តម្លៃមាសនៅកម្ពុជា បន្តធ្លាក់ចុះជិត១០០ដុល្លារ ក្នុងមួយតម្លឹង មកពីមូលហេតុ២យ៉ាង

សង្គម​ និង​សេដ្ឋកិច្ច

មួយ​រយៈពេល​ចុង​ក្រោយ​នេះ បើ​សង្កេត​មើល​ពី​តម្លៃ​មាស​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​តាំងពីតម្លៃដើម២,២០០ ដុល្លារ មកត្រឹម ២,០៩០ដុល្លារក្នុងមួយតម្លឹង ពោលគឺ បានធ្លាក់ចុះប្រមាណជិត១០០ដុល្លារឯណោះ ក្នុងមួយតម្លឹង។នេះបើតាមការឲ្យដឹងពីអ្នកជំនាញផ្នែកហាងឆេងមាស តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអ្នកជំនាញផ្នែកហាងឆេងមាស បានឲ្យដឹងថា ជាងមួយសប្តាហ៍ទៅហើយដែលតម្លៃហាងឆេងមាសនៅក្នុងប្រទេសកម្ពុជាបានបន្តដាំក្បាលចុះពោលគឺ ធ្លាក់ចុះប្រមាណជិត១០០ដុល្លារ ក្នុងមួយតម្លឹង។ការធ្លាក់ចុះនេះ គឺបណ្តាលមកពីមូលហេតុសំខាន់២យ៉ាង គឺការហក់ឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក និងស្របពេលដែលបណ្តាប្រទេសមួយចំនួននៅលើពិភពលោកបន្តបញ្ចេញមាសលក់។

ជាមួយគ្នានេះ លោក ឡុង សំណាង ​ប្រធាន ផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល ក៏បានបញ្ជាក់ដែរថា តម្លៃមាសនៅកម្ពុជានឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅសប្តាហ៍ក្រោយ ហើយការធ្លាក់ចុះនៃហាងឆេងមាសនេះ ក៏បានប៉ះពាល់ខ្លះដែរដល់ឈ្មួញកណ្តាលផង។

លោក ឡុង សំណាង បន្តដូច្នេះថា« ហេតុផលដែលបណ្តាលឱ្យតម្លៃហាងឆេងមាសធ្លាក់ចុះនៅទូទាំងលើពិភពលោកនិយាយដោយរួម និងនៅកម្ពុជានិយាយដោយឡែកបែបនេះគឺ ដោយសារតែធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកបានតំឡើងថ្លៃអត្រាការប្រាក់ខ្ពស់ជាងមុន ដើម្បីរក្សាតម្លៃលុយរបស់ខ្លួន និងកាត់បន្ថយអតិផរណាដែលកំពុងកើនឡើងក្នុងប្រទេស។ ហើយមួយផ្នែកតូចទៀតគឺ អាចបណ្តាលមកពីការបញ្ចេញមាសលក់ពីបណ្តាប្រទេសមួយចំនួននៅលើពិភពលោក»។

លោកថា តម្លៃមាសនៅកម្ពុជានៅតែបន្តធ្លាក់ចុះថែមទៀត គ្រាន់តែក្នុងចំនួនតិច និងច្រើន ដោយអាស្រ័យទៅលើទីផ្សារមាស និងសេដ្ឋកិច្ចនៅលើពិភពលោក។ យ៉ាងណា លោកយល់ថា ការបន្តធ្លាក់ចុះ វាក៏ជាកត្តាជះផលអវិជ្ជមាន ដល់ឈ្មួញកណ្តាល រឺហៅថា ម្ចាស់ហាងលក់មាសជាដើម។

សូមជម្រាបថា នៅលើទីផ្សារមាសអន្តរជាតិនាពេលបច្ចុប្បន្ន ការជួញដូរលើឧបករណ៍និស្សន្ទមាស១ឱន ដែលស្មើនឹងមាស៨ជី ៣ហ៊ុន មានតម្លៃ១,៧៤១ដុល្លារ ឬស្មើនឹងជាង២,០០៩ដុល្លារក្នុង១តម្លឹង៕