សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។
តាមរយៈសារជាសំឡេងនៅព្រឹកថ្ងៃទី៩ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។
សម្តេចបញ្ជាក់ថា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើកលោក អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ បន្ថែមពីលើនោះ លោក អាបេ ក៏បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ លោក អាបេ ក៏ជានាយករដ្ឋមន្ត្រី ដែលបានជំរុញដល់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន និងជំរុញដល់ទំនាក់ទំនងមេគង្គ-ជប៉ុនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា ដើម្បីសម្តែងនូវការដឹងគុណចំពោះមនោសញ្ចេតនាការស្រឡាញ់ដ៏ស្មោះត្រង់របស់លោក អាបេ ស៊ិនហ្សូ បានសម្រេចឱ្យមានការកាន់មរណទុក្ខនៅទូទាំងប្រទេសមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។
ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ឱ្យយកចិត្តទុកដាក់រៀបចំការកាន់មរណទុក្ខនេះ ដោយតម្រូវឱ្យមានការបង្ហូតទង់ជាតិនៅពាក់កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ៕