ, អ្នកប្រើប្រាស់អាចចូលទៅកាន់សេវាសាធារណៈឌីជីថលបានយ៉ាងងាយស្រួល តាមរយៈការស្កេន QR Code នៅលើកម្មវិធីទូរស័ព្ទដៃ។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច ក៏បានសហការជាមួយធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជន (e-KYC)” ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ជាពិសេសជំរុញការប្រើប្រាស់ប្រព័ន្ធ e-KYC ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។

គួរបញ្ជាក់ថា ថ្នាល់ CamDigiKey ជាឧបករណ៍គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងជាផ្លែផ្កាដែលកើតចេញពីក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥។ ថ្នាលនេះ មិនត្រឹមតែអាចកំណត់អត្តសញ្ញាណអតិថិជនតាមរយៈអនឡាញ (e-Verification) បានយ៉ាងងាយស្រួលចំពោះអ្នកផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ភាពងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកទទួលសេវា រាល់ពេលធ្វើប្រតិបត្តិការអនឡាញ៕

