ណែនាំឱ្យស្គាល់កូនប្រុសស្រី ៣រូប របស់អ្នកឧកញ៉ា លី ហួរ កំពុងកាន់តំណែងជាន់ខ្ពស់

ជុំវិញ​ឧកញ៉ា

​អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ ​ក្រុមហ៊ុន លី ហួរ គ្រុប ជាធុរជនខែ្មរមួយរូបដែលមានសមត្ថភាព មានភាពជាសហគ្រិន និងជាអ្នកដឹកនាំល្អ​ព្រម​ទាំងការ​បេ្តជ្ញាចិត្តខ្ពស់ ដោយអ្នកឧកញ៉ាបានបង្កើត និងពង្រីក​អាជីវកម្មក្នុងពហុវិស័យ​យ៉ាង​​ជោគជ័យ អស់​រយៈ​ពេលជាង ៣០ឆ្នាំនៅក្នុងប្រទេសកម្ពុជា រួមមាន វិស័យហិរញ្ញវត្ថុ វិស័យអលចនទ្រព្យ វិស័យកសិ-ឧស្សាហកម្ម និងវិស័យធនារ៉ាប់រងជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទទឹម​នឹង​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន លី ហួរ គ្រុប ​​ដែល​មាន​​អ្នកឧកញ៉ា លី ហួរ ជា​ប្រធាន​នាយក​ប្រតិបត្តិ​​​នោះ ​​ក៏​មាន​ភរិយា​​របស់​លោក​គឺ លោក​ជំទាវ​ឧកញ៉ា ស៊ាង លីម និង​កូន​ប្រុស​ស្រី​ ៣​​នាក់​ទៀត ​​ចូល​រួម​ជួយ​ជ្រោម​ជ្រែង​​​ និង​កាន់​តួនាទី​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ​ផង​ដែរ។

ខាង​ក្រោម​នេះ​ ជា​សមាសភាព​កូន​ប្រុស​ស្រី ៣​​នាក់​របស់​​ឧកញ៉ា លី ហួរ៖

១. ឧកញ៉ា លី សុភ័ក្ត (កូនប្រុសច្បង)៖ អនុប្រធាននាយកប្រតិបត្តិ ​ក្រុមហ៊ុន លី ហួរ គ្រុប

ឧកញ៉ា លី សុភ័ក្ត កើតនៅឆ្នាំ១៩៧៨ ក្នុងខេត្តកំពង់ចាម និងត្រូវបានតែងតាំង​ជាអនុប្រធាននាយកប្រតិបត្តិ​នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១១ ។ ឧកញ៉ា ជាធុរជនខ្មែរមានភាពស្វាហាប់ និងប្រជាប្រិយមួយរូប ព្រម​ទាំង​មានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងការគ្រប់គ្រងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ឧកញ៉ា បានចូលរួម​ពង្រីក​អាជីវកម្ម និងវិនិយោគក្នុងវិស័យជាច្រើនរួមមានវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុជាដើម ។

ឧកញ៉ា មានមុខតំណែង និងតួនាទីសំខាន់ៗផ្សេងទៀតដូចជា សមាជិកក្រុមប្រឹក្សាភិបាល​នៃគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ លី ហួរ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ លីស៊ីង។ ឧកញ៉ាបានខិតខំចូលរួម​ជម្រុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជនប្រកបដោយនិរន្តភាពតាមរយៈការវិនិយោគក្នុងប្រទេស។

២. ឧកញ៉ា លី សុភាព (កូនប្រុសទី២)៖ អនុប្រធាននាយកប្រតិបត្តិ ​ក្រុមហ៊ុន លី ហួរ គ្រុប

ឧកញ៉ា លី សុភាព កើតនៅខែមករា ឆ្នាំ១៩៨៣ និងត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិ​នៅថ្ងៃ​ទី២០ ខែកក្កដា ឆ្នាំ២០១១។ ឧកញ៉ា បានបញ្ចប់ការសិក្សាកម្រិតបរិញាបត្រជំនាញផ្នែកគណនេយ្យ នៅ​ប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៩៩។ ឧកញ៉ាក៏បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែករចនាប្រព័ន្ធ ពហុផ្សព្វផ្សាយ​ពីសាកលវិទ្យាល័យ Huddersfield University of Manchester ចក្រភពអង់គ្លេសក្នុងឆ្នាំ ២០០៤។

ឆ្នាំ២០១៦ ឧកញ៉ាត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ និងជានាយក​ប្រតិបត្តិក្រុមហ៊ុនរតនៈអលង្ការតាំងពីឆ្នាំ២០០៧។ លើសពីនេះ ឧកញ៉ាមានក្រុមហ៊ុនអាជីវកម្មមួយចំនួន​ទៀត រួមមានក្រុមហ៊ុន 3rd Generation ក្រុមហ៊ុនចែកចាយចំណីអាហារឈ្មោះ IKVM Distribution និងក្រុមហ៊ុនផ្តល់សេវាកម្មធនធានមនុស្សឈ្មោះ IG Consultant បង្កើតនៅឆ្នាំ២០០៩។

៣. ឧកញ៉ា លី សុភារី (កូនស្រីទី៣)៖ អនុប្រធាននាយកប្រតិបត្តិ ​ក្រុមហ៊ុន លី ហួរ គ្រុប

ឧកញ៉ា លី សុភារី ត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៅឆ្នាំ២០១១។ ឧកញ៉ាបានបញ្ចប់ការ​សិក្សានៅមជ្ឈមណ្ឌលអប់រំផ្នែកទេសចរណ៍ និងសណ្ឋាគារ ប្រទេសសឹង្ហបុរី ជាកន្លែងដែលឧកញ៉ាបាន​ទទួល​សញ្ញាបត្រជំនាញផ្នែកគ្រប់គ្រងសណ្ឋាគារក្នុងឆ្នាំ ២០១០។

ឧកញ៉ាជាធុរជនវ័យក្មេង និងស្វាហាប់ម្នាក់ ដោយបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនតាំងពីអាយុ២៤ឆ្នាំ និង​មានក្រុមហ៊ុនអាជីវកម្មមួយចំនួននៅក្នុងប្រទេសកម្ពុជា។ អាជីវកម្មដែលឧកញ៉ាបានវិនិយោគ​ក្រៅពី​ក្រុមហ៊ុន លី ហួរ គ្រុប រួមមាន អាជីវកម្មលក់គ្រឿងស្រវឹង និងភេសជ្ជៈ សេវាក្លឹបកំសាន្ត សាឡន ស្ប៉ា និងសេវាផ្នែកសម្ភស្សជាដើម។

គួរ​រំឭក​ថា ក្រុមហ៊ុនដែលជាបុត្រសម័្ពន្ធរបស់​ក្រុមហ៊ុនមេ​ លី​ ហួរ គ្រុប របស់មហាសេដ្ឋីនៅកម្ពុជា​រូបនេះ​រួមមាន៖ ក្រុមហ៊ុន លី ហួរ អ៉ិចឆេង, ក្រុមហ៊ុនសេវាបញ្ចាំ លីហួរ ផនសប, បុរីវិមានភ្នំពេញ ទាំង ១០គម្រោង​នៅក្នុងរាជធានីភ្នំពេញ, លី ហួរ លីស៊ីស ក្រុមហ៊ុនជួល លក់ និងផ្តល់ឥណទានសម្រាប់​ទិញ​រថយន្ត, ក្រុមហ៊ុនសេវាកម្មវេលុយទូទាំងប្រទេស លី ហួរ ផេប្រ៉ូ(លីហួរវេលុយ), ក្រុមហ៊ុនធនារ៉ាប់រង លី ហួរ, ក្រុមហ៊ុនវិនិយោគចម្រុះក្នុងផ្នែកកសិ-ឧស្សាហកម្ម ទេពី​អាហ្គ្រូ​ ដូចជា ដំណាំកៅស៊ូ និងគ្រាប់ស្វាយចន្ទី​ និងធនាគារ SBI លី ហួរ៕