ឧកញ៉ា ឈឹម បញ្ញា៖ បើមានដើមទុន គួរតែទិញអចលនទ្រព្យទុក នៅពេលទើបស្បើយកូវីដនេះ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឈឹម បញ្ញា ស្ថាបនិក និងជាអគ្គនាយក បុរី ចន្ទ ខាស់សល ​​បាន​ផ្តល់​ជា​អនុសាសន៍​ថា​ សម្រាប់​អ្នក​មាន​ដើម​ទុន​ច្រើន​ ​​គួរ​តែ​ទិញ​អចលនទ្រព្យ​ទុក នៅ​ពេល​​ទើប​ស្បើយ​កូវីដ-១៩​នេះ ព្រោះ​សេដ្ឋកិច្ច​មិន​ទាន់​ងើប​ឡើង​វិញ​ស្រួល​បួល ​​អចលនទ្រព្យ​នឹង​មាន​ការ​បញ្ចុះ​តម្លៃ​ច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសន៍​ជាមួយ​ឧកញ៉ាញូស៍ កាល​ពី​ពេល​ថ្មីៗ​នេះ​ លោកឧកញ៉ា ​​បាន​​លើក​ឡើង​ថា៖ “មនុស្ស​​កើត​កាន់​តែ​ច្រើន ដី​មាន​នៅ​តែ​ប៉ុណ្ណឹង​ទំហំដដែល។ មនុស្ស​កើត​មក ត្រូវ​ការ​ផ្ទះ​នៅ​ជា​ចាំបាច់ ដូច្នេះ​វិស័យ​អចលនទ្រព្យ​នៅ​តែ​វិស័យ​ល្អ​ជាង​គេ និង​នៅ​តែ​វិស័យ​មាន​សក្តានុពល​ជាង​គេ ព្រោះ​មនុស្ស​ចាំបាច់​បំផុត​ ត្រូវ​ការ​ទីជម្រក”។

“ក្រោយវិបត្តិកូវីដ-១៩​នេះ ​​​ខ្ញុំ​គិត​ថា​វិស័យអចលនទ្រព្យ​​កំពុង​ចាប់​ផ្តើម​រីក​ចម្រើន​ឡើង​វិញ​ តែ​ពុំ​ទាន់​រីក​ខ្លាំង​នៅ​ឡើយ។ និយាយ​ទៅ បើ​យើង​មាន​ដើម​ទុន​ ខ្ញុំ​គិត​ថា​យើង​អាច​ទិញ​នៅ​ពេល​នេះ​គឺ​ល្អ ដោយសារ​តែ​នៅ​ពេល​សេដ្ឋកិច្ច​កំពុង​តែ​ធ្លាក់ ទី១ អចលនទ្រព្យ​​​មាន​ការ​បញ្ចុះ​តម្លៃ​ច្រើន និង​ទី២ បើ​មើល​លើ​ខ្សែ​ក្រាប អចលទ្រព្យ​កំពុង​ស្ថិត​នៅ​លើ​ចំណុច​ទាប។ បើ​យើង​មាន​សមត្ថភាព ​​ការ​ដាក់​ទុន​នៅ​ពេល​នេះ​ គឺ​ការ​ល្អ”។ លោកឧកញ៉ា បានបញ្ជាក់បន្ថែម។

គួរ​បញ្ជាក់​ថា បុរី ចន្ទ ខាស់សល ដែល​មាន​ទីតាំង​នៅ​​ផ្លូវ​៥០ម៉ែត្រ (ក្រវាត់ក្រុង​ទី២) ជិត​ផ្សារ​ទំនើប​ AEON 3 ​​មាន​លក់​ជា​ផ្ទះ​ល្វែង វីឡា រួម​ទាំង​ផ្ទះ​អាជីវកម្ម​ផង​ដែរ។ ឧកញ៉ា ឈឹម បញ្ញា បាន​កើត​ក្នុង​គ្រួសារ​ធូរ​ធារ​មធ្យម ហើយ​លោក​បាន​​ចេញ​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​បច្ចេកវិទ្យា​ និង​ឌីហ្សាញ ​នៅ​ប្រទេស​សិង្ហបុរី កាល​ឆ្នាំ​២០០៣ និង​បាន​បន្ត​សិក្សាថ្នាក់​អនុបណ្ឌិត​ផ្នែក​​គ្រប់គ្រង​អាជីវកម្ម​​ នៅ​ទីក្រុង​ស៊ីដនី​ ប្រទេស​អូស្ត្រាលី នៅ​ឆ្នាំ២០១០ មុន​នឹង​ត្រឡប់​មក​បើក​អាជីវកម្ម​ជា​បន្ត​បន្ទាប់​ ក្នុង​ប្រទេស​កម្ពុជា​វិញ ចាប់ពី​​ចុង​ឆ្នាំ​២០១២ មកទល់បច្ចុប្បន្ន៕