ឧកញ៉ា ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ទើបទិញរថយន្តទំនើបលំដាប់សេដ្ឋី Rolls-Royce Cullinan ស៊េរីឆ្នាំ២០២២។ នេះបើតាមប្រភពច្បាស់ការមួយ ដែលឧកញ៉ាញូស៍ ទើបទទួលបាននៅព្រឹកថ្ងៃពុធនេះ។

សូមបញ្ជាក់ថា ឧកញ៉ា ហេង ឡុង ជាបុគ្គលម្នាក់ដែលបានជួយការងារសង្គមជាច្រើនជាមួយរដ្ឋាភិបាល ហើយជានិច្ចកាល លោកតែងតែចេញមុខជួយដោះស្រាយបញ្ហាទុក្ខលំបាក តាមរយៈការឧបត្ថម្ភដល់សិល្បករជើងចាស់ និងដោះស្រាយវិវាទតារាជាដើម។ លោកត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

រថយន្ត Rolls-Royce Cullinan ស៊េរីឆ្នាំ២០២២ ត្រូវបានរចនារូបរាងឡើងលក្ខណៈស៊ីវិល័យ និងខាងក្នុងកាន់តែទំនើបជាមួយនឹងមុខងារជាច្រើនលក្ខណៈឌីជីថល និងមានភាពស្ងប់ស្ងាត់ល្អ។ រថយន្តនេះ ត្រូវបានគេចាត់ទុកថា ជារថយន្តប្រភេទ SUV ដែលមានតម្លៃថ្លៃបំផុតមួយ (រាប់លានដុល្លារ) ហើយសម្រាប់ម្ចាស់ ជាអ្នកមានទ្រព្យសម្បត្តិលំដាប់សេដ្ឋី៕




