កម្ពុជា នាំចេញ​អង្ករ​ជាង ៦២ម៉ឺន​តោ​ន ទៅ​កាន់ ៥៩​ប្រទេ​ស​ឆ្នាំ ២០១៩

សង្គម​និង​សេដ្ឋកិច្ច
0 Shares

ភ្នំពេញ ៖ កម្ពុជា បាននាំចេញអង្ករជាង ៦២ម៉ឺនតោន ទៅកាន់ ៥៩ប្រទេស នៅឆ្នាំ ២០១៩។ ក្នុងនោះ នាំចេញទៅប្រទេសចិនច្រើនជាងគេ ពោលគឺ ៤០,៧៣%។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មបង្ហាញនៅក្នុងសន្និសីទស្តីពី បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងកសិកម្ម ព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២០។

ការនាំចេញផលិតផលកសិកម្មសរុបនៅឆ្នាំ ២០១៩ មានប្រមាណជិត ៥លានតោន ក្នុងនោះ ការនាំចេញអង្ករជាផ្លូវការមានប្រមាណ ៦២ម៉ឺនតោន ធ្លាក់ចុះ ០,៩% បើធៀបនឹងឆ្នាំ ២០១៨។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសន្និសីទស្តីអំ​ពី«បច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់ក្រសួងកសិកម្ម នៅទីស្តីការគណៈរដ្ឋមន្រ្តី។ ឯកឧត្តមបន្តថា អង្ករកម្ពុជា បាននាំចេញទៅកាន់ប្រទេសចំនួន ៥៩ ក្នុងនោះប្រទេសចិន មានប្រមាន ៤០,៧៣% អឺរ៉ុប ៣២,០១% អាស៊ាន ១៣,៤១% និងប្រទេសផ្សេងៗទៀត ១៣,៨៤% តាមរយៈក្រុមហ៊ុននាំចេញ ចំនួន ៨៩ក្រុមហ៊ុន។ ចំណែកស្រូវនាំចេញក្រៅ​ផ្លូវការទៅ​កាន់ប្រទេសវៀតណាម មានចំនួន ២,១៥លានតោន។

តាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញអំពីបញ្ហាប្រឈម​មួយចំនួននៅ​កម្ពុជា មានដូចជា កសិកម្មពឹងផ្អែកខ្លាំងលើកត្តាអាកាសធាតុ(ទឹកជំនន់ រាំងស្ងួត ព្រមទាំងការបំផ្លាញដោយជំងឺ និងសត្វល្អិត)។ កសិករនៅជួបបញ្ហាផលិតភាព គុណភាពទាប និងពិបាកក្នុងការប្រកួតប្រជែងជាមួយផលិតផលកសិកម្មពីបរទេស។ កត្តាបច្ចេកទេសមិនទាន់គ្រប់គ្រាន់ ថ្លៃដើមផលិតខ្ពស់រួមកង្វះពលកម្មកសិ​កម្មនៅ​មូលដ្ឋានផលិត។ ខ្វះខាតដើមទុន ផលិតជាទ្រង់ទ្រាយធំ ឬកសិដ្ឋានធំ។

អ្នកនាំពាក្យក្រសួងកសិកម្ម បានឲ្យដឹងថា គោលដៅយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម គឺជំរុញកំណើនផលិផលកសិកម្មក្នុងរង្វង់៥%/ឆ្នាំ ត្រូវកើនពី ២៧លានតោន ឆ្នាំ២០១៧ ដល់ ៣៦លានតោន នៅឆ្នាំ​ ២០២៣។ ចំពោះការនាំចេញផលិតផលកសិកម្មត្រូវជំរុញ ឲ្យកើនដល់ ៧%ក្នុង១ឆ្នាំ ពោលគឺកើនពី ៥,៨លានតោន នៅឆ្នាំ ២០១៩ ដល់ ៧,៧លានតោន នៅឆ្នាំ ២០២៣។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានគោលដៅបន្តគ្រប់​គ្រងព្រៃ​ឈើ និងសត្វព្រៃប្រកបដោយចីរភាព ចូលរួមថែរក្សាគម្របព្រៃឈើឲ្យបានល្អប្រសើរ និងបង្កើនចំណូលរបស់សហគមន៍ព្រៃឈើឲ្យកើន ២០% ក្នុងមួយឆ្នាំ ពិសេសជំ​រុញការស្តាព្រៃឈើឡើងវិញ ដោយអនុវត្តនូវវិធានការចាំបាច់នានា ដើម្បចូល​រួមចំណែកធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីមានចីរភាព៕

0 Shares