ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីណែនាំឲ្យផ្អាកការសាងសង់ស្ថានីយប្រេងឥន្ធនៈមួយកន្លែងដែលមានស្លាកយីហោ «ភីធីធី ទួលទំពូង» ស្ថិតនៅភូមិ១ សង្កាត់ទួលទំពូង ខណ្ឌចំការមន ក្រោយរកឃើញសាងសង់មិនសមស្របតាមប្លង់បច្ចេកទេស។
នៅក្នុងលិខិតមួយច្បាប់របស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ស្ថានីយប្រេងឥន្ធនៈដែលមានម្ចាស់ឈ្មោះ រស់ រដ្ឋា កំពុងសាងសង់មិនសមស្របតាមប្លង់បច្ចេកទេសរៀបចំសុវត្ថិភាពស្ថានីយ ដែលត្រឹមត្រូវតាមសារាចរ របស់ក្រសួងរ៉ែ និងថាមពល។
ក្រសួងរ៉ែ និងថាមពល ណែនាំឱ្យម្ចាស់ស្ថានីយត្រូវធ្វើការសាងសង់ស្ថានីយឱ្យបានសមស្របតាមប្លង់បច្ចេកទេសរៀបចំសុវត្ថិភាពស្ថានីយដែលក្រសួងបានឯកភាព និងកែសម្រួលលក្ខណៈបច្ចេកទេសដែលបានសាងសង់រួចឱ្យបានត្រឹមត្រូវតាមចំណុចខាងក្រោមនេះ៖
*ទី១៖ ទីតាំងពោងកប់ប្រេងឥន្ធនៈ ត្រូវស្ថិតនៅចម្ងាយអប្បបរមា ៦ម៉ែត្រពីលំនៅដ្ឋាន
*ទី២៖ ត្រូវសង់របងជញ្ជាំងបាំងជិតធ្វើពីវត្ថុធាតុមិនងាយឆាបឆេះ និងមានកម្ពស់អប្បបរមា ៣ម៉ែត្រ នៅរបងព្រំដីស្ថានីយដែលជាប់នឹងព្រំដីលំនៅដ្ឋាន (ប៉ែកខាងត្បូង)។
ក្នុងករណីម្ចាស់ស្ថានីយ ធ្វើការកែសម្រួលលក្ខណៈបច្ចេកទេសដូចបានរៀបរាប់ខាងលើ ការរៀបចំលក្ខណៈបច្ចេកទេសសុវត្ថិភាពស្ថានីយនេះ នឹងមានភាពសមស្របតាមសារាចររបស់ក្រសួងរ៉ែ និងថាមពល៕