ផ្ដើមពីរសជាតិ គុណភាព អនាម័យ សោភ័ណភាព បានធ្វើឱ្យហាងបុកល្ហុង TWO SISTERS ទទួលបានការគាំទ្រយ៉ាងខ្លាំងដែលត្រឹមតែ ២ ឆ្នាំ ត្បាល់បុក TWO SISTERS បានពង្រីកខ្លួនរហូតដល់ទៅ ៧ សាខា។
កញ្ញា គង់ ចាន់ដាវី ជាម្ចាស់ហាងត្បាល់បុក TWO SISTERS បានបង្ហើបប្រាប់ឧកញ៉ាញូស៍ថា ត្បាល់បុក TWO SISTERS ដំណើរការ ២ ឆ្នាំហើយ ដែលហាងនេះចាប់ផ្ដើមកំណើតក្នុងបរិបទកូវីដ-១៩ ដែលជាពេលហាងដទៃទៀតកំពុងតែដើរទៅរកការបិទទ្វារ។
ឆ្លើយតបដោយរីករាយ អាជីវករ៣៦ឆ្នាំ បានប្រាប់ឧកញ៉ាញូស៍ថា ហាងនេះគឺកញ្ញាបើកដោយខ្លួនឯងផ្ទាល់ ដែលគ្រាបើកដំបូងចាយអស់ដើមទុនប្រមាណជាង ២ម៉ឺនដុល្លារ។
ហាងត្បាល់បុក TWO SISTERS មានសេវាកម្មជាច្រើនដូចជា បុកល្ហុង ព្រមទាំងម្ហូបជាច្រើនមុខទៀតដូចជាបុកល្ហុងកូនកាត់បីសាសន៍គឺ ខ្មែរ ថៃ និងឡាវបញ្ចូលគ្នា និងមានក្ដាមអប់មីសួរ បាយឆាកាប៉ិ បាប៊ីខ្យូធូរអ៊ីនវ័ន ព្រមទាំងមានមុខម្ហូបជាច្រើនមុខទៀត។
បុកល្ហុង ៣ សាសន៍មានលក្ខណៈពិសេសជាច្រើនដូចជា គ្រប់ចាននៃបុកល្ហុងទាំងអស់គឺពណ៌ក្រហមដែលបានមកពីការផ្សំគ្រឿងបញ្ចូលគ្នាអមដោយបន្លែស្រស់ៗ។ មួយវិញទៀត ទឹកប្រហុកដែលដាក់ក្នុងបុកល្ហុងមិនមានក្លិនស្អុយ ឆ្អាប ឬក្លិនដែលប៉ះពាល់ដល់អារម្មណ៍អ្នកបរិភោគឡើយ។ ចំពោះទឹកប្រហុកឆ្លងកាត់ការរម្ងាស់ ៤ម៉ោង ការចម្រោះ៥តង់បន្ថែមទៀតដើម្បីធានាគុណភាពទឹកប្រហុក។
អាជីវករវ័យក្មេងសម្ដីផ្អែមបានបន្តថា ការសម្រេចចិត្តបើកអាជីវកម្មនេះឡើងព្រោះ កញ្ញាមានក្ដីស្រមៃចង់បើកទ្វារហាងបុកល្ហុងមួយដែលជាស្នាដៃពោរពេញដោយដោយគំនិតច្នៃប្រឌិតខ្ពស់។ ណាមួយចង់បង្ហាញស្នាដៃក្នុងការធ្វើទឹកប្រហុក ដែលគ្មានក្លិនប្រកបដោយរសជាតិឆ្ញាញ់អាចពិសាបានគ្រប់សាសន៍។
មកទល់ពេលបច្ចុប្បន្ន មុខរបរកំពុងដំណើរការមិនមានជាបញ្ហាចោទខ្លាំងនោះទេ។ បន្ថែមលើសពីនេះស្រ្តីដែលមានគំនិតជាសហគ្រិននេះ ក៏បានបង្ហាញពីការបើកទ្វារងចាំដល់បងប្អូនគ្រប់រូបដែលមានបំណងចង់រកស៊ី ក្នុងវិស័យបុកល្ហុងនេះផងដែរ។
បើតាមអ្នកជំនួញវ័យក្មេង ចំពោះអ្នកដែលមានបំណងចង់ទិញ ហ្វេនឆាយ ត្បាល់បុក TWO SISTERS មាន ២ កញ្ចប់ គឺមានកញ្ចប់ ៥០០០ ដុល្លារ និង ១០០០០ដុល្លារ។
កញ្ចប់ ៥០០០ដុល្លារ អាជីវករអាចទទួលបានទូរតាំង ២ រូបភាពដាក់លម្អហាង សម្ភារសម្រាប់ដំណើរការបុកល្ហុងជាច្រើនទៀត ដែលរួមមានគ្រឿងសាច់ ៧០ គីឡូក្រាម បន្លែ គ្រឿងទេស ត្បាល់ រួមទាំងសម្ភារជាច្រើនទៀត។ ដោយឡែកសម្រាប់កញ្ចប់ ១០០០០ដុល្លារ អាជីវករកាន់តែទទួលបានប្រម៉ូសិនពិសេសបន្ថែមទៀត។
អាជីវកររូបនេះបានរំពឹងទុកផងដែរថា ត្បាល់បុក TWO SISTERS នឹងទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនកម្ពុជា ព្រោះអាស្រ័យលើគុណភាព រសជាតិ គឺមានតែមួយគ្មានពីរឡើយ។ ទៅថ្ងៃអនាគត ត្បាល់បុក TWO SISTERS និងពង្រីកខ្លួនឱ្យបាន១០០សាខា ដែលពេលបច្ចុប្បន្ននេះ មាន៧សាខាហើយ៕