អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សុខា អូតែល បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកបន្ថែមទីតាំងដីទំហំ ១១ ១៧៧ ហិកតា សម្រាប់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន សុខា អូតែល នៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”។

តាមរយៈលិខិតស្នើសុំលេខ ០១៥ សអ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយអ្នកឧកញ៉ា សុខ គង់ បានបញ្ជាក់ឱ្យដឹងថា កន្លងមកក្រុមហ៊ុន សុខា អូតែល បានចំណាយអស់ទុនវិនិយោគជាច្រើន ទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានា ប៉ុន្តែស្ថានភាពដីភ្នំបូកគោមានលក្ខណៈមិនរាបស្មើ ដែលផ្ទៃដីអាចប្រើប្រាស់បានសម្រាប់ការសាងសង់មានប្រមាណពី ២០ ទៅ ៣០ភាគរយតែប៉ុណ្ណោះ ក្រៅពីនេះគឺត្រូវអភិរក្សទុកជាឧទ្យានធម្មជាតិ និងតំបន់ជីវចម្រុះ។

ដូច្នេះដើម្បីអភិវឌ្ឍផែនការអភិវឌ្ឍន៍ទីក្រុងបូកគោ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយជាទីក្រុងវៃឆ្លាតបែបសម័យទំនើប ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិបច្ចុប្បន្ន និងទៅអនាគត ទើបក្រុមហ៊ុនស្នើសុំពង្រីកបន្ថែមទីតាំងដីទំហំ ១១ ១៧៧ ហិកតា បន្ថែមទៀត។

យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការពិនិត្យករណីសំណើសុំពង្រីកបន្ថែមទីតាំងដីរបស់ ក្រុមហ៊ុន សុខា អូតែល សម្រាប់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន សុខា អូតែល នៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ក៏បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើករណីសំណើខាងលើនេះផងដែរ។


គួរបញ្ជាក់ថា ក្រុមហ៊ុន សុខា អូតែល ជាក្រុមហ៊ុនដែលបានទទួលគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍នៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”។ បច្ចុប្បន្ន ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ជាច្រើនតាមផែនការមេមានដូចជា ផ្លូវចាក់កៅស៊ូពីជើងភ្នំឡើងទៅលើកំពូលភ្នំ, ផ្លូវគមនាគមន៍នៅលើភ្នំ, ស្ថានីយផ្គត់ផ្គង់ទឹកស្អាត អគ្គីសនី សណ្ឋាគារ រមណីយដ្ឋាន លំនៅឋាន កសិដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ព្រមទាំងសំណង់សេវាកម្មនានាជាច្រើនទៀត៕


