មីជាតិបានចាប់ផ្តើមចេញចរាចរលើទីផ្សារកម្ពុជាបានជិត ៣ ឆ្នាំតាំងពីឆ្នាំ ២០១៩។ ដោយមានរោងចក្រផលិតនៅសង្កាត់គោករការ ខណ្ឌពោធិសែនជ័យ នេះជាយីហោមីខ្មែរទីពីរ បន្ទាប់ពីមីយើងដែលជាយីហោមីក្នុងស្រុកដំបូងគេដែលវិនិយោគដោយក្រុមហ៊ុន ម៉ែន សារុន។
វត្តមាននៃមីជាតិគឺជាមោទនភាពថ្មីរបស់កម្ពុជាក៏ដូចជាប្រជាជនខ្មែរ ដែលមានស្លាកយីហោមីក្នុងស្រុកតំណាងឲ្យផលិតផលជាតិ។
ដំណើរការផលិត”មីជាតិ”
មីជាតិ ត្រូវបានផលិតដោយប្រើបច្ចេកវិទ្យា និងម៉ាស៊ីនជប៉ុនទំនើបចុងក្រោយ ព្រមជាមួយកម្មវិធីគ្រប់គ្រង និងពិនិត្យយ៉ាងម៉ត់ចត់ នៅគ្រប់ដំណាក់កាលនៃសង្វាក់ផលិតកម្ម ចាប់តាំងពីគ្រឿងផ្សំ ដំណើរការផលិត និងការវេចខ្ចប់ដើម្បីទទួលបាននូវផលិតផលសម្រេចប្រកបដោយគុណភាពស្ដង់ដារ និងសុវត្ថិភាព។ មីជាតិប្រើប្រាស់វត្ថុធាតុដើម ដែលមានគុណភាពខ្ពស់ សម្រិតសម្រាំងទាំងក្នុងស្រុក និងក្រៅប្រទេស។ ម្សៅសាលី ស្ករ ខ្ទឹម ម្រេច ឈើអែម ប្រេងរុក្ខជាតិ និងម្សៅស៊ុបត្រូវបាននាំចូលពីប្រទេស អូស្រ្ដាលី សឹង្ហបុរី ថៃ និង ម៉ាឡេស៊ី។
មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ
មីជាតិ ជាផលិតផលរសជាតិបែបខ្មែរដំបូងគេ ផលិតដោយអ្នកជំនាញខ្មែរ។ មីជាតិ ត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺមីជាតិខគោ មីជាតិសាច់ជ្រូកចិញ្រ្ចាំ និងមីជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ ដូចទៅនឹងពាក្យស្លោករបស់មីជាតិ ដែលថា “ស្នាដៃខ្មែរ រសជាតិខ្មែរ”។
មីជាតិឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ
ស្របពេលមានការទទួលស្គាល់លើគុណភាព និងរសជាតិឆ្ងាញ់ មីជាតិជាផលិតមីកញ្ចប់ខ្មែរដំបូងគេ បាននាំចេញផលិតផលទៅកាន់ទីផ្សារប្រទេសវៀតណាម។ នេះជាវឌ្ឍនភាពថ្មីដ៏អស្ចារ្យមួយទៀតក្នុងការពង្រីកវិសាលភាពផលិតផលខ្មែរចូលក្នុងទីផ្សារថ្នាក់តំបន់។
ការបើកទំព័រនៃដំណើរថ្មីរបស់ផលិតផលមីជាតិ ឆ្លុះបញ្ចាំងពីការជឿជាក់លើគុណភាពផលិតផលមីជាតិ នៅក្នុងកម្រិតស្តង់អន្តរជាតិមួយ ស្របជាមួយតម្រូវការទីផ្សារក្នុងប្រទេសជិតខាងផងដែរ។ សម្រាប់ផលិតផលមីជាតិក្នុងការបង្ហាញខ្លួនលើទីផ្សារអន្តរជាតិ ក៏ស្របពេលដែលមីរបស់ខ្មែរនេះបានការទទួលស្គាល់រួចជាស្រេចពីសំណាក់ប្រជាជនកម្ពុជា។
មីជាតិ ជាមីកញ្ចប់ខ្មែរដំបូងគេ ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិពីចក្រភពអង់គ្លេស
មីជាតិជាមីកញ្ចប់ខ្មែរដំបូងគេ ដែលទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ពីចក្រភពអង់គ្លេសនៅឆ្នាំ២០២២។ ស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS បានបញ្ជាក់ថា មីជាតិជាផលិតមីកញ្ចប់ឆ្អិនស្រាប់ទីមួយនៅប្រទេសកម្ពុជា ដែលបានអនុវត្តតាមបទដ្ឋានចំណីអាហារអន្តរជាតិ រហូតទទួលបានការធ្វើសវនកម្មខាងក្នុងនិងខាងក្រៅ ជាប់ជាស្ថាពរ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ GHPs, HACCP និង ISO 9001:2015 ទទួលស្គាល់ពីស្ថាប័ន SGS និង UKAS។ ការទទួលស្គាល់នេះនឹងធ្វើឲ្យដៃគូអាជីវកម្ម អ្នកប្រើប្រាស់ និងពិសាផលិតផលមីជាតិ កាន់តែមានទំនុកចិត្ត ទៅលើផលិតផល គុណភាព អនាម័យនៃផលិតផលមីជាតិ។
សាររបស់អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន
លោកជំទាវ ជីង សុគន្ធាវី អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានថ្លែងថា មីជាតិ ជាម៉ាកផលិតផលមីរបស់ប្រជាជនខ្មែរផ្ទាល់ ជាមួយនឹងផលិតផលគុណភាពខ្ពស់ មានរសជាតិបែបខ្មែរ សម្រាប់ប្រជាជនខ្មែរ។ មីជាតិ ចាប់ផ្តើមឡើងពីក្តីសុបិនមួយ ដើម្បីបង្កើតនូវរសនិយមអាហារដែលឈ្ងុយឆ្ងាញ់របស់ខ្មែរពិតប្រាកដ។ ថ្ងៃនេះ យើងបានសម្រេចក្តីសុបិនមួយនេះ។ យើងមានមោទនភាពខ្លាំងណាស់ ដែលបានបង្កើតនូវរសជាតិមីបីប្រភេទខុសៗគ្នាគឺ សាច់ជ្រូកចិញ្ច្រាំ ស៊ុបមាន់ និងខគោ ដែលជារសជាតិបែបខ្មែរដំបូងគេនៅក្នុងប្រទេសកម្ពុជា។
លោកជំទាវបានគូសបញ្ជាក់បន្ថែមថា គ្មានអ្នកណា គាំទ្រផលិតផលខ្មែរក្រៅពីខ្មែរនោះទេ។ ដូច្នេះ ដើម្បីការរីកចម្រើនរបស់ខ្មែរ ដើម្បីកូនចៅជំនាន់ក្រោយរបស់ខ្មែរ និងដើម្បីមោទនភាពកិត្តិយសរបស់ខ្មែរ យើងជាកូនខ្មែរត្រូវគាំទ្រ និងរួមគ្នាជួយលើកកម្ពស់ផលិតផលខ្មែរនៅលើទីផ្សារ ដើម្បីវឌ្ឍនភាពរបស់កម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង ដែលជាក្រុមហ៊ុនផលិតមីជាតិ បង្កើតឡើងក្នុងឆ្នាំ២០១៩ ជាបុត្រសម័្ពន្ធរបស់ក្រុមហ៊ុន វ័ន ម៉រ លីមីធីត រួមមាន ក្រុមហ៊ុន អិន វី ស៊ី ខបភើរេសិន (ផលិតទឹកពិសាវីតាល់) ក្រុមហ៊ុន វ័ន ម៉រ មេនូហ្វេកឆឺរីង (ផលិតមីជាតិ) ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ភោជនីយដ្ឋាន វ័ន ម៉រ និងសហគ្រាសឱសថកម្ពុជា៕