ភោជនីយដ្ឋាន ផាក កាហ្វេ បង្កើតឡើងដោយសហគ្រិនខ្មែរមួយក្រុមដែលជាភោជនីយដ្ឋានប្រ៊ែនក្នុងស្រុកនាំមុខគេមួយ ដែលបានចាប់ផ្តើមអាជីវកម្មតាំងពីឆ្នាំ ២០០៤។ ដោយមានការតាំងចិត្តខ្ពស់ ការខិតខំប្រឹងប្រែង ជាមួយទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយខ្លួនទៅជាភោជនីដ្ឋានលំដាប់ទី១ នៅប្រទេសកម្ពុជា។
កេរ្តិ៍ឈ្មោះផាក កាហ្វេ ត្រូវបានការទទួលស្គាល់ពីមហាជន ក្រៅពីជាស្លាកយីហោអាជីវកម្មអាហារក្នុងស្រុក គឺជាភោជនីដ្ឋានខ្មែរទី១ ដែលបម្រើអាហារគ្មានប៊ីចេងលើគ្រប់មុខម្ហូប។
ដោយទទួលយកឥទ្ធិពលពីរបៀបចម្អិនអាហារប្រពៃណីខ្មែរ ផាកកាហ្វេមានគោលបំណងលើកស្ទួយផ្សព្វផ្សាយអាហារប្រពៃណីខ្មែរ និងអាហារសុខភាពជូនអតិថិជន។ អតិថិជនគោលដៅរបស់ហាងផាក កាហ្វេ គឺជាប្រជាជនមានចំណូលមធ្យមនិងខ្ពស់។
បេសកកម្ម ផាក កាហ្វេ គឺមោទនភាពផលិតម្ហូបអាហារដ៏ល្អឥតខ្ចោះ ព្រមជាមួយសេវាកម្មពោរពេញដោយសុជីវធម៌និងរហ័សដល់អតិថិជន។ ជាមួយគ្នានេះ ភោជនីយដ្ឋានខ្មែរនេះក៏ប្រកាន់ទស្សនៈវិស័យ ប្រែក្លាយទៅទៅជាក្រុមហ៊ុនខ្សែសង្វាក់ម្ហូបអាហារឈានមុខគេក្នុងប្រទេសកម្ពុជា ដោយធ្វើឲ្យល្អប្រសើរបំផុតនូវគុណតម្លៃ និងសុខមាលភាពរបស់ដៃគូរអាជីវកម្ម។
ផាក កាហ្វេ រក្សា គុណតម្លៃចំនួន ៨ ចំណុចគឺ អតិថិជនជាចម្បង សុវត្ថិភាពចំណីអាហារ ទំនួលខុសត្រូវសង្គម គំនិតច្នៃប្រឌិត ការអភិវឌ្ឍមនុស្ស ភាពជាដៃគូ ស្តង់ដារប៊្រែន (និតិវិធីប្រតិបត្តិការស្តង់ដារ) និងផ្តោតសំខាន់លើលទ្ធផល។
ផាក កាហ្វេ ទទួលការវិនិយោគទុនពីក្រៅប្រទេស
ផាក កាហ្វេ ដែលបង្កើតឡើងដោយក្រុមហ៊ុនយីហោក្នុងស្រុក បានទទួលការវិនិយោគពីក្រុមហ៊ុនបរទេសបន្ថែមទៀត។ Emerging Markets Investment Pte Ltd (EMI) ជាក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងមូលនិធិដែលបានចុះឈ្មោះនៅលុចសំបួ គឺមូលនិធិអភិវឌ្ឍន៍កម្ពុជា – ឡាវ (CLDF) បានទិញភាគហ៊ុន ហើយកាន់កាប់ភាគហ៊ុន ៣៧.៥ ភាគរយនៅក្នុងផាកកាហ្វេ។ នៅសល់គឺជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក។
ក្រុមហ៊ុនយូណាយធីដ ហ៊្វូដ ខុមភេនី (យូ អេហ្វ ស៊ី) United Food Company
ក្នុងគោលបំណងផ្តល់ជូនការពិសាអាហារសុខភាពឈ្ងុយឆ្ងាញ់ក្នុងបរិយាកាសរំភើបកម្រិតពិភពលោកជូនប្រជាជនកម្ពុជា ក្រុមហ៊ុនយូណាយធីដ ហ៊្វូដ ខុមភេនី (យូ អេហ្វ ស៊ី) បង្កើតឡើងក្នុងឆ្នាំ២០២០ គឺជាក្រុមហ៊ុនផ្តត់ផ្គង់អាហារ គ្រប់គ្រងដោយភាគហ៊ុនធំដោយ V-Trust Group Singapore និង EMIA Investments Cambodia ។ យូ អេហ្វ ស៊ី គឺជាម្ចាស់គ្រប់គ្រងលើម៉ាកភោជនីយដ្ឋាន ផាក កាហ្វេ និង Pizza Hut។
គោលដៅបន្តបន្ទាប់
ផាក កាហ្វេ គ្រោងពង្រីកអាជីវកម្មឲ្យដល់ ១០០ ហាងនៅទូទាំងប្រទេសនៅឆ្នាំ ២០២៥ ។ គិតត្រឹមឆ្នាំ ២០២០ ភោជនីយដ្ឋាន ផាក កាហ្វេ មានសាខា ១៥ នៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ។
ជាមួយគ្នានេះ ក្រុមហ៊ុនម្ហូបអាហារនិងភេសជ្ជៈក្នុងស្រុក មានចម្ការកាហ្វេដោយខ្លួនឯងនៅក្នុងខេត្តមណ្ឌលគីរី ដើម្បីផលិតកាហ្វេសម្រាប់ភោជនីយដ្ឋានផ្ទាល់ខ្លួន និងជួយកាត់បន្ថយការពឹងផ្អែកលើផលិតផលដែលនាំចូល៕