គ្រួសារ​មួយ​មានរូបមន្តធ្វើ​បង្អែមពិសេស ​មួយថ្ងៃលក់​ដាច់​ជាង ១ពាន់ចាន ចំណូល​វិញមិនក្រោម ៣០០ ដុល្លារ

អាជីវកម្ម

មុខរបរ​បង្អែមមើលឃើញពីក្រៅសមញ្ញ ដែលត្រូវការ​ភាព​អំណត់​ព្យាយាម​និង​​នឿយហត់បន្តិច តែ​ក៏តបស្នងមកវិញក្រាស់ក្រែល​តាម​រយៈ​ចំណូលប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខេត្តបាត់ដំបងក្រៅពីល្បីណែម ក្រូចពោធិ៍សាត់ និង​របស់ហូបចុកដ៏​សំបូរ​បែប និយាយពី​បង្អែមវិញ​ គ្រួសារ​មួយ​មាន​រូបមន្ត​ធ្វើបង្អែម​ពិសេស​​ប្លែក​ ដែល​អាច​លក់ដាច់​មួយថ្ងៃមិនក្រោម ១ ពាន់​ចាន ហើយ​ចំណូលវិញ​មិនក្រោម ៣០០ ដុល្លារ​ក្នុង​មួយថ្ងៃ។

លោក មុត ចាន់ធិ ដែល​រស់នៅ​ក្នុង​សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបងប្រាប់ឧកញ៉ាញូសន៍​ថា បង្អែម​ដែល​​គ្រួសារ​លោក​លក់​រាល់ថ្ងៃនេះ មួយថ្ងៃអាចលក់បានចូល ១០០០ ចាន ​ដែលមួយចានមានតម្លៃ ៥០០០រៀល។ 

លោក​បង្ហើប​រូបមន្ត​បង្អែមមួយប្រភេទហៅថា “បង្អែមនំដង្កូវ” ដែលជាស្នាដៃគ្រួសារ​របស់​លោក​ផ្ទាល់ ហើយ​ដែល​លក់​ដាច់​ទទួលការ​គាំទ្រ​បំផុត។

លោកបញ្ជាក់ថា រវាងនំបង្អែមទាំងអស់ ឃើញថាអតិថិជនពេញនិយមបង្អែមនំដង្កូវច្រើនជាងគេ ដោយភ្ញៀវពោល​ថា “ឆ្ញាញ់” គ្រប់គ្នា។ បង្អែមមួយមុខ​នេះ​ប្រើ​គ្រឿងផ្សំមានរសជាតិ ហើយក៏មានភាពលំបាកក្នុងការធ្វើផងដែរ។

ក្រៅពីការលក់បង្អែមនំដង្កូវ គ្រួសារ​បុរសនេះក៏មានលក់ អាកោខ្ទិះ សង់ខ្យាទុរេន បង្អែមដួងពោត ថែមទាំង មាន​នំខ្មែរផ្សេងទៀតដូចជា នំបាក់បិន នំបាយត្រៀប និងជាប្រភេទបង្អែមទឹកជាដើម។

បុរស​រូបនេះ​បន្ត​ថា បើគិតជាប្រាក់ចំណូលខ្ទង់ ៣០០ដុល្លារក្នុងមួយថ្ងៃ(ដាច់ខ្លាំង) បើមិនសូវដាច់ក្នុងមួយថ្ងៃត្រឹម ១០០ ដុល្លារ។

បុរសវ័យ២៧ឆ្នាំរូបនេះ ក៏បានបន្ថែមថា មុខ​របរធ្វើបង្អែមនេះ​ គ្រួសារ​របស់​លោក​ប្រកប​​ត​ពីដូនតា​មកម្ល៉េះ។ លោក មុត ចាន់ធិក ក៏មានក្តីរំពឹងថាពង្រីកឲ្យ​កាន់​តែធំឡើងបន្ថែមទៀត បើ​សិនថ្ងៃក្រោយ​ទទួលការ​គាំទ្រ​ច្រើន៕