ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា យល់ឃើញថាវិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ កំពុងមានឧបសគ្គធំៗចំនួន៣ គឺ ទី១ បញ្ហាថ្លៃដឹកជញ្ជូនតាមកប៉ាល់ឡើងថ្លៃខ្ពស់ខ្លាំង ទី២ បញ្ហាកង្វះទូកុងតឺនឺក្នុងការច្រកទំនិញសម្រាប់ដឹក និងទី៣ បញ្ហាប្រេងឡើងថ្លៃ។
ថ្លែងប្រាប់ឧកញ៉ា ញូស៍ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ស៊ិន ចន្ធី បានមានប្រសាសន៍ថា៖ “ការងារដឹកញ្ជូន និងឡូជីស្ទីកកន្លងមក យើងមានឧបសគ្គ៣ តាំងពីចាប់ផ្តើមមានកូវីដ-១៩។ ទី១ បញ្ហាថ្លៃដឹកជញ្ជូនតាមកប៉ាល់ឡើងថ្លៃខ្ពស់ខ្លាំង ទី២ បញ្ហាកង្វះទូកុងតឺនឺក្នុងការច្រកទំនិញសម្រាប់ដឹក និងទី៣ ជាបញ្ហាដែលកើតមានឡើងរហូតមកដល់សព្វថ្ងៃនេះ ហើយក៏មិនទាន់ដឹងថា តើពេលណានឹងចប់បញ្ហានេះដែរ នោះគឺបញ្ហាប្រេងឡើងថ្លៃ តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន”។
លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា ចំពោះបញ្ហាតូចតាចមិនពាក់ព័ន្ធនឹងបញ្ហាពិភពលោក គឺយើងអាចដោះស្រាយលក្ខណៈផ្ទៃក្នុងយើងបានជាបណ្តើរៗ ប៉ុន្តែយើងគេចមិនរួចពីការឡើងថ្លៃនោះទេ ព្រោះមធ្យោបាយដឹកញ្ជូនគឺទាក់ទងនឹងប្រេងឥន្ធនៈ ដូច្នេះនៅពេលប្រេងឥន្ធនៈឡើងថ្លៃ យ៉ាងណាក៏ការដឹកជញ្ជូនមានការកើនឡើងតម្លៃថ្លៃជាងមុនផងដែរ។
គួររំឭកថា កាលថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឧកញ៉ា ស៊ិន ចន្ធី ដែលមានបទពិសោធន៍ជាង ២៥ឆ្នាំ ក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន បានដឹកនាំប្រតិភូកម្ពុជា មានប្រមាណជាង ៣០ក្រុមហ៊ុន ទៅធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសឡាវ ដោយមានបំណងស្វែងយល់ និងសិក្សាពីផ្លូវរថភ្លើង ក្នុងការតភ្ជាប់ពីប្រទេសចិន (ទីក្រុងគុនមីង) មកទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ឆ្លងកាត់ប្រទេសថៃ និងមកដល់កម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត។ លោកឧកញ៉ា រំពឹងថា បើការតភ្ជាប់ផ្លូវដែកនេះទទួលបានជោគជ័យ នោះនឹងជួយបង្កើតសមត្ថភាពលើវិស័យដឹកជញ្ជូនរបស់កម្ពុជា បានមួយកម្រិតទៀត៕