ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើវីជីស (Khmer Beverages) គឺជាថ្នាក់ដឹកនាំដែលមានចក្ខុវិស័យ និងយុទ្ធសាស្ត្រច្បាស់លាស់ ដែលបានដឹកនាំក្រុមហ៊ុនផលិតស្រាបៀរមួយនេះ ឱ្យក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងស្រុកលើផលិតកម្មស្រាបៀរ និងភេសជ្ជៈ ព្រមទាំងចង់ពង្រីកខ្លួនកាន់តែខ្លាំងនៅលើឆាកអន្តរជាតិទៀតផង។

ក្រុមហ៊ុនខ្មែរ ប៊ែវើវីជីស មានផលិតផលល្បីៗជាច្រើនដូចជា ស្រាបៀរ កម្ពុជា, ស្រាបៀរ គូដូ (KUDO), ស្រាបៀរស្តោត (Barrley Black), ភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ), ទឹកក្រូចអាយស៍ (IZE), ទឹកផ្លែឈើ ជូប (Joop) និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលល្បី និងទទួលបានការគាំទ្រជាខ្លាំងនៅលើទីផ្សារ។

បន្ថែមពីនេះ កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២២ ខ្មែរ ប៊ែវើរីជីស ក៏បានរៀបចំសន្និសីទសារព័ត៌មាននៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីប្រកាសអំពីការដាក់លក់ផលិតផលថ្មី ដែលជាស្រាបៀរដ្រាហ្វច្រកចូលដបដំបូងបង្អស់នៅកម្ពុជាឈ្មោះថា «ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ CAMBODIA PREMIUM DRAFT BEER» ផងដែរ។

លោកឧកញ៉ា លាង ពៅ (ភីធើរ) បានមានប្រសាសន៍ថា៖ «ថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស តែងនាំនូវអ្វីប្លែក និងថ្មីលើសពីការរំពឹងទុករបស់អតិថិជន ដោយសម្រេចផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ។ អតិថិជនអាចពិសាស្រាបៀរ ដ្រាហ្វនៅផ្ទះ និងគ្រប់ទីកន្លែងយ៉ាងងាយ ខុសពីសម័យមុនដែលតម្រូវឲ្យអតិថិជនទៅបារ៍ ផាប់ ឬភោជនីយដ្ឋានផ្ទាល់ទើបអាចទទួលទានស្រាបៀរដ្រាហ្វបាន។ ខ្ញុំបាទហ៊ាននិយាយថា ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនទីមួយនៅប្រទេសកម្ពុជា ហើយក៏ប្រហែលជានៅអាស៊ីអាគ្នេយ៍ផងដែរ ដែលផលិតស្រាបៀរ ព្រីមៀម ដ្រាហ្វ ច្រកក្នុងដប»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនខ្មែរប៊ែវើរីជីស គឹជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនជីបម៉ុង គ្រុប ដែលមានលោកជំទាវ ភាព ហៀក ជាប្រធានក្រុមប្រឹក្សាភិបាល, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក, អ្នកឧកញ៉ា លាង ឃុន ជាសហស្ថាបនិក ហើយកូនប្រុសពៅរបស់លោកជំទាវ គឺ ឧកញ៉ា លាង ពៅ ជាអ្នកមើលការខុសត្រូវក្រុមហ៊ុនខ្មែរប៊ែវើរីជីសនេះដោយផ្ទាល់៕

