ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានធ្វើការណែនាំដល់ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត ឱ្យពង្រឹងលើសេវាអ៊ីនធើណេត ពិសេសនៅតាមតំបន់ទេសចរណ៍នានានៅទូទាំងប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត។
ការស្នើនេះត្រូវបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងក្នុងពិធីនោះ សម្តេច ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍ គឺជាវិស័យស្នូលរបស់ជាតិ ព្រោះវិស័យនេះ បានផ្តល់ឱកាសការងារឱ្យពលរដ្ឋ ពិសេសរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិមិនអាចខ្វះបាន។ហេតុនេះ ដើម្បីជំរុញឲ្យវិស័យទេសចរណ៍ កាន់តែមានសន្ទុះខ្លាំង ក្រោយវិបត្តិកូវីដ-១៩ ការផ្តល់នៅប្រព័ន្ធឌីជីខល ព័ត៌មានវិទ្យា ក៏ជាផ្នែកមួយផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋអាចទំនាក់ទំនងគ្នាបានយ៉ាងល្អប្រសើរផងដែរ។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានណែនាំដូច្នេះថា «ខ្ញុំសូមណែនាំដល់ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត ឱ្យពង្រឹងលើសេវាអ៊ីនធើណេត ពិសេសពង្រីកទៅកាន់តំបន និងកន្លែងទេសចរណ៍ឆ្ងាយៗ ដើម្បីជំរុញឲ្យភ្ញៀវទេសចរទៅកម្សាន្តកាន់តែច្រើន រួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍របស់យើង ហើយខ្ញុំក៏សូមឱ្យពិនិត្យប្រព័ន្ធ Wifi នៅតាមទីតាំងសណ្ឋាគារ ដែលមានតែ Wifi តែអត់ដើរផងដែរ»។
យ៉ាងណា តាមរយៈសន្និបាតនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ការងើបឡើងវិញទេសចរណ៍អន្តរជាតិអាស្រ័យលើកត្តាច្រើន។ លើសពីនេះ សម្តេច ក៏ផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជំរុញ និងបង្កើនទេសចរណ៍សហគមន៍ ឬទេសចរណ៍ផ្ទៃក្នុង ដើម្បីធានានិរន្តរភាពជីវភាពពលរដ្ឋ និងធនធានធម្មជាតិនៅតំបន់ទេសចរណ៍នានាទាំងនោះផងដែរ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រព័ន្ធទូរស័ព្ទ និងសេវាអ៊ីនធើណេត អាចទុកបានថា ជាឧបករណ៍ដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ការរស់នៅរបស់ប្រជាជននៅលើពិភពលោក រួមទាំងកម្ពុជាផង ដោយសារតែវាមានភាពងាយស្រួលក្នុងការស្វែងរកអ្វីមួយដែលយើងចង់បាន ពិសេសប្រើប្រាស់សម្រាប់ការប្រាស្រ័យទាក់ទងនានា៕
អត្ថបទ៖ រង្សី